​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រេង​កំពុង​ឡើងថ្លៃ​ឆ្ពោះទៅកាន់​តំលៃ​៨៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពី​ថ្ងៃ​ពុធ​ទី​២៦​មករា ដែល​ជា​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៧​ឆ្នាំ​មកនេះ ។​ការ​ឡើងថ្លៃ​នេះ​មួយ​ផ្នែក​មកពី​​ការផ្គត់ផ្គង់​មិន​គ្រប់ និង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​នៅ​អឺរ៉ុប​និង​នៅ​មជ្ឈិមបូព៌ា ដែល​បង្ក​អោយ​មាន​ការ​បារម្ភ​អំពី​ការរំខាន​ក្នុង​ការផ្គត់ផ្គង់​ប្រេង​ថែម​ទៀត​។​

​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជា​បុគ្គល​លើ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​បើសិនជា​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុ​យក្រែន​។​កាលពី​​ថ្ងៃ​ចន្ទ​ចលនា​ហូ​ធី​នៃ​ប្រទេស​យេ​ម៉ែន បាន​បាញ់​កាំជ្រួច​ដាក់​មូលដ្ឋានទ័ព​មួយ​នៅ​អារ៉ាប់​រួម​អេ​មី​រ៉េត​(​សហភាព​អារ៉ាប់​រួម )​។​

​ស្ទេ​ហ្វិន ប្រេន​ណុ​ក​(Stephen Brennock)​ឈ្មួញ​ជើងសារ​ប្រេង​នៅ​ក្រុមហ៊ុន​PVM​បាន​និយាយថា « ការព្រួយបារម្ភ​អំពី​ការរំខាន​លើ​ការផ្គត់ផ្គង់​នៅ​មជ្ឈិមបូព៌ា​និង​រុស្ស៊ី កំពុង​ផ្តល់​ចំណី​ដ៏​ឆ្ងាញ់​ដល់​​ទីផ្សារ​ប្រេង​»​។​

​ប្រេង​ឆៅ​ផ្សារ​Brent បាន​ឡើង​៦១​សេន ដល់​៨៨,៨១​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​កាលពី​ថ្ងៃ​២០​មករា វា​ឡើង​ដល់​៨៩,៥០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ជា​ថ្លៃ​ខ្ពស់​បំផុត​ធៀប​នឹង​ថ្លៃ​នានា​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៤​។​

​ប្រេង​នៅ​ផ្សារ West Texas Intermediate (WTI)​នៅ​អាម៉េរិក​បាន​ឡើង​២៥​សេន ដល់​៨៥,៨៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​ហ៊ី​រ៉ូ​យូគី គី​គូ​កា​វ៉ា អគ្គនាយក​នៅ​ក្រុមហ៊ុន​Nissan Securities​បាន​និយាយថា « ការដាំ​ក្បាល​ចុះ​មក​វិញ​សំរាប់​ទីផ្សារ​នេះ​មាន​កំរិត ដោយសារ​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​អ៊ុ​យក្រែន និង​ការ​គំរាម​​ហេដ្ឋារចនាសម្ពន្ធ​នៅ​សហភាពអារ៉ាប់​រួម​»​។​

​នៅពេល​ពេល​ចេះ​ទេ​ឡើងថ្លៃ ឥឡូវ​គេ​ចាំ​មើល​កិច្ចប្រជុំ​របស់​អង្គការ​ប្រទេស​នាំចេញ​ប្រេង​និង​សម្ពន្ធមិត្ត​ហៅថា OPEC+​នៅ​ថ្ងៃ​២​កុម្ភៈ​ដើម្បី​ពិចារណា​ការបង្កើន​ផលិតកម្ម​ប្រេង​៕

សភាពការណ៍រុស្ស៊ីនិងអ៊ុយក្រែននាំអោយប្រេងឡើងថ្លៃ