ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសអញ្ជើញជួបពិភាក្សាការ ងារជាមួយលោក នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាតាមរយៈប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានអាស៊ានបានអំពាវនាវ៤ ចំណុចទៅកាន់នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ។

 

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖នៅក្នុងជំនួបពិភាក្សាការងារនោះមេដឹកនាំទាំងពីរ បានផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ។

លោកបន្តថានៅក្នុងជំនួបនេះអ្វីដែលសំខាន់គឺសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមប្រធានអាស៊ានបានធ្វើការអំពាវនាវចំពោះនាយឧត្ដមសេនីយ៍ មីន អោងឡាំង ដែល មាន៤ចំណុច៖ទីមួយ.សម្ដេចតេជោនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ខិតខំអនុវត្តនៅកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុច ដែលមេដឹកនាំអាស៊ានបានឯកភាពគ្នាការពីខែមេសាឆ្នាំ២០២១កន្លងទៅនេះរួមទាំងលោកនាយឧត្ដមសេនីយ៍ជាន់ខ្ពស់មីន អោងឡាំង ខ្លួនឯងផងដែរ ។

ទីពីរ.ស្នើសុំឲ្យ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង បង្កលក្ខណៈធ្វើយ៉ាងណាឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានអាចទៅទស្សនកិច្ចនៅមីយ៉ា ន់ម៉ាជាលើកដំបូងនៅពេល ខាងមុខ។

ទីបី.អំពាវនាវឲ្យភាគីទាំងអស់រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ាផងដែរត្រូវតែបញ្ឈប់អំពើហិង្សានិងឈានឆ្ពោះទៅដល់បទឈប់បាញ់។សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងនាមប្រធានអាស៊ានបានសម្ដែងនូវការបារម្ភចំពោះអំពើហិង្សាក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់មីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ និង៨មករាឆ្នាំ២០២២ ហើយស្នើសុំធ្វើយ៉ាងណាឱ្យភាគីទាំងអស់បង្ហាញភាពអត់ធ្មត់ដើម្បីធ្វើយ៉ាងណាឈានទៅដល់បទឈប់បាញ់នេះ​ ។

ទីបួន.សម្តេចតេជោនាយករដ្ឋមន្រ្តីបានសុំអញ្ជើញ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង មកចូលរួមជាមួយបណ្ដាប្រទេសអាស៊ានក្នុងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការបំផុត ដូចអ្វីដែលសម្ដេចធ្លាប់បានលើកជាមួយនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង នៅក្នុងជំនួបថ្ងៃទី ៧ មករា ២០២២ នៅរាជធានីណៃពិដោរ ។

សម្ដេចតេជោបានអំពាវនាវនេះក្នុងការជំរុញការងារនេះជាពិសេសជាមួយនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ហើយអ្វីដែលចង់បញ្ជាក់នេះគឺ សម្តេចតេជោនាយករដ្ឋមន្ត្រីស្នើសុំអំពាវនាវនេះធ្វើយ៉ាងណាឱ្យនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង យកចិត្តទុកដាក់លើការអំពាវនាវ ៤ ចំណុ ច នេះ ៕