ដោយៈ សុខុម / ស្ទឹងត្រែងៈ បុរស​ជាង​ផ្ទះ​ម្នាក់ ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ ពេល​កំពុង​ជួស ជុល​ប្រក់​ដំបូលផ្ទះ ឲ្យ​អ្នកស្រុក ។ ហេតុការណ៍​នោះបាន​កើត ឡើង នៅ​ម៉ោងជាង ៧ ព្រឹក ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​សេ​សាន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​នគរបាល​ស្រុក​សេ​សាន បាន​ឲ្យ​ដឹង តាមរយៈ​របាយការណ៍​របស់ខ្លួន​ថាៈ បុរសរងគ្រោះ ឈ្មោះ វេត ខាំ​សាយ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ ជាង​ផ្ទះ មាន​ទីលំនៅ ភូមិ​បា​ដើម ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​ប្រភព​ដដែល បាន​បន្តថាៈ នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ បាន​ចេញទៅ ស៊ីឈ្នួល ជួសជុល​សំ​យ៉ាប​ផ្ទះ ១​ខ្នង ឲ្យ​បុរស​ម្នាក់ ឈ្មោះ ឡាយ ថៃ មាន​ទីលំនៅ ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។ ខណៈដែល កំពុង​ជួសជុល​សំ​យ៉ាប​ផ្ទះ ជនរងគ្រោះ ត្រូវបាន​ឆ្លង​ចរន្តអគ្គិសនី ឆក់​ស្លាប់​ដោយ​ខ្លួនឯង​។​

​ប្រភព​ដដែល បាន​អះអាងថាៈ ជនរងគ្រោះ ធ្វើការ​ដោយ​ធ្វេសប្រហែស ក្នុងពេល​ទាញ ខ្សែភ្លើង ឡើងលើ​ដំបូលផ្ទះ ធ្វើ​ឲ្យ​ខ្សែភ្លើង​នោះ ត្រូវចំ​ព្រី​ភ្លើង រួច​ប៉ះ​ជាមួយ​ស័ង្កសី ទើប​បណ្តាល​ឲ្យ​ឆក់​ស្លាប់​។​

​ប្រភព​បានឱ្យដឹង​ទៀតថាៈ ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​ស្រុក សេ​សាន បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស នៃ​ស្នង ការដ្ឋាន​នគរបាល ខេត្ត​ស្ទឹ​ត្រែង គ្រូពេទ្យ​មណ្ឌល​សុខភាព​កំ​ភុ​ន ប៉ុស្ដិ៍នគរបាល រដ្ឋបាល​ឃុំ​សាម​ឃួ​យ និង​មេឃុំ​សាម​ឃួ​យ​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បី​ចុះ​ធ្វើការ​ពិនិត្យ​សាកសព​។​

​ឆ្លងតាម​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ បាន​សន្និដ្ឋានថាៈ បុរសរងគ្រោះ​ពិតជា​បាន ស្លាប់ ដោយសារ​ឆ្លង​ចរន្ត​ភ្លើងអគ្គិសនី បណ្ដាលអោយ​ឆក់​ខ្លួនឯង​ស្លាប់ យ៉ាងពិត​ប្រាកដ​មែន​។ ករណីនេះ គ្មាន​ការពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះឡើយ​។ សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ ក្រុមគ្រួសារ ដើម្បី​យក ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕/V​-PC