ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាវាចម្បាំងអូស្ត្រាលី ដែលរុកគួនដោយមេរោគកូរ៉ូណា បានចូលចតនៅតុងហ្គាកាលពីថ្ងៃពុធទី២៦មករាដោយផ្តល់ជំនួយដែលត្រូវការយ៉ាងខ្លាំងដល់ប្រទេសរងគ្រោះដោយភ្នំភ្លើងនិងរលកយក្សស៊ូណាមី នៅក្រោមពិធីការ “មិនមានការប៉ះពាល់គ្នា” ដ៏តឹងរ៉ឹង។
រដ្ឋមន្ត្រីសុខាភិបាលតុងហ្កា លោកសៃយ៉ា ភីវកាឡា (Saia Piukala) បាននិយាយថា នាវិកនៃនាវាចម្បាំង HMAS Adelaideនឹងអនុវត្តតាមពិធីសារសុខភាពដ៏តឹងរ៉ឹងដើម្បីធានាថាព្រះរាជាណាចក្រប៉ាស៊ីហ្វិកដាច់ស្រយាលមួយនេះនៅតែជាកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួនតូចបំផុតនៅលើពិភពលោកដែលមិនទាន់មានករណីកូវីដ១៩។
លោកបានប្រាប់អ្នកយកព័ត៌មានថា “នាវានឹងចូលចត ហើយគ្មានប៉ះពាល់គ្នាណាមួយត្រូវបានធ្វើឡើងនោះទេ។ អូស្ត្រាលីនឹងដឹកទំនិញចេញពីនាវារបស់ពួកគេ ហើយធ្វើដំណើរចាកចេញពីកំពង់ផែ”។
នាវា Adelaide ត្រូវបានបញ្ជូនជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយអន្តរជាតិបន្ទាប់ពីការផ្ទុះភ្នំភ្លើងនៅថ្ងៃទី ១៥ខែមករាបានបង្កើតរលកយក្សស៊ូណាមីដ៏ធំនិងគ្របដណ្តប់ប្រទេសកោះនេះជាមួយផេះពុល។
នាវាចម្បាំងនេះកំពុងដឹកសម្ភារៈសង្គ្រោះប្រមាណ ៨០ តោន រួមទាំងទឹក ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍វិស្វកម្ម។
ទោះបីជាសមាជិកនាវិកទាំងអស់បានធ្វើតេស្តិ៍អវិជ្ជមានមុនពេលចាកចេញពីទីក្រុងប្រ៊ីសប៊ែនក៏ដោយ ក៏ប៉ុន្តែមន្ត្រីនៅទីក្រុងកង់បេរ៉ាកាលពីថ្ងៃអង្គារបាននិយាយថា ករណីឆ្លងវីរុសកូរ៉ូណាចំនួន ២៣ ត្រូវបានរកឃើញនៅលើនាវា។
លោកភីវកាឡាបាននិយាយថា ចំនួនករណីកូវីដបានកើនឡើងដល់ ២៩ នៅថ្ងៃពុធនេះ។
នាវិក ៦០០ ជាងរបស់នាវាគឺបានចាក់វ៉ាក់សាំងពេញលេញហើយកងកម្លាំងការពារអូស្ត្រាលីបាននិយាយកាលពីថ្ងៃអង្គារថាអ្នកជំងឺ ២៣នាក់ដំបូងមិនមានរោគសញ្ញាទេឬគ្រាន់តែមានអាការៈស្រាលតិចតួចប៉ុណ្ណោះ។
កងកម្លាំងការពារអូស្ត្រាលីនិយាយថានាវានេះមានមន្ទីរពេទ្យ ៤០ គ្រែរួមទាំងរោងកុននិងបន្ទប់សង្គ្រោះបន្ទាន់មួយផងដែរ៕
អូស្ត្រាលីនឹងដឹកទំនិញចេញពីនាវារបស់ពួកគេ ហើយធ្វើដំណើរចាកចេញពីកំពង់ផែតុងហ្គាវិញ ដោយគ្មានការប៉ះពាល់ជាមួយមន្ត្រីតុងហ្គានោះឡើយ