​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ តារាចម្រៀង​គ្រីស ប្រោ​ន (Chris Brown) កំពុង​ត្រូវបាន​ប្តឹង​ពី​បទ​រំលោភ​សេពសន្ថវៈ​ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា ខណៈ​ជនរងគ្រោះ​អះអាង​ថា​តារា​ចម្រៀង​រូប​​នេះ​បាន​ដាក់​ថ្នាំ​នាង និង​រំលោភ​នាង​នៅ​លើ​នាវា​កម្សាន្ត​មួយ​នៅ​ឯ​ផ្ទះ​របស់​មហាសេដ្ឋី​ចម្រៀង​រ៉ែ​ប​ម្ចាស់​បទ Diddy’s Florida រូបនេះ​។​

​ស្ត្រី ដែល​គេ​ស្គាល់​អត្តសញ្ញាណ​ក្នុង​ឯកសារ​តុលាការ​ថា ជេ​ន ដូ (Jane Doe)​កំពុង​ទាមទារ​សំណង​ចំនួន ២០ លាន​ដុល្លារ​ពី​តារា​រ៉ែ​ប​រូបនេះ​។​

​យោង​តាម​បណ្តឹង​រដ្ឋប្បវេណី ដែល​ដាក់​ប្តឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មករា​និង​បាន​ឃើញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង គ្រីស ប្រោនបាន​អញ្ជើញស្ត្រី​រូបនេះ ដែល​គេ​ពណ៌នា​ថា​ជា​អ្នក​ច្រៀង អ្នករាំ តារា​បង្ហាញ​ម៉ូត​និង​តន្ត្រី​ការិនី ទៅកាន់​នាវា​កម្សាន្ត​ភ្លាមៗ​បន្ទាប់ពី​នាង​បាន​មក​ដល់​ទីក្រុង​ម៉ៃ​អា​មី​កាលពី​ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ ២០២០​។​

​នាង​បាន​និយាយ​ថា​ភេសជ្ជៈ​ដែល​គាត់​ជូន​នាង​នៅ​ទីនោះ​បាន​ធ្វើឱ្យ​នាង​មាន​អារម្មណ៍ “​វង្វេងវង្វាន់ និង រាងកាយ​លែង​នឹងនរ​”​។​

​ឯកសារ​តុលាការ​និយាយថា ប្រោនបាន​នាំនាង​ចូលទៅ​ក្នុង​បន្ទប់គេង ហើយ​បើ​ទោះជា​នាង​ជំទាស់ ក៏​គាត់​នៅតែ​ចាប់​រំលោភ​នាង​។​

​បណ្តឹង​ដែល​បាន​ប្តឹង​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​បាន​និយាយថា “​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់​ដែល​ដើមចោទ ជែន ដូ បាន​ជួបប្រទះ បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​មនសិការ​និង​បង្ក​ការតក់ស្លុត​ដល់​យើង​ទាំង​​អស់​គ្នា​។ ពេលវេលា​បាន​មក​ដល់​ហើយ​ដើម្បី​ផ្ញើ​សារ​ទៅ​ចុងចោទ គ្រីស ប្រោ​ន ថា វា​គឺ​គ្រប់គ្រាន់​ហើយ​”​។​

“​អាស្រ័យហេតុនេះ ដើមបណ្តឹង ជែន ដូ បាន​នាំ​យក​ពាក្យបណ្តឹង​នេះ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្លួន​នាង​ផ្ទាល់ (​និង​ដោយ​ក្តីសង្ឃឹម​ថា វា​អាច​ធ្វើជា​គំរូ​ដល់​អ្នកដទៃ​) ដែល​ឥឡូវនេះ​ឬ​ពី​អតីតកាល បានឃើញ​ខ្លួនឯង​ក្លាយជា​ជន​រង​គ្រោះ​របស់​ចុងចោទ​គ្រីស ប្រោ​ន​”​។​

​មេធាវី​ឈ្មោះ អា​រៀល មី​ត​សែ​ល (Ariel Mitchell)​និង​ច​ច វី​រ៉ាបេក (George Vrabeck) បាន​ប្រាប់​វេបសាយ TMZ ថា កូនក្តី​របស់​ពួកគេ​មិន​បាន​រាយការណ៍​អំពី​ការរំលោភ​នេះ​ទៅ​ប៉ូលីស​ទេ ដោយសារតែ​នាង​ខ្មាស់អៀន​។​

​គ្រីស ប្រោ​ន ដែល​ឈ្នះ​ពាន​ពាន Grammy បាន​ចូល​ទៅ​កាន់ Instagram បន្ទាប់​ពី​ព័ត៌មាន​នេះ​បាន​បែកធ្លាយ​។​

​រូបគេ​បាន​សរសេរថា “​ខ្ញុំ​សង្ឃឹមថា​អ្នក​រាល់​គ្នា​នឹង​បានឃើញ​គំរូ [​សញ្ញា​អារម្មណ៍​នៃ​មួក​ពណ៌​ខៀវ​]​។ សញ្ញា​មួក​ពណ៌​ខៀវ​ត្រូវបាន​ប្រើ​ដើម្បី​បញ្ជាក់​រឿង​មិន​ពិត​។​នៅពេលណា​ដែល​ខ្ញុំ​បញ្ចេញ​តន្ត្រី​ឬ​គម្រោង​​អ្វីមួយ ពួកគេ​តែងតែ​ព្យាយាម​ប្រឌិត​រឿង​មិន​ពិត​មក​វាយប្រហារ​”​។​

​ក្នុង​ឆ្នាំ ២០០៩ ប្រោន​ត្រូវបានកាត់ទោស​ពីប​ទ​វាយដំ​តារាចម្រៀង​រី​ហា​ណា ដែល​គ្រានោះ​គឺជា​មិត្ត​ស្រី​របស់​គេ ដែល​បាន​ខកខាន​មិន​បាន​ទទួល​ពានរង្វាន់ Grammy ដោយសារ​របួស​របស់​នាង​។​

​រូបគេ​ក៏​ធ្លាប់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់​រំលោភ​នារី​ម្នាក់​ក្នុង​សណ្ឋាគារ​ប្រណីត​មួយ​នៅ​ទីក្រុង​ប៉ារីស​ផងដែរ​។ ប្រោនបាន​បដិសេធការ​អះអាង​នោះ ហើយ​មិន​ត្រូវបាន​ចោទប្រកាន់​ទេ​៕

គ្រីស ប្រោ​ន ត្រូវ​នាង​ជែន ដូ ចោទ​ថា​រំលោភ​នាង​កាលពី​ឆ្នាំ​២០២០