ប្រែសម្រួលៈបំណង/សេអ៊ូល(ដេល្លីម៉េល)៖ កូរ៉េខាងជើងបានបាញ់អ្វីទំនងជាកាំជ្រួចផ្លោងចំនួន២ដើមចូលក្នុងសមុទ្រនៅឯនាយឆ្នេរខាងកើតរបស់ខ្លួន នេះបើតាមការបញ្ជាក់ពីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍។
នាយសេនាធិការចំរុះកូរ៉េខាងត្បូងបាននិយាយថា ខ្លួនចាប់បានការបាញ់បង្ហោះអ្វីដែលទំនងជាកាំជ្រួចផ្លោង២ដើមនៅប្រមាណជា៨ព្រឹកចេញពីម្តុំទីប្រជុំជនហាំហ៊ុង នៅឆ្នេរខាងកើតកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានក្យូដូបានស្រង់ប្រភពរដ្ឋាភិបាលជប៉ុនដែលបាននិយាយថា កាំជ្រួចទំនងជាបានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន។
កូរ៉េខាងជើងបាននិយាយនៅខែនេះថា ខ្លួននឹងពង្រឹងវិស័យយោធាទល់នឹងអាម៉េរិកនិងពិចារណាបន្តសកម្មភាពដែលត្រូវបានផ្អាកចោលជាបណ្តោះអាសន្នទាំងអស់ឡើងវិញដែលទំនងចង់សំដៅទៅរកការសាកល្បងសព្វាវុធនុយគ្លេអ៊ែរនិងកាំជ្រួចចម្ងាយឆ្ងាយ។
កាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានបាញ់កាំជ្រួចបញ្ជាទិសចំនួន២ដើមចូលក្នុងសមុទ្រនៅឯនាយឆ្នេរខាងកើតរបស់ខ្លួន ចំពេលមានភាពតានតឹងអំពីការបាញ់សាកល្បងកាំជ្រួចកាលពីពេលថ្មីៗ។
មុននេះក្នុងខែមករាឆ្នាំ២០២២នេះ កូរ៉េខាងជើងក៏បានបាញ់កាំជ្រួចបញ្ជាទិសកលយុទ្ធ កាំជ្រួចលឿនជាងសម្លេងនិងប្រព័ន្ធកាំជ្រួចដាក់លើរថភ្លើង។
ការបាញ់សាកល្បងជាបន្តបន្ទាប់ទាំងនេះបានបង្កការថ្កោលទោសពីរដ្ឋាភិបាលអាម៉េរិក និងជប៉ុននិងនាំដល់ការបើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដោយសារតែរំលោភសេចក្តីសំរេចចិត្តរបស់ខ្លួនមួយស្តីពីការហាមសាកល្បងកាំជ្រួចផ្លោង។
រដ្ឋាភិបាលអាម៉េរិកបានដាក់ទណ្ឌកម្មលើបុគ្គលកូរ៉េខាងត្បូងនិងរុស្ស៊ីរួមទាំងអង្គភាពជាច្រើននៅខែនេះ ដោយចោទប្រកាន់ពួកគេថាបានជួយកម្មវិធីកាំជ្រួចរបស់កូរ៉េខាងជើង ។
កាលពីថ្ងៃពុធ ឧបការីរងក្រសួងការបរទេសអាម៉េរិកសំរាប់កិច្ចការជប៉ុននិងកូរ៉េ លោកម៉ាក ឡាំប៊ឺត(Mark Lambert)បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្មានមន្ទិលទេអំពីការពិភាក្សាជាមួយកូរ៉េខាងជើង និងមានបំណងជួបនៅកន្លែងណាមួយនិងពិភាក្សាអំពីអ្វីមួយក៏បាន។
លោកថា «យើងចង់ពិភាក្សាអំពីការរំសាយនុយគ្លេអ៊ែររបស់កូរ៉េខាងជើង ហើយបើកូរ៉េខាងជើងមានបំណងធ្វើដូច្នេះ រឿងជោគជ័យគ្រប់ប្រភេទទាំងអស់អាចនឹងកើតឡើងបាន»៕
វាជាការបាញ់សាកល្បងកាំជ្រួចលើកទី៦របស់កូរ៉េខាងជើងនៅខែនេះ