ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​«​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ​លើ​កិច្ចការ​បរិស្ថាន និង​ការអភិវឌ្ឍ ដោយ​ចីរភាព​បាននិងកំពុង​បន្ត​ជំរុញ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ ដៃគូ អភិវឌ្ឍន៍​និង​អ្នកជំនាញ​ពាក់ព័ន្ធ ដោយ​ផ្ដោតលើ​ការចូលរួម​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច ការរៀបចំ​សង្គម​កម្ពុជា​សម្រប​ទៅនឹង​និន្នាការ​សកល និង ការធានាបាន​នូវ​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​និរន្តរភាព ភាព​បៃតង បរិ​យា​ប័ន្ន និង​តុល្យភាព​រវាង​អាទិភាព​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅក្នុង​ជំនួប តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ជាមួយ​លោក ស្តេ​ហ្វានឌ័​រ​ខុន​(Stefan Dercon )​ទីប្រឹក្សា​គោលនយោបាយ នៃ​រដ្ឋមន្ត្រី ការបរទេស កំ​មិន​វេ​ល និង​អភិវឌ្ឍន៍ នៃ​ចក្រភព​អង់គ្លេស កាលពី​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២​។​

រូបថតៈលោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅក្នុង​ជំនួប តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ជាមួយ​លោក ស្តេ​តាន ឌ័​រ​ខុន​(Stefan Dercon )​ទីប្រឹក្សា​គោលនយោបាយ នៃ​រដ្ឋមន្ត្រី ការបរទេស កំ​មិន​វេ​ល និង​អភិវឌ្ឍន៍ នៃ​ចក្រភព​អង់គ្លេស កាលពី​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២​

​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា សុខសន្តិភាព និង​ស្ថិរភាព​ន​យោ បាយ​ពេញលេញ ក្រោយ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ព្រមទាំង​មាគ៌ា​ដឹកនាំ​នយោបាយ​ដ៏​ត្រឹមត្រូវ កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា យុទ្ធសាស្ត្រ​ត្រីកោណ យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​ជា​បន្តបន្ទាប់ បានអនុញ្ញាត​ឱ្យ​កម្ពុជា សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាប្រចាំ​ប្រមាណ​៧​ភាគរយ ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ មុន​វិ​វ​ត្តិ​ជំងឺ​កូ​វីដ​-១៩ និង​បាន​បង្កលក្ខណៈ​ឱ្យមាន​ការកើនឡើង​ខ្លាំង​នូវ​ភាគរយ​នៃ​ប្រជាពលរដ្ឋ​មាន​ជីវភាព កម្រិត​កណ្តាល​និង​មាន ការអប់រំ​ខ្ពស់ ដែលមាន​តម្រូវការ​និង​សេចក្តីប៉ងប្រាថ្នា​ចង់បាន​គុណភាព​ជីវិត​កាន់តែ​ប្រសើរ និង​មាន​ចំណាប់អារម្មណ៍​កាន់តែខ្លាំង​ទៅលើ​គុណភាព​បរិស្ថាន​។

​លោក​បន្តថា ដោយ​ឈរលើ​មូលដ្ឋាន នៃ​សមិទ្ធផល និង​និន្នាការ​សង្គម​ទាំងនេះ កម្ពុជា បាននិងកំពុង​ពង្រឹង​តួនាទី​ជា​ម្ចាស់ និង​ឯករាជ្យភាព ក្នុងការ​កំណត់​គោលនយោបាយ និង​អាទិភាព​អភិវឌ្ឍន៍​ជាតិ ដោយ​សម្លឹង​ឆ្ពោះទៅកាន់​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ហើយ​កម្ពុជា​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា នឹង​អាច​ក្លាយទៅជា​គំរូ​មួយ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​។​

​ចំណែក​លោក Stefan Dercon បាន​កោតសរសើ​ចំពោះ កិច្ច ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដាក់ចេញ​នូវ​គោលនយោបាយ ប្រកបដោយ​ប្រសិទ្ធភាព ភាព​ស៊ី សង្វាក់ និង​សង្គតិភាព និង​រក្សាបាន​នូវ​ការអភិវឌ្ឍ​គួរឱ្យកត់សម្គាល់​នេះ​។ ចក្រភព​អង់គ្លេស ត្រៀមខ្លួន ជា ស្រេច ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ពិតប្រាកដ​ជាមួយ​កម្ពុជា ជាពិសេស​លើ​គោលនយោបាយ​វិស័យ​បរិស្ថាន​៕​សរន​