ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ពី​
​គោលបំណង​នៃ​ការបង្កើត​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ថា​មិនមែនជា​រឿង​ចៃដន្យ​នោះទេ​ដ្បិត​ក្រសួងមហាផ្ទៃ​បាន​យកចិត្ត​ទុក​ចំពោះ​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ស៊ីវិល តាំងពី​ពេល​បង្កើត​ក្រសួងមហាផ្ទៃ​ឆ្នាំ​១៩៩៣ មកម្ល៉េះ​។ ការបង្កើត​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន គឺ​ដើម្បី​ទទួលខុសត្រូវ​ការរៀប​ចំការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ស៊ីវិល​។​

​ការបញ្ជាក់​របស់​សម្ដេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​នាយក​សាលា នាយករង​សាលា និង​ប្រធាន​នាយកដ្ឋាន នៃ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២​។​

​សម្ដេច​ក្រឡាហោម​បាន​បន្ថែមថា ជាមួយ​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ដែល​សម្រេច​បានជា​បន្តបន្ទាប់​មកនេះ នៅថ្ងៃនេះ​ក៏​ជា​របត់​ថ្មី​មួយទៀត​សម្រាប់​ក្រសួងមហាផ្ទៃ ដែល​បង្កើត​អង្គភាព​ថ្មី​មួយ​មាន​ថ្នាក់​ស្មើ​អគ្គនាយកដ្ឋាន គឺ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ដើម្បី​ទទួលខុសត្រូវ​ការរៀប​ចំការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ស៊ីវិល នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ និង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមទាំង​ការអភិវឌ្ឍ​សមត្ថភាព​ក្រុមប្រឹក្សា​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​។​

​សម្ដេច​ក្រឡាហោម បាន​រម្លឹកថា ការបង្កើត​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ ដ្បិត​ក្រសួងមហាផ្ទៃ​បាន​យកចិត្ត​ទុក​ចំពោះ​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ស៊ីវិល តាំងពី​ពេល​បង្កើត​ក្រសួងមហាផ្ទៃ​ឆ្នាំ​១៩៩៣​មកម្ល៉េះ​។​

សម្ដ​ច រម្លឹក​បន្តថា​នៅពេល​បង្កើត​ក្រសួងមហាផ្ទៃ​ហើយ​នោះ សម្ដេច​ក៏ត្រូវ​បាន​គណ​បក្ស និង​រាជរដ្ឋាភិបាល ផ្ដល់​សេចក្ដីទុកចិត្ត​ឱ្យធ្វើជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចាប់ពីពេលនោះ​និង​ក៏បាន​យកចិត្តទុកដាក់​គិតគូ​អំពី​ការរៀបចំ​ឱ្យមាន​សាលា​ជាតិ​រដ្ឋបាល ដោយ​បង្កើត​សាលា​ភូមិន្ទ​រដ្ឋបាល ដែល​នៅក្បែរ​ក្រសួងមហាផ្ទៃ​មកដល់​សព្វថ្ងៃនេះ​។ ក្រោយមក​ក៏បាន​ប្រគល់​សាលា​ភូមិន្ទ​រដ្ឋបាល​នេះ​ឱ្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​គ្រប់គ្រង​និង​ចុងក្រោយ​ក៏ត្រូវ​បានប្រគល់​ឱ្យ​ស្ថិតក្រោម​ក្រសួង​មុខងារសាធារណៈ​។​

​សម្ដេច​ក្រឡាហោម​បាន​បន្ថែមថា សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ដែល​ប្រកា​សនា​ថ្ងៃនេះ បានដាក់​គម្រោង​រៀបចំ​សាងសង់​អគារសិក្សា និង​អគារ​អន្តេវាសិកដ្ឋាន មាន​ទីតាំងនៅ​ភូមិ​ត្រពាំងវែង សង្កាត់​គោក​រការ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ម្រោ​ង​នេះ អាច​នឹង​បញ្ចប់​នៅក្នុង​រង្វង់​ឆ្នាំ​២០២៤ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទី​ភ្នា​ក់​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(​ចៃ​កា​, JICA)​។​សម្ដេច​បាន​ជំរុញ​ភាគី​ពាក់ព័ន្ធ​ព​ន្លឿ​ន​គម្រោង​សាងសង់​នេះ និង​ធ្វើឱ្យ​សម្រេចបាន​តាម​ផែនការ​។​

​សម្ដេច​ក៏បានផ្ដល់​អនុ​សាសន៍​ឱ្យ​ថ្នាក់ដឹកនាំ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន យកចិត្តទុកដាក់​លើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ការបណ្ដុះបណ្ដាល​បែប​ជាក់ស្ដែង​ជាជាង​ទ្រឹស្ដី យកចិត្តទុកដាក់​រៀប​ចំ​បរិយាកាស​ល្អៗ​និង​ប្រកបដោយ​គុណប្រយោជន៍ ខិតខំ​ពង្រឹង​និង​អភិវឌ្ឍន៍​ការងារ​ស្រាវជ្រាវ​នានា ព្រមទាំង​ពង្រឹង​កិច្ចសហការ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់ភាគី​។ ស​ម្ដេចក៏​ស្នើឱ្យ​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ផ្ដល់​កិច្ចសហការ និង​គាំទ្រ​ដល់​ដំណើរការ​របស់​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​។
​សម្ដេច​ក្រឡាហោម ស ខេង ក៏បានផ្ដល់​អនុសាសន៍​ឱ្យ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន គិតគូ​ឱ្យបាន​រួចរាល់​ពី​ឥឡូវនេះ​ទៅ ពាក់ព័ន្ធ​នឹង​ការផ្ដល់​ការលើកទឹកចិត្ត​ជូន​សាស្ត្រាចារ្យ និង​គ្រូបង្រៀន ដូចដែល​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា​បានរៀបចំ​រួចរាល់ ពាក់ព័ន្ធ​នឹង​ការផ្ដល់​តួនាទី និង​កម្រិត​ថ្នាក់​ជូន​ពួកគាត់ ដោយ​សម្ដេច​បន្តថា​ការរៀបចំ​ការងារ​នេះ​បានល្អ នឹង​អាច​ផ្ដល់ឱកាស​ឱ្យ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន មាន​ទាំង​និរន្តរភាព ព្រមទាំង​អាច​ប្រមូលបាន​អ្នកចេះដឹង​មក​ចូលរួម​បណ្ដុះបណ្ដាល​មន្ត្រី​ផងដែរ​៕សរន