ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ រុស្ស៊ីបានចល័តទាហានឆត្រយោងវរជនជាលើកដំបូងទៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែនចំពេលមានការបារម្ភអំពីប្រតិបត្តិការយោធាដើម្បីដណ្តើមយករដ្ឋធានីគៀវ។
រថភ្លើងមួយ ដែលមានកងទ័ពវរជននិងឧបករណ៍សឹករបស់ពួកគេ ត្រូវបានប្រទះឃើញកំពុងធ្វើដំណើរទៅទិសខាងលិចឆ្ពោះទៅតំបន់សង្គ្រាម ហើយហាក់ដូចជាកងវរសេនាធំឆ្មាំឆត្រយោងលេខ ២១៧ នៃកងពលធំទ័ពអាកាសលេខ៩៨។
ការដាក់ពង្រាយនេះត្រូវបានប្រទះឃើញឆ្លងកាត់តំបន់ប្រាយ៉ាន (Bryansk) របស់រុស្ស៊ីដែលមានព្រំប្រទល់ជាប់ទាំងអ៊ុយក្រែននិងបេឡារូស ដូចដែលបានបង្ហាញនៅក្នុងវីដេអូមួយបង្ហោះនៅលើ TikTok ។
ការវិភាគរបស់អ្នកស្រាវជ្រាវឯករាជ្យរុស្ស៊ីដែលគេស្គាល់ថា ក្រុមស៊ើបការណ៍ជម្លោះ (CIT)បានបង្ហាញថា រថពាសដែកដែលគ្របដោយកៅស៊ូតង់នៅក្នុងវីដេអូនោះគឺជារថក្រោះ BMD-4Mនិងរថពាសដែក BTR-MDM ។
CIT បាននិយាយថា “រថភ្លើងនេះក៏រួមមានទូដឹកអ្នកដំណើរចំនួន ៥ ផងដែរ ដែលអាចផ្ទុកមនុស្សបានជាង ២៥០ នាក់”។
វាក៏ផ្ទុករថយន្ត Kamaz-43501 ចំនួនប្រាំបីគ្រឿងផងដែរ ដែលប្រើដោយទ័ពអាកាសរបស់រុស្ស៊ី។
ការវិភាគនេះនិយាយថា រថភ្លើងនេះមានប្រភពចេញពីស្ថានីយថេកស្ទីលនី (Tekstilny) ក្នុងតំបន់អ៊ីវ៉ាណូវ៉ូ (Ivanovo) យោងតាមកំណត់ត្រាផ្លូវដែកដែលមានទីតាំងនៅជិតកន្លែងដែលកងកម្លាំងអាកាសវរជនមានមូលដ្ឋាន។
CIT បាននិយាយថា “នេះគឺជាវីដេអូដំបូងដែលបញ្ជាក់អំពីទាហានឆត្រយោងធ្វើដំណើរទៅជិតព្រំដែនជាមួយអ៊ុយក្រែន។នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំណាមួយលើទឹកដីអ៊ុយក្រែនកងកម្លាំងអាកាសគួរតែដើរតួនាទីយកឈ្នះឬចាញ់”។
ពួកគេអាចនឹងធ្វើសកម្មភាព “ទាំងនៅក្នុងប្រតិបត្តិការចុះចតលើដីគោកដើម្បីចាប់យកទីតាំងយុទ្ធសាស្ត្របិទគូទពីក្រោយឬលួចឆ្មក់ធ្វើប្រតិបត្តិការថ្មើរជើង”។
រឿងនេះកើតឡើងខណៈមីស៊ីលប្រឆាំងរថក្រោះរបស់អាមេរិកទម្ងន់ ៨០ តោនបានដឹកមកដល់អ៊ុយក្រែនសម្រាប់បង្កការស្លាប់យ៉ាងច្រើនបំផុតដល់កងកម្លាំងរបស់ពូទីនប្រសិនបើគាត់សម្រេចចិត្តឈ្លានពាន។
យន្តហោះមួយគ្រឿងដែលផ្ទុកមីស៊ីល Javelin ចំនួន ៣០០ ដើមតម្លៃប្រមាណ ៥០ លានដុល្លារ បានចុះចតនៅរដ្ឋធានីគៀវកាលពីល្ងាចថ្ងៃអង្គារ ជាផ្នែកទីបីនៃការដឹកជញ្ជូនជំនួយយោធាអាម៉េរិកតម្លៃ ២០០ លានដុល្លារ ដែលកំពុងត្រូវបានបញ្ជូនទៅជួយសម្ពន្ធមិត្តរបស់ខ្លួន។
ការដឹកជញ្ជូននេះក៏មានជើងទម្របាញ់គ្រាប់បែកដៃនិងគ្រាប់កាំភ្លើងក៏ដូចជាប្រព័ន្ធអាវុធមិនប្រល័យលោកផ្សេងទៀតផងដែរ ហើយវាជាការបូកបន្ថែមពីលើអាវុធប្រឆាំងរថក្រោះនិងប្រឆាំងយន្តហោះ ដែលបានបញ្ជូនរួចហើយដោយចក្រភពអង់គ្លេស អេស្តូនី ឡេតូនី និងលីទុយអានី៕
យន្តហោះមួយគ្រឿងដែលផ្ទុកមីស៊ីល Javelin ចំនួន ៣០០ ដើមតម្លៃប្រមាណ ៥០ លានដុល្លារ បានចុះចតនៅរដ្ឋធានីគៀវកាលពីល្ងាចថ្ងៃអង្គារ