ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម បង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលអាចយកមកលាយផលិតគ្រឿងញៀន ដោយត្រូវសហការជាមួយអាជ្ញាធរគ្រឿងញៀន។
រូបថតៈ លោក វេង សាខុន រដ្មមន្រ្តីក្រសួងកសិកម្ម(រូបថតក្រសួង)
ការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
ការណែនាំនេះ បានធ្វើឡើងមួយថ្ងៃ គឺបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រគល់រថយន្តដល់កងវរសេនាតូចនគរបាលព្រំដែនភូមិភាគទី១ ទី២ និងទី៣ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា“សារធាតុដែលគេយកទៅផ្សែផ្សំគ្រឿងញៀនបានចូលមកកម្ពុជាដោយស្របច្បាប់មានរហូតទៅដល់រាប់រយតោន ដែលថ្មីៗនេះ រកឃើញជាង ១០០តោន សួរថា អ្នកណាទទួលខុសត្រូវ ក្នុងការនាំសារធាតុញៀននឹងមក ខ្ញុំគិតថា ត្រូវរកឲ្យឃើញអ្នកដែលទទួលខុសត្រូវព្រោះនាំគ្នាស៊ីញ៉េអនុញ្ញាតឲ្យគេយកចូលមក…៕សរន