ដោយៈ សុផល / ភ្នំពេញៈ ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារ ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ នូវអនុសាសន៍ណែនាំសំខាន់ៗ ចំនួន ១០ ចំណុច សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តអនុវត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ នៅក្នុងឆ្នាំ២០២២ នេះ។
អនុសាសន៍ណែនាំសំខាន់ទាំង ១០ ចំណុច របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រួមមានៈ
ទី១. ជំរុញការអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវផែនការសកម្មភាព នៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលស្ថិតក្នុងសសរស្តម្ភទី២ នៃក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះ មានជាអាទិ៍ សហការជាមួយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់នូវផែនការមេ ស្តីពីប្រព័ន្ធ ដឹកជញ្ជូន ពហុមធ្យោបាយ និងឡូជីស្ទីកកម្ពុជា ជំរុញការសម្រួលដល់ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន សំដៅសម្រួលពាណិជ្ជកម្ម និងទេសចរឆ្លងកាត់ ព្រមទាំងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកថៃ, ប៉ោយប៉ែត-អារញ្ញ ប្រាថេត, ស្ទឹងបត់-បានណងអៀង និងព្រៃវល្លិ៍-ប៊ិញហៀប និងបណ្តាផ្លូវសំខាន់ៗ ឱ្យចប់សព្វគ្រប់។ បន្តស្តារ និងពង្រឹងគុណភាពផ្លូវជាតិសំខាន់ៗ ដូចជា ធ្វើឱ្យប្រសើរ ឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣១, ផ្លូវលេខ៣៣, ផ្លូវលេខ៤១, ផ្លូវលេខ ៤៨, ផ្លូវលេខ ៥០ (កំពង់ឆ្នាំង-កំពង់ធំ), ផ្លូវលេខ ៥០សេ (ផ្សារក្រោមនៃផ្លូវជាតិ លេខ៥ ទៅភូមិរការនៃផ្លូវជាតិលេខ ៦), ផ្លូវលេខ ៧១ សេ (ក្រុងសួង-ចំការលើ), ផ្លូវជាតិលេខ៧ ស្តន់-កំពង់ចាម, ផ្លូវកំពង់ចាម-ត្រពាំងផ្លុង, ផ្លូវតភ្ជាប់បាត់ដំបង-សៀមរាប និង ផែនការសកម្មភាពដទៃទៀត។
ទី២. បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការសាងសង់ មានជាអាទិ៍ គម្រោងផ្លូវក្រវាត់ក្រុងទី៣, គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោង កំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) និង (ធ្លាម្អម-បាត់ដំបង), គម្រោងផ្លូវជាតិ លេខ១០, គម្រោងផ្លូវជាតិលេខ ២ និងលេខ២២, គម្រោងកំណាត់ផ្លូវជាតិ លេខ៧ (ត្បូងឃ្មុំ-ក្រចេះ) និងបណ្តាផ្លូវជាតិសំខាន់ៗផ្សេងទៀត។ បន្តផ្តោតការយកចិត្តទុកដាក់ លើគុណភាពនៃ ហេដ្ឋារចនាសម្ព័ន្ធ ដោយត្រូវទទួលយកតែគម្រោងណា ដែលបានសាង សង់ត្រឹមត្រូវតាមស្តង់ដា និងស្របតាមលក្ខណៈបច្ចេកទេស។
ទី៣. បន្តកិច្ចសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកសាង និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងផ្លូវទឹក និងបន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ រួមទាំងបទដ្ឋានបច្ចេកទេស ក្នុងការសាងសង់, ជួសជុលថែទាំ និងប្រតិបត្តិការ ទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងបន្តជំរុញបញ្ចប់ ការតភ្ជាប់តំណ ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង ពីលំនៅឋានប្រជាជន និងទីតាំងអាជីវកម្ម មកកាន់ ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀងសាធារណៈ។ ត្រូវបន្តកិច្ចសហការ ជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ សំដៅជំរុញការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ នៅតាមបណ្តាផ្លូវជាតិសំខាន់ៗ និងផ្លូវក្នុងទីប្រជុំជន ពិសេស ការរៀបចំស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយចម្រុះទឹកកខ្វក់ ទីលានកប់កាកសំណល់ និងសំរាម នៅបណ្តាខេត្តសំខាន់ៗ និងតាមតំបន់មាត់សមុទ្រ។
ទី៤. តាមអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី, បន្តជំរុញការសិក្សា គម្រោងអភិវឌ្ឍន៍ ផ្លូវដែកនៅកម្ពុជា ដែលមានស្រាប់ សំដៅឱ្យក្លាយទៅជាផ្លូវ ដែកល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ និងពីរាជធានីភ្នំពេញ ទៅប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប និង បន្តឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ព្រមទាំងជំរុញដំណើរការស្តារ និងលើកកម្រិត សមត្ថភាពប្រតិបត្តិការ ដឹកជញ្ជូនតាមផ្លូវដែក ឱ្យមានចលនារស់រវើក និងប្រកបដោយ ប្រសិទ្ធភាព។
ទី៥. បន្តជំរុញបញ្ចប់ការរៀបចំអនុក្រឹត្យ ស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែក និងចំណុច ឆ្លងកាត់ រវាងផ្លូវដែក និងផ្លូវថ្នល់ ដើម្បីគ្រប់គ្រងដីចំណីផ្លូវដែក ឱ្យមានប្រសិទ្ធភាព និង បញ្ចៀសការទន្ទ្រានកាន់កាប់នានា និងបន្តសហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញការចុះបញ្ជីដីកម្មសិទ្ធិ ស្ថានីយរថភ្លើងដែល នៅសេសសល់។
ទី៦. បន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយ និងជំរុញប្រតិបត្តិការ ដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងការធ្វើអាជីវកម្មកំពង់ផែ ឱ្យកាន់តែល្អប្រសើរឡើង រួមទាំងបន្តជំរុញបញ្ចប់ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិ ឆ្លើយតបនឹងការកំពប់ប្រេង ផងដែរ។
ទី៧. បន្តយកចិត្តទុកដាក់ លើការពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើ ប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យ បទល្មើសចរាចរណ៍ផ្លូវគោក លើទូរស័ព្ទដៃ និងបន្តជំរុញការអភិវឌ្ឍកម្មវិធី (APP) តាមដានគ្រប់គ្រងព័ត៌មាន, ប្រវត្តិមធ្យោបាយ, វឌ្ឍនភាព និងការវាយតម្លៃ លើការអនុវត្តគម្រោង ចាប់តាំងពីពេល បើកការដ្ឋានសាងសង់ រហូតដល់សម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ទី៨. ខិតខំបន្តកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដើម្បីពន្លឿនការរៀបចំ គោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹង វិស័យសាធារណការ និងដឹកជញ្ជូន និងឡូជីស្ទីក ដែលជាតម្រូវការទៅតាមលក្ខខណ្ឌ នៃសកលភាវូបនីយកម្ម និងសមាហរណកម្ម ផ្ទៃក្នុងប្រទេស និង ក្នុងតំបន់។
ទី៩. បន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ថ្នាក់ឧត្តមសិក្សា និងវគ្គជំនាញបច្ចេកទេស សាធារណការ និងដឹកជញ្ជូន និងឡូជីស្ទីក តាមរយៈវិទ្យា ស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន រួមទាំងការពង្រឹងសមត្ថភាពផ្នែកពិសោធន៍ សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមន្ទីរពិសោធន៍សំណង់ និងសាធារណការ ជាដើម។
ទី១០. បន្តលើកកម្ពស់គុណភាព នៃការផ្តល់សេវា ឱ្យបានល្អប្រសើរ ជូនប្រជាជន និងរុញសេវាសាធារណៈ ឱ្យកាន់តែខិតទៅជិតប្រជាជន ព្រមទាំងបន្តដាក់ចេញ និង អនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ផ្តល់សេវាសាធារណៈថ្មីៗ ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត៕/V