ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមករា និងលើកទិសដៅ សម្រាប់ អនុវត្តបន្តឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យ សកម្មភាពការងារ កន្លងមក និងដាក់ចេញ ផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។
កិច្ចប្រជុំនេះ បានផ្ដោតលើរបៀបវារៈ រួមមានៈ ១. មតិស្វាគមន៍របស់ប្រធានអង្គប្រជុំ , ២. អានសេចក្តីព្រាង និងកំណត់ហេតុ កិច្ចប្រជុំ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំ ពិនិត្យ និងអនុម័ត ផែនការសកម្មភាព , ៣.ពិនិត្យ និងស្ដាប់របាយការណ៍ លទ្ធផលការងារ ពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធ។
បន្ទាប់ពីស្ដាប់របាយការណ៍ របស់អង្គប្រជុំរួចមក លោកស្រី តុង ណារី ប្រធានគណៈ កម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត និងជាសមាជិកា ក្រុមប្រឹក្សាខេត្ត កំពង់ឆ្នាំង និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ថាៈ ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាព ក្នុងការអនុវត្តការងារ សម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មា ធិការបានប្រគល់ជូន សមាជិកទាំងអស់ ត្រូវមានការសហការគ្នា ឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នក រស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ៕/V