បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​ត្រី ទៅបុក​រថយន្ត ពីក្រោយ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

1035
ចែករម្លែក

​​ដោយ​៖ ពស​ /
​ពោធិ៍សាត់​៖ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ កាលពី​ម៉ោង ៤:៥0 នាទី ទៀបភ្លឺ ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨១-១៨២ ស្ថិតក្នុង​ភូមិ​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​។​

​ប្រ​ភ​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង សណ្ដោង​រ៉ឺម៉ក​ដឹក​ត្រី បើក​ក្នុងទិសដៅ ពី​កើ​តទៅ​លិច ពេលមកដល់ ចំណុចកើតហេតុ ស្រាប់​ទៅបុក​រថយន្ត​ធុន​ធំ មិន​ស្គាល់​ម៉ាក ពីក្រោយ ពេញទំហឹង បណ្តាល​អ្នកបើក​ម៉ូតូ ឈ្មោះ​ចាន់ ធា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ស្លាប់​ភ្លាមៗ និង​អ្នករួមដំណើរ ឈ្មោះ​សេង អាយុ ៣៨ ឆ្នាំ រងរបួស​ធ្ងន់​។ បុរស​ពីរ​នាក់​នេះ រស់នៅ​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជាមួយគ្នា​។ ចំណែក​ម៉ូតូ បាន​ហូ​ប្រេងសាំង ហើយ​ឆ្លង​ឆាបឆេះ​ខ្ទេច​អស់​។ រីឯ​អ្នកបើករថយន្ត បាន​បើក​គេចខ្លួន​បាត់ស្រមោល នៅក្រោយពេល​កើតហេតុ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ សម​ត្ត​កិច្ច បាន​ចុះទៅ​ធ្វើ​កំណត់ហេតុ ហើយ​បានប្រគល់​សាកសព ឱ្យ​ក្រុមគ្រួសារ​។ ឯ​អ្នករងរបួស​ធ្ងន់ បាន​ត្រូវ​ដឹក​មក​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​។ វត្ថុតាង បាន​យកមក​រក្សាទុក នៅ​ប៉ូលិស​ក្រុង​ពោធិ៍សាត់ និង​ស្វែងរក​រថយន្ត ដែល​បើក​រត់គេច​បាត់​នោះ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម