ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​រសៀល​ថ្ងៃទី​២៦ ខែមករា​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ជួប​លោកនាយក ក្រុមហ៊ុន​ជប៉ុន iL BRiLLE ដឹកនាំ​ដោយ អតីត​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​សហការី​ដើម្បី​ពិភាក្សា​អំពី​គម្រោង​បង្កើត​ក្រុមការងារ ” Cambodian Golden Silk នៅ​កម្ពុជា​នាពេល​អនាគត​។

​ជាបឋម លោកនាយក​ក្រុមហ៊ុន បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ជ្រាប​ដោយ​សង្ខេប ថា​ដោយ​យល់ឃើញថា​កម្ពុជា​មា​នស​ក្តា​នុព​ល​លើ​វិស័យ​ផលិតកម្ម​សូត្រ ហើយ​ដែល​ជនជាតិខ្មែរ​បាន​ប្រតិបត្តិ​ជា​ប្រពៃណី​អំពី​ការផលិត​ហូល​-​ផាមួង​ពី​សូត្រ ជាច្រើន​សតវត្ស​មកហើយ​ដូចជា​នៅ​ខេត្តតាកែវ បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ផលិតកម្ម សូត្រ​ខ្មែរ​ត្រូវបាន​ធ្លាក់ចុះ​។ យល់ច្បាស់​ពី​បញ្ហា​នេះ ក្រុមហ៊ុន​ជប៉ុន iL BRiLLE មាន​គោល បំណង​វិនិយោគ លើ​ផលិតកម្ម​សូត្រ​ខ្មែរ តាមរយ​:​ការបង្កើត CGS ដើម្បី​ផលិត​សូត្រ​សម្រាប់​បម្រើ ឲ្យ​វិស័យ​វាយនភ័ណ្ឌ​និង​ជាពិសេស​កែច្នៃ​ផលិតផល​សូត្រ​នេះ​ទៅជា​សារធាតុ​ប្រូ​តេ​អី​ន សម្រាប់​យកទៅ​បម្រើ​ឲ្យ​វិស័យ​គ្រឿងសំអាង ដែល​កំពុង​ពេញនិយម សម្រាប់​ស្ត្រី​ជនជាតិ​ជប៉ុន និង​ទីផ្សារ​ក្នុង​តំបន់ នាពេល​បច្ចុប្បន្ន​។

លោក​បញ្ជាក់​បន្ថែមថា CGS នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ទី​១- ដល់​ស្ត្រី តម្បាញ​នៅតាម​ជនបទ​ដែលជា​ប្រភព​ផលិត​ហូល​-​ផាមួង​មានការ​ងារ​ធ្វើ ទី​២- ជួយ​លើកកម្ពស់​តម្លៃបន្ថែម​តាមរយ​:​ការកែច្នៃ​ផលិត​សូត្រ​ទៅជា​សារធាតុ​ប្រូ​តេ​អី​ន​បម្រើ​ឲ្យ​វិស័យ​គ្រឿងសំអាង ទី​៣- បង្កើត​ម​ជ្ឈ​មណ្ឌប​ង្កា​ត់ ភ្ញាស់​ដង្កូវនាង ពូជ​ល្អៗ ផ្តល់​ទិន​កន​ផល​ខ្ពស់ រួច​ផ្សព្វផ្សាយ​ជូន​អ្នក​ចិ​ញ្ចឹ​ង និង​ទី​៤- ស្នើសុំ​អង្គការ UNESCO ចុះបញ្ជី​សូត្រ​ជា​មរតក​វប្បធម៌​ខ្មែរ​។

​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​ការស្វាគមន៍ និង​គាំទ្រ​ចំពោះ​កម្មវត្ថុ​នៃ​ការវិនិយោគ របស់​ក្រុមហ៊ុន លើ​ផលិតកម្ម​សូត្រ​ខ្មែរ​។ លោក រដ្ឋមន្ត្រី​បាន​ជម្រាបជូន​លោក នាយក​ក្រុមហ៊ុន​ដោយ​សង្ខេប​អំពី​សក្តានុពល​នៃ​ដំណាំ​ម៉ន និង​ផលិតកម្ម​សូត្រ ប៉ុន្តែ​លោក​ទទួលស្គាល់ថា​ផលិតកម្ម​នេះ​ត្រូវបាន​ធ្លាក់ចុះ​ដោយ​កត្តា​ជាច្រើន​។ ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ចង់ឃើញ​វប្បធម៌​ត្បាញ​ហូល​-​ផាមួង​ស្ថិត​នៅតែ​ជា​ប្រពៃណី ដ៏​ផូរផង់​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​។ ដូច្នេះ លោក​រដ្ឋមន្ត្រី​បានបង្ហាញ​ជូន ភ្ញៀវ​បានឃើញ​ពី​ឆន្ទ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​វិនិយោគ​នេះ ព្រោះថា​វា​នឹង​ជួយ​កសាង​កំលាំង​ផលិត​សូត្រ​ខ្មែរ​ឡើងវិញ ដើម្បី​បម្រើ​ទីផ្សារ សូត្រ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូលធ្វើ​ឲ្យ​សិប្បកម្ម​តម្បាញ​ហូល​-​ផាមួង ដំណើរការ​ប្រកបដោយ​និរន្តរភាព ពលរដ្ឋ​នៅ​មូលដ្ឋាន​មានការ​ងារ​ធ្វើ​កាត់ បន្ថយ​ការធ្វើ​ចំណាកស្រុក​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​វត្ថុធាតុដើម​ផលិត​ចេញ ពី​សូត្រ​ខ្មែរ ដើម្បី​បង្កើន​តម្លៃបន្ថែម និង​លើកកម្ពស់​ប្រពៃណី​វប្បធម៌​ត្បាញ ហូល​-​ផាមួង​ដែលជា​មរតក​រប​ស់បុ​ព្វ​បុរស​ខ្មែរ និង​ជាពិសេស​ណែនាំ​ឲ្យ​បរទេស បាន​ស្គា​ល់ពី​តម្លៃ​សូត្រ​ខ្មែរ​តាមរយ​:​ផលិតផល​នានា​ដែល​ផលិត​ចេញពី​សូត្រ​។ ដូច្នេះ លោក រដ្ឋមន្ត្រី​បាន​សម្តែង​ការគាំទ្រ និង​សន្យា​រង់ចាំ​ផ្តល់​កិច្ច សហការ​គ្រប់ បែបយ៉ាង​ធ្វើយ៉ាងណា​ឲ្យ​គម្រោង​ដំណើរ​ទៅដោយ​រលូន​និង​ទទួលបាន ជោគជ័យ​៕​/PC