ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែល ជាការបន្តតាមដានការងារក្រោយទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់មីយ៉ាន់ម៉ា នៅថ្ងៃទី ០៧-០៨ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានពិភាក្សា យ៉ាងទូលំទូលាយអំពីការវិវត្តនានានៅក្នុងអាស៊ាន ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងណៃពីដោ នាពេលថ្មីៗនេះ និងអំពីមធ្យោបាយដើម្បីជំរុញការអនុវត្តកិច្ច ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន (5PC) ដោយផ្អែកលើធម្មនុញ្ញអាស៊ាន។ ថ្នាក់ដឹកនាំ ទាំងពីរបានចែករំលែកទស្សនៈលើតម្រូវការចាំបាច់ក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើឱ្យ ប្រសើរឡើងនូវស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្រាប់ការអះអាងជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឯកឧត្តម ចំពោះ ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូន ឯកឧត្តម នាយឧត្តម សេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថា ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាមានការបារម្ភយ៉ាងខ្លាំង ជុំវិញអំពើហិង្សាដែលបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានលើកឡើងនូវសំណើ៤ចំណុច ទៅកាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ដូចខាងក្រោម៖

១. កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចដែលបានឯកភាពនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ អាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ តំណាងឱ្យដំណោះស្រាយរួមរបស់ អាស៊ាន ក្នុងការនាំមកនូវប្រក្រតីភាពដល់ប្រទេសមីយ៉ាន់ម៉ា។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែង រួមគ្នាជាបន្តដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនេះ គួរតែនៅជាអាទិភាព។
២. ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធមីយ៉ាន់ម៉ាជួយសម្របសម្រួលដល់ដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់មីយ៉ាន់ម៉ារបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានឱ្យបានឆាប់តាមអាចធ្វើបាន។
៣. គ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា រួមទាំងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ គួរតែអនុវត្តការអត់ធ្មត់ ឱ្យបានខ្ពស់បំផុត បញ្ឈប់អំពើហិង្សា និងខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវបទឈប់បាញ់ មួយ សំដៅបង្កើតឱ្យមានដំណើរការនៃកិច្ចសន្ទនាមួយ សម្រាប់ដំណោះស្រាយប្រកប ដោយសន្តិវិធី។
៤. ស្នើឱ្យមានកិច្ចសហប្រតិបត្តិការពេញលេញក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ដើម្បីនាំយកជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ដែល កំពុងត្រូវការជំនួយចាំបាច់បំផុត។
ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអះអាងជាថ្មីចំពោះសម្តេចតេជោ ហ៊ុន សែន ថា មីយ៉ាន់ម៉ាប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ជាប្រធានអាស៊ាន ដើម្បីធានាបាននូវឆ្នាំប្រកបដោយ ជោគជ័យមួយ។ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានឯកភាពបន្តការពិភាក្សាដោយស្មោះត្រង់លើបញ្ហានានាដែលជាប្រយោជន៍ទៅវិញទៅមក៕សរន