ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ វគ្គបណ្ដុះបណ្ដាល ចៅក្រម និងអាជ្ញាកណ្តាល កីឡាតេក្វាន់ដូ ITF(Intertnational Taekwondo Federation) កម្រិត “ក” ដែលមានសិក្ខាកាម ចូលរួមចំនួន ៣០ នាក់ មកពី ៩ រាជធានី-ខេត្ត និងក្រសួង ២ គឺក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃ ក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបកីឡាតេក្វាន់ដូ ITF ខេត្តកណ្តាល ក្លិបកីឡាតេក្វាន់ដូ ITF ខេត្តកោះកុង ក្លិបកីឡាតេក្វាន់ដូ ITF ខេត្តកំពង់ស្ពឺ ក្លិបកីឡាតេក្វាន់ដូ ITF ខេត្តត្បូងឃ្មុំក្លិប កីឡាតេក្វាន់ដូ ITF ខេត្តបាត់ដំបង ក្លិបកីឡាតេក្វាន់ដូ ITF ខេត្តបន្ទាយមានជ័យ និងក្លិបកីឡាតេក្វាន់ដូ ITF ភ្នំពេញ បានបញ្ចប់ នាល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាល ដែលមានរយៈពេល ៦ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថ ភាពបន្ថែមទៀត កាត់ក្តីដោយយុត្តិធម៌ លើទីលានប្រកួត និងត្រៀម SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា នេះជាវគ្គដែលបានដំណើរការ ក្រោមការឧបត្ថម្ភថវិកា របស់ក្រសួងអប់រំ យុវជន និង កីឡា ។
គ្រូឧទ្ទេស ២រូប គឺលោក RI CHOl NAM គ្រូបង្វឹកអន្តរជាតិ កម្រិតខ្សែក្រវាត់ខ្មៅ ៨ដាន់ និងលោក ហ៊ឹម រីដា ខ្សែក្រវាត់ខ្មៅ ៦ដាន់ កម្រិតអន្តរជាតិនិងជាគ្រូជម្រើស ជាតិ កម្ពុជា។
សហព័ន្ធកីឡាតេក្វាន់ដូ ITF បានខិតខំប្រឹងប្រែង អភិឌ្ឍន៍កីឡា កីឡាតេក្វាន់ដូ ITF ទាំំងអាជ្ញាកណ្តាល និងចៅក្រម ព្រមទាំងកីឡាករ-កីឡាការិនីឆ្នើមដណ្តើម មេដាយ លើឆាកអន្តរជាតិ ។
វគ្គបណ្តុះបណ្តាលនេះ មានសារសំខាន់ណាស់ សម្រាប់ចៅក្រម និងអាជ្ញា កណ្តាល ក្លាយ ជាចៅក្រម និងអាជ្ញាកណ្តាលអន្តរជាតិមុនព្រឹត្តិការណ៍ការប្រកួត កីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បច្ចុប្បន្ន ប្រភេទកីឡាតេក្វាន់ដូ មានអាជ្ញាកណ្តាល ចៅក្រម អន្តរជាតិចំនួន ៣ នាក់ហើយៗ សហព័ន្ធ គ្រោងនឹងស្នើសុំទៅសហព័ន្ធអន្តរជាតិ ដើម្បីបញ្ជូន អាជ្ញាកណ្តាល ចៅក្រមកម្ពុជា កម្រិត B ចំនួន ៦នាក់បន្ថែម ដើម្បីឱ្យសហព័ន្ធ តេក្វាន់ដូ ITF អន្តរជាតិ ទទួលស្គាល់ និង ប្រើប្រាស់សម្រាប់ SEA GAMES 2023 ។ គម្រោងសរុប ៩នាក់ នៃអាជ្ញាកណ្តាល -ចៅក្រម សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ គឺគ្រប់គ្រាន់ហើយ ដោយបណ្តាប្រទេស ក្នុងអាស៊ីអាគ្នេយ៍ ដែលគ្រោងមក ៧ ប្រទេស ដោយបញ្ជូនអាជ្ញាកណ្តាល-ចៅក្រមម្នាក់ ឬ ២ នាក់បន្ថែមទៀត គឺអាចដំណើរការ ហ្គេមនេះបានហើយ។
សូមបញ្ជាក់ថា លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជា ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ផងនោះ បានបង្ហាញនូវ មហិច្ឆតាថាៈ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ តេក្វាន់ដូ ITF កម្ពុជា នឹងដណ្ដើមយក មេដាយមាស ឲ្យបាន ១៥ គ្រឿង ។ ទោះបីជាយ៉ាងណា ក៏លោកទទួលស្គាល់ថា នេះពិតជាបន្ទុកមួយដ៏ធ្ងន់ធ្ងរ ៕/V-PC