ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធទី២៦មករាបានច្រានចោលការទាមទារដ៏សំខាន់របស់រុស្ស៊ីក្នុងការរារាំងអ៊ុយក្រែនមិនអោយក្លាយជាសមាជិកអង្គការណាតូហើយបាននិយាយថាខ្លួនជឿថាទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្លានពាន ប៉ុន្តែបានផ្តល់នូវអ្វីដែលខ្លួនហៅថា “ផ្លូវការទូត” ថ្មីមួយចេញពីវិបត្តិ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន បាននិយាយថា លោកនឹងនិយាយម្តងទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវដែលលោកបានជួបកាលពីថ្ងៃសុក្រនៅទីក្រុងហ្សឺណែវ ខណៈគំនិតផ្តួចផ្តើមដាច់ដោយឡែកមួយដោយបារាំងបាននាំមកនូវការសន្យាដោយទីក្រុងមូស្គូយ៉ាងហោចណាស់ត្រូវបន្តចរចាជាមួយរដ្ឋាភិបាលអ៊ុយក្រែន។
មួយខែបន្ទាប់ពីរុស្ស៊ីបានដាក់សំណើសន្តិសុខយ៉ាងទូលំទូលាយ ដោយបានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់ព្រំដែនអ៊ុយក្រែន សហរដ្ឋអាម៉េរិកបានឆ្លើយតបដោយមានការសម្របសម្រួលជាមួយសម្ពន្ធមិត្តណាតូ ហើយបាននិយាយថា ខ្លួនបានត្រៀមរួចរាល់សម្រាប់រាល់ឧបទ្ទវហេតុទាំងឡាយ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន
លោកប្លីងកិនបានប្រាប់អ្នកយកព័ត៌មានអំពីការឆ្លើយតបរបស់សហរដ្ឋអាម៉េរិក ដែលលោកនិយាយថានៅតែជាការណ៍សម្ងាត់យ៉ាងដូច្នេះថា “វាកំណត់ផ្លូវការទូតដ៏គត់មុតមួយឆ្ពោះទៅមុខប្រសិនបើរុស្ស៊ីជ្រើសរើសវា”។
លោកបានបន្តផ្តល់ជូននូវវិធានការ “ទៅវិញទៅមក” ដើម្បីដោះស្រាយកង្វល់សន្តិសុខទៅវិញទៅមក រួមទាំងការកាត់បន្ថយមីស៊ីលនៅអឺរ៉ុបនិងតម្លាភាពលើសមយុទ្ធយោធានិងជំនួយរបស់លោកខាងលិចដល់អ៊ុយក្រែន។
ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិកនឹងមិនយល់ព្រមទទួលយកការទាមទារស្នូលរបស់រុស្ស៊ី ដែលថាអ៊ុយក្រែនមិនត្រូវអនុញ្ញាតឱ្យចូលរួមជាមួយអង្គការណាតូដែលជាសម្ពន្ធមិត្តយោធាគាំទ្រដោយសហរដ្ឋអាម៉េរិកនោះទេ។
លោកប្លីងកិនបាននិយាយថា “តាមទស្សនៈរបស់យើង ខ្ញុំគ្មានអីច្បាស់លាស់ជាងនេះទៀតទេ គឺទ្វាររបស់អង្គការណាតូនៅតែបើកចំហជានិច្ច ហើយនោះគឺជាការប្តេជ្ញាចិត្តរបស់យើង”។
រុស្ស៊ី ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាមួយអ៊ុយក្រែន បានបញ្ឆេះឱ្យមានការបះបោរនៅភាគខាងកើតនៃអតីតសាធារណរដ្ឋសូវៀតមួយនេះ(អ៊ុយក្រែន) ដែលបានសម្លាប់មនុស្សជាង ១៣.០០០ នាក់ចាប់តាំងពីឆ្នាំ ២០១៤។រុស្សីនៅឆ្នាំនោះដដែលក៏បានដណ្តើមយកតំបន់គ្រីមេផងដែរ បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុងគៀវ ដែលចចេសងាកទៅរកអឺរ៉ុប។
សហរដ្ឋអាម៉េរិកបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរនិងឆាប់រហ័ស ប្រសិនបើរុស្ស៊ីឈ្លានពាន រួមទាំងលទ្ធភាពដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីនហើយអង្គការណាតូបានដាក់ទាហានចំនួន ៨.៥០០ ឱ្យប្រុងជើងការ។
អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) បាននិយាយថា “ខណៈយើងកំពុងសង្ឃឹមនិងធ្វើការសម្រាប់ដំណោះស្រាយដ៏ល្អដើម្បីកាត់បន្ថយភាពតានតឹង យើងក៏បានត្រៀមខ្លួនសម្រាប់រឿងអាក្រក់បំផុតផងដែរ”។
អនុរដ្ឋមន្ត្រីរបស់លោកប្លីងកិន លោកស្រី វេនឌី សឺមែន (Wendy Sherman) ដែលបានដឹកនាំកិច្ចចរចាពីមុនជាមួយរុស្ស៊ី បាននិយាយថា លោកពូទីនហាក់ត្រៀមខ្លួនរួចជាស្រេចក្នុងការឈ្លានពាន បើទោះបីជាមានការព្រមានពីសហរដ្ឋអាម៉េរិកក៏ដោយ។
លោកស្រីសឺមែនបានប្រាប់វេទិកាមួយថា “ខ្ញុំមិនដឹងថាតើគាត់បានធ្វើការសម្រេចចិត្តចុងក្រោយហើយឬអត់នោះទេប៉ុន្តែយើងពិតជាមើលឃើញរាល់ការចង្អុលបង្ហាញថាគាត់នឹងប្រើប្រាស់កម្លាំងយោធាជួនកាល (រវាង) ឥឡូវនេះ និងពាក់កណ្តាលខែកុម្ភៈ”។
លោកស្រីបាននិយាយថា ពូទីនប្រហែលជាកំពុងរង់ចាំដើម្បីកុំឱ្យមានការរាំងស្ទះដល់ការចាប់ផ្តើមនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៅថ្ងៃទី ៤ ខែកុម្ភៈ ដែលមេដឹកនាំរុស្ស៊ីនឹងចូលរួម ចំពេលមានការធ្វើពហិការការទូតដោយសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តមួយចំនួន៕