ដោយៈសុផល/កណ្តាលៈវឌ្ឍនភាពការងារនៃគម្រោងលើកកម្រិតគុណភាពនិងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១ បេ(B)សម្រេចបាន៩៥ភាគរយ ហើយចាប់ពីខែធ្នូឆ្នាំ២០២១គិតមកដល់ពេលនេះ។
ផ្លូវនេះមានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល មានទទឹងផ្លូវ១១ម៉ែត្រ ជម្រាលទទឹងផ្លូវ៣ភាគរយ កម្រាស់ Stabilize ២០០មីលីម៉ែត្រ អ៊ុតបេតុងកៅស៊ូ(AC) កម្រាស់១៥សង់ទីម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រ Stabilizer អនុវត្តគម្រោងដោយនាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានបច្ចេកទេសសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនគម្រោងលើកកម្រិត គុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១B ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៩៥ភាគរយហើយ។
គួរកត់សម្គាល់ផងដែរថា គ្រឿងចក្រ Stabilizer នេះជាជំនួយពីប្រទេសជប៉ុនអាចជួយឱ្យកាសាងសង់ផ្លូវកាន់តែមានភាព រឹងមាំ កាត់បន្ថយផលប៉ះពាល់ចរាចរណ៏ កាត់បន្ថយរយះពេលសាងសង់ និងប្រើប្រាស់បានយូរស្របតាមបរិបទនៃការ ដឹកជញ្ជូននាពេលបច្ចុប្បន្ន ។ គ្រឿងចក្រប្រភេទនេះគឺប្រើប្រាស់គ្រឹះផ្លូវ និងផ្ទៃកម្រាលកៅស៊ូចាស់ដែលខូចឡើងវិញបាន ចំណេញថវិកា និងពេលវេលាក្នុងការជួសជុលសាងសង់ផងដែរ។
ដើម្បីធានាឱ្យការស្ថាបនាផ្លូវនេះ មានគុណភាពល្អ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៦ខែមករាបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១B ដោយមានការចូលរួមពីសំណាក់លោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ចូន ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួង៕សរន