ដោយ:ដេប៉ូ/ក្រចេះ:រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យមានការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារប្រសើរ ដើម្បីកាត់បន្ថយនូវជម្លោះការងារ។ ការលើកឡើងបែបនេះដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ខណៈពេលដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចពីដំណើរការខ្សែច្រវាក់ប្រមូលផល, ចុះសួរសុខទុក្ខបងប្អូនកម្មករនៅក្រុមហ៊ុនថាហ្គ្រីកូ (THAGRICO) ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកាលពីរសៀលថ្ងៃទី២៥ ខែមករា បានដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចពីដំណើរការខ្សែច្រវាក់ប្រមូលផល, ចុះសួរសុខទុក្ខបងប្អូនកម្មករនៅក្រុមហ៊ុនថាហ្គ្រីកូ (THAGRICO) ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ(រូបថតក្រសួង)
លោករដ្ឋមន្ត្រីក្រសួងការងារបានលើកទឹកចិត្តនិងវាយយតម្លៃខ្ពស់ចំពោះការ វិនិយោគរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (កម្ពុជា វៀតណាម ឡាវ) ដែលកាលពីអតីតកាល តំបន់នេះជាតំបន់សង្គ្រាមបង្ហូរឈាមមួយ លុះមកដល់បច្ចុប្បន្ននេះបានប្រែក្លាយជាតំបន់សន្តិភាព និងមានការអភិវឌ្ឍ។
លោក អ៊ិត សំហេង បានឲ្យក្រុមហ៊ុនអនុវត្តទៅតាមលក្ខខណ្ឌការងារ និងច្បាប់ស្តីពីការងាររបស់ព្រះរាជាណាចក្រឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយបាននូវជម្លោះការងារ ឈានទៅរកសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងក្រុមហ៊ុន។ ជាមួយគ្នានេះលោក រដ្ឋមន្ត្រី រីករាយ និងស្វាគមន៍ចំពោះតម្រូវការកម្លាំងពលកម្មសម្រាប់បម្រើការងារនៅក្នុងក្រុមហ៊ុន ដោយលោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួនទៀតនៅក្បែរគ្នា ជួយផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម ឲ្យបានគ្រប់តាមតម្រូវការ។
លោករដ្ឋមន្ត្រីបានស្នើទៅខាងក្រុមហ៊ុនវិញជួយបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់កម្មករ តាមរយៈធ្វើការបណ្តើរ និងរៀនបណ្តើរ។សម្រាប់កម្លាំងពលកម្មជំនាញបរទេសដែលមានកូតាលើសពី១០ភាគរយ ក្រុមហ៊ុន ត្រូវដាក់សំណើសុំមកក្រសួង ដោយបញ្ជាក់ឱ្យបានលម្អិតនូវ ជំនាញ ឯកទេស វិជ្ជាជីវៈជនបរទេសដែលមានតម្រូវការ និងមូលហេតុដែលបណ្ដាលឱ្យមានតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសលើចំនួន ១០ភាគរយនេះ។
គួរបញ្ជាក់ថាក្នុងពិធីនេះលោករដ្ឋមន្ត្រី និងគណៈប្រតិភូ បាន ទស្សនកិច្ចពីដំណើរខ្សែច្រវ៉ាក់ផលិតកម្មនីមួយៗ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់ក្រុមហ៊ុន និងជួបសំណេះសំណាលផ្ទាល់ជាមួយកម្មករ ដោយបានណែនាំឲ្យប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលពីការការពារនៃជំងឺកូវីដ-១៩ និងទៅចាក់វ៉ាក់សាំងដូសជំរុញតាមពេលវេលាកំណត់ ដើម្បីរក្សាសុខភាព និងការងារ។
បើតាមការឲ្យដឹងពីតំណាងរបស់ក្រុមហ៊ុន ថាហ្គ្រីកូ ឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១៩។ ផលិតផលកសិកម្មរបស់ក្រុមហ៊ុនរួមមាន ចេក ស្វាយ ខ្នុរ ។ ផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាចម្បង។ នៅឆ្នាំ ២០២១ ក្រុមហ៊ុន Thagrico បាននាំចេញផ្លែឈើគ្រប់ប្រភេទចំនួន ២០៨,០០០ តោន និងនាំចេញចំនួន ១០,០០០ កុងតឺន័រ។ ចំពោះប្រាក់ចំណូលរបស់កម្មករវិញទទួលបានចាប់ពី ២៤០ ដុល្លារដល់ ៣០០ ដុល្លារក្នុងមួយខែ៕សរន
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកាលពីរសៀលថ្ងៃទី២៥ ខែមករា បានដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចពីដំណើរការខ្សែច្រវាក់ប្រមូលផល, ចុះសួរសុខទុក្ខបងប្អូនកម្មករនៅក្រុមហ៊ុនថាហ្គ្រីកូ (THAGRICO) ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ(រូបថតក្រសួង)