ដោយ:បូកគោ/កំពតៈ សារព័ត៌មានជាផ្នែកមួយមានតួនាទីនាំពាក្យពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ដើម្បីឱ្យព័ត៌មានមានលក្ខណៈច្បាស់ លាស់ តម្លាភាព អ្នកសារព័ត៌មាននិងអាជ្ញាធរ ក៏ដូចជាមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបង្កើនទំនាក់ទំនងល្អរវាងគ្នា និងគ្នា។ នេះជាការបញ្ជាក់របស់ថ្នាក់ដឹកនាំខេត្តកំពតកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធស្តីពីការអនុវត្តច្បាប់របបសារព័ត៌មាន។

លោក អុឹង ឆាយ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងខេត្តកំពតនាពេលកន្លងមកមានលក្ខណៈល្អប្រសើរ ។ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកែលម្អចំណុចខ្វះខាតមួយចំនួនទាក់ទិននឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីបម្រើសេវាជូនប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថាអ្នកសារព័ត៌មានជាអ្នកនាំពាក្យពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកជូនប្រជាពលរដ្ឋវិញតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ រាល់ហេតុការណ៍កើតឡើងក្នុងសង្គម អ្នកសារព័ត៌មានតែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលឱ្យបានដឹងដើម្បីរកវិធីដោះស្រាយ ពិសេសអន្តរាគមន៍ទាន់ពេលវេលា។ ដូច្នេះដើម្បីឱ្យរាល់ការបញ្ចេញព័ត៌មាន មានលក្ខណៈច្បាស់លាស់ តម្លាភាព អ្នកសារព័ត៌មាន និងអាជ្ញាធរ ក៏ដូចជាមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបង្កើនទំនាក់ទំនងល្អរវាងគ្នា និងគ្នាជានិច្ច៕សរន