ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក Nasser BOURITA រដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការអាហ្វ្រិកនិងជនអន្តោប្រវេសន៍ ម៉ារ៉ុកនៃព្រះរាជាណាចក្រម៉ារ៉ុកបានបញ្ជាក់ថា នឹងជួយជំរុញប្រទេសដទៃឱ្យគាំទ្រកម្ពុជាចំពោះបេក្ខភាពកម្ពុជាជាសមាជិក សង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម(OIC)និងបានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ម៉ារ៉ុក ក្នុងការធ្វើជាស្ពានតភា្ជប់រវាងកម្ពុជា និងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជាជាមួយបណ្តាប្រទេស អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងជំនួបតាមប្រព័ន្ធវីដេអូ(រូបថតក្រសួងការបរទេស)
ចំណុចទាំងឡាយនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។
ប្រភពក្រសួងការបរទសបានបញ្ជាក់ថាចំពោះបេក្ខភាពកម្ពុជាជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) លោក BOURITA បានបញ្ជាក់ថា ម៉ារ៉ុកនឹងជួយជំរុញប្រទេសដទៃឱ្យគាំទ្រកម្ពុជា។ ជាងនេះទៅទៀត ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ លោក BOURITA បានអញ្ជើញ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសអញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសម៉ារ៉ុកក្នុងឆ្នាំនេះ។
ប្រភពដដែលបន្តថា ជាការឆ្លើយតបឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់លោកBOURITA ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងការស្វែងរកការគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកសង្កេត ការណ៍នៃអង្គការ OIC និងបានឯកភាពអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុកដោយក្តីរីករាយ។លោក នឹងពិនិត្យរកពេលវេលាសមស្របណាមួយក្នុងពេលវេលាដ៏មមាញឹកនៃ កិច្ចប្រជុំអាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងជំនួបតាមប្រព័ន្ធវីដេអូ(រូបថតក្រសួងការបរទេស)
ចំពោះការវិវត្តសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោក Nasser BOURITA អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សំដៅជំរុញការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងបានគូសបញ្ជាក់អំពីគោលបំណងតែមួយគត់របស់កម្ពុជា គឺជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និង ការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការនៃកិច្ចចរចា។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ជម្រាបជូនសមភាគីអំពីអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការឆ្លើយ តបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមានការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពនូវជំងឺរាតត្បាតកូវីដ-១៩ និងដំណើរការស្ដារឡើងវិញប្រកបដោយ បរិយាប័ន្ន ការគ្រប់គ្រងបញ្ហាដែលជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹង ភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន៕សរន
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងជំនួបតាមប្រព័ន្ធវីដេអូ(រូបថតក្រសួងការបរទេស)