ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃពុធទី២៦មករាបានប្រគល់ជ័យជម្នះថ្មីដល់ប្រទេសចិនដោយអនុញ្ញាតឱ្យចិនយកពន្ធលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកដែលមានតម្លៃ ៦៤៥ លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងជម្លោះប្រឆាំងការលក់បង្ខូចថ្លៃត្រាំត្រែងជាមួយទីក្រុងវ៉ាស៊ីនតោន។
សហរដ្ឋអាម៉េរិក ដែលមិនអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះបាន បានចាត់ទុកវាជា “ការខកចិត្តយ៉ាងខ្លាំង” ហើយបាននិយាយថាខ្លួនបានជំរុញឱ្យមានការធ្វើកំណែទម្រង់ច្បាប់របស់ WTO ដោយនិយាយថា ច្បាប់ទាំងនោះត្រូវបានប្រើប្រាស់ដើម្បី “ការពារ” ប្រទេសចិន។
អាជ្ញាកណ្តាលរបស់ WTO បានសម្រេចថា “ដោយគិតពីអំណះអំណាងនិងភស្តុតាងរបស់ភាគីនីមួយៗនៅក្នុងដំណើរការទាំងនេះ យើងបានកំណត់ថា កម្រិតសមស្រប…គឺ ៦៤៥,១២ លានដុល្លារក្នុងមួយឆ្នាំ”។
ភ្លើងខៀវរបស់ WTO មិនមានន័យថា ចិននឹងយកពន្ធដោយស្វ័យប្រវត្តិ ទាំងស្រុង ឬមួយផ្នែកលើការនាំចូលរបស់អាម៉េរិកនោះទេ។
តួលេខនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីសម្រេចកម្រាស់ ៨៧ ទំព័រដោយអាជ្ញាកណ្តាលរបស់ WTOស្តីពីកម្រិតនៃវិធានការតបតដែលទីក្រុងប៉េកាំងអាចស្នើសុំនៅក្នុងជម្លោះរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនទាក់ទងនឹងពន្ធតបតរបស់សហរដ្ឋអាម៉េរិក (CVD)លើផលិតផលមួយចំនួនរបស់ចិន។
ជម្លោះនេះបានអូសបន្លាយពេលតាំងពីឆ្នាំ ២០១២ នៅពេលដែលWTOបានបង្កើតក្រុមអ្នកជំនាញមួយដើម្បីព្យាយាមដោះស្រាយបណ្តឹងដែលប្តឹងដោយចិនជុំវិញអ្វីដែលខ្លួនបាននិយាយថាជាពន្ធមិនយុត្តិធម៌ដែលដាក់ដោយសហរដ្ឋអាម៉េរិក។
ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនលើការយកពន្ធបន្ថែមលើផលិតផលរាប់ចាប់ពីក្រដាសរហូតដល់សំបកកង់និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដោយលើកហេតុផលថាទំនិញទាំងនេះត្រូវបានលក់បង្ខូចថ្លៃនៅលើទីផ្សារដើម្បីជួយក្រុមហ៊ុនចិនច្បាមយកអាជីវកម្ម។
ស្ថាប័នដោះស្រាយវិវាទរបស់ WTO បានសម្រេចកាត់ឱ្យចិនឈ្នះ ហើយសេចក្តីសម្រេចនេះត្រូវបានរក្សាទុកដោយចៅក្រមសាលាឧទ្ធរណ៍របស់ខ្លួនក្នុងឆ្នាំ ២០១៤ដោយបានត្រួសត្រាយផ្លូវសម្រាប់ចិនក្នុងការសងសឹក។
ដំបូងឡើយរដ្ឋាភិបាលក្រុងប៉េកាំងបានស្នើសុំឱ្យមានការអនុញ្ញាតឱ្យយកពន្ធលើផលិតផលអាម៉េរិកតម្លៃ ២,៤ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែបន្ទាប់មកបានបន្ថយការទាមទាររបស់ខ្លួនមកត្រឹម ៧៨៨,៧៥ លានដុល្លារវិញ។
សហរដ្ឋអាម៉េរិកបានប្រកែកថា កម្រិតសមស្របមិនគួរលើសពី ១០៦ លានដុល្លារក្នុងមួយឆ្នាំនោះទេ។
ការប្រើប្រាស់ពន្ធប្រឆាំងការលក់បង្ខូចថ្លៃត្រូវបានអនុញ្ញាតនៅក្រោមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយជម្លោះលើការប្រើប្រាស់ពន្ធទាំងនោះជារឿយៗត្រូវបាននាំយកមកដាក់នៅចំពោះមុខស្ថាប័នដោះស្រាយវិវាទរបស់ WTO ។
ការសម្រេចចិត្តកាលពីថ្ងៃពុធគឺជាលើកទីពីរហើយដែល WTOបានអនុញ្ញាតឱ្យចិនសងសឹកចំពោះពន្ធប្រឆាំងការលក់បង្ខូចថ្លៃរបស់សហរដ្ឋអាម៉េរិកដែលគេចាត់ទុកថារំលោភលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
នៅខែវិច្ឆិកាឆ្នាំ ២០១៩ អាជ្ញាកណ្តាលរបស់ WTO បានអនុញ្ញាតឱ្យចិនយកពន្ធលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកដែលមានតម្លៃរហូតដល់ ៣,៦ ពាន់លានដុល្លារ ក្នុងករណីដាច់ដោយឡែកមួយ៕