ដោយៈ ស​រិ​ទ្ធ / ព្រះសីហនុៈ រថយន្ត​មួយគ្រឿង បោះពួយ​យ៉ាង​លឿន​រេ​ចង្កូត​ទៅ បុក​ប៉ះ ជាមួយ​ខឿន​ចិញ្ចើមផ្លូវ អូស​ជាច្រើន​ម៉ែត្រ បន្តទៅ​បុក​ប៉ះ​ជាមួយនឹង បង្គោល​ភ្លើង បំភ្លឺ​ផ្លូវ​ជាច្រើន បណ្ដាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល ជាច្រើន​នាក់​។ ហេតុការណ៍​បង្ក ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨ យប់​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២២ នៅតាម​បណ្ដោយ​ផ្លូវ (​ខ្មែរ​ធ្វើបាន​) ស្ថិតនៅក្នុង ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ ដែល​ប្រជាពលរដ្ឋ បានឃើញ​ករណី​គ្រោះថ្នាក់ ចរាចរណ៍ នេះ​ផ្ទាល់​ថាៈ មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត តូយ៉ូតា តា​កូ​ម៉ា ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-4384 បើកបរ​ទិសដៅ​ពី​ឆ្នេរ​រាម សំដៅ​មក​រង្វង់ មូល​ព្រះថោង គណៈ​ពេល​មក ដល់​កន្លែងកើតហេតុ រថយន្ត​បាន​បើក​ឆ្លងស្ពាន មាន​ល្បឿន​លឿន បាន​រេ​ចង្កូត​ឡើង​ខឿន ទ្រុង​ផ្លូវ ជ្រុល​ទៅបុក​ជាមួយនឹង បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ដាច់​កង់​ខាងស្ដាំ ក្រឡាប់ អូស​ជិត ១០០ ម៉ែត្រ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ប្រាំ​នាក់ ជិះ​នៅ​បាំង​ខាងក្រោយ នៃ​រថយន្ត ធ្លាក់​មកលើ​ផ្លូវ រងរបួស​ធ្ងន់ធ្ងរ ចំណែកឯ​មនុស្ស ក្នុង​កាប៊ីន​រថយន្ត មាន​ចំនួន ប្រាំ​នាក់ រងរបួស​ធ្ងន់​គួរសម ចំណែកឯ​រថយន្ត រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ភ្លាមៗ​។ ចំណែកឯ​រថយន្ត ត្រូវបាន​អាជ្ញាធរ នៅ​ស្រុក​ព្រៃនប់ ស្ទូច​យកទៅ រក្សាទុក​នៅ​ប៉ុស្តិ៍ ដើម្បី​ដោះស្រាយ តាម​នីតិវិធី ៕/V​-PC