ដោយៈ​សុផល​/ភ្នំពេញ​៖​ប្រទេស​មហាអំណាច​ទាំង​រុស្ស៊ី និង​សហរដ្ឋ​អាម៉េរិក ក៏ដូចជា​អង្គការ​ណា​តូ នឹងមិន​បណ្ដោយឱ្យ​វិបត្តិ​អ៊ុយ​ក្រែ​ន ផ្ទុះ​រាលដាល​ទៅជា​សង្គ្រាម​ប្រឈម​រវាង​មហាអំណាច​នោះឡើយ​។​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​រុ​ស្ស៉ី និង​ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​ដែនដី​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រុ​ស្ស៉ី កាលពី​អតីត​កាលនោះ មិនអាច​ផ្ទុះឡើង​នោះឡើយ​។​នេះ​ជាការ​លើកឡើង​របស់លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។​

​ក្នុងឱកាស​ថ្លែង​បកស្រាយ​នៅក្នុង​កិច្ចពិភាក្សា​តុមូល ស្ដីពី «​ភាព​តានតឹង​រវាង​បក្សសម្ព័ន្ធ​ណា​តូ និង​សហព័ន្ធរុស្ស៊ី​» នា​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ លោក​បណ្ឌិត​បាន​ថ្លែងថា​៖​ក្នុងពេលដែល​វិបត្តិ​អ៊ុយ​ក្រែ​ន​បាន និង​កំពុង​បន្ត​រ៉ាំរ៉ៃ​រហូតដល់​ឈានទៅ​ការ​ប្រឈម​ដាក់គ្នា​ខាង​កម្លាំងយោធា មហាអំណាច​បស្ចិមប្រទេស និង​រុស្ស៊ី កំពុងតែ​ដាក់​លក្ខខណ្ឌ​ទៅ​ដៃគូ​របស់ខ្លួន​ឱ្យ​ប្រកាន់​ជំហរ​ដកថយ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​នេះ​។ រុស្ស៊ី​បានទាមទារ​ឱ្យ​សហរដ្ឋ​អាម៉េរិក និង​អង្គការ​ណា​តូ ធានា ថា​ខ្លួន​នឹងមិន​ទទួលយក​អ៊ុយ​ក្រែ​ន​ជា​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​នេះឡើយ​ហើយ​ត្រូវ​ដក​កងទ័ព​ចេញពី​តំបន់​អឺរ៉ុប​ខាងកើត​ដែល​បង្ក​ជាការ​គម្រាម កំហែង​សន្តិសុខ​ជាតិ​រុស្ស៊ី​។ ចំណែក​សហរដ្ឋ​អាម៉េរិក និង​អង្គការ​ណា​តូ បាន​ព្រមាន​នឹងដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី ប្រសិនបើ​ប្រទេស​នេះ​ហ៊ាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន ព្រមទាំង​បាន​បញ្ជូន​រថក្រោះ និង​សព្វាវុធ​ជាច្រើន​ទៅកាន់​អ៊ុយ​ក្រែ​ន ដើម្បី​ចូលរួម​ពង្រឹងសមត្ថភាព​ការពារ​របស់​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​ទោះជា​យ៉ាងណាលោក​បណ្ឌិតសភា​ចា​រ្យសុខ ទូច បាន​អះអាងថា​សង្គ្រាម​រវាង​មហាអំណាច​នៅក្នុង​ករណី​ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​មិនអាច​កើតមានឡើង​បានឡើយ ហើយ ​ចុងក្រោយ​អ្នក​ដែល​រងគ្រោះ​គឺជា​ប្រទេស​អ៊ុយ​ក្រែ​ន​។​ជំហរ​របស់​បស្ចិមប្រទេស​នាពេលនេះ គឺ​គ្រាន់តែ​ជាការ​លើកទឹកចិត្ត​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ក្នុង​វិបត្តិ​ជាមួយ រុស្ស៊ី​ប៉ុណ្ណោះ ប៉ុន្តែ​មហាអំណាច​សុទ្ធតែ​មិនអាច​បណ្ដោយ​ឱ្យមាន​ផ្ទុះឡើង​នូវ​សង្គ្រាម​រវាង​គ្នា​បាន​នោះឡើយ​។

​នៅក្នុង​ពេលដែល​វិបត្តិ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត កិច្ចចរចា​រវាង​មហាអំណាច ពិសេស​រវាង​សហព័ន្ធរុស្ស៊ី និង​សហរដ្ឋ​អាម៉េរិក​នៅតែ​បន្ត ដើម្បី​បញ្ចៀស​ឱ្យបាន​នូវ​ការប្រឈមមុខ​ដាក់គ្នា​ដោយផ្ទាល់​រវាង​មហាអំណាច​យោធា​ពិភពលោក​ទាំងពីរ នេះ​។ លោក​បណ្ឌិតសភា​ចា​រ្យ​បន្ថែមទៀតថាប្រសិនបើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កើតមានឡើង​ពិតមែន នោះ​វា​នឹង​អាច​បន្ត ឆាបឆេះ​ទៅជា​សង្គ្រាមលោកលើកទី​៣ ដែល​ត្រង់ចំណុច​នេះ គឺជា​ចំណុច​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​សម្រាប់​មហាអំណាច​ពិភពលោក​។​

​បើតាម​ប្រសាសន៍​លោក​បណ្ឌិតសភា​ចា​រ្យ ករណី​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​នេះ មាន​ប្រទេស​៤​ដែល​កំពុងតែ​សប្បាយចិត្ត​គឺ ប្រទេស​ចិន អ៊ីរ៉ង់ មី​យ៉ាន់​ម៉ា និង​កូរ៉េខាងជើង ដែល​ក្នុងករណី​សហរដ្ឋ​អាម៉េរិក​អន្តរាគមន៍​កាន់តែខ្លាំង​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​អាច​នឹង​ឈានទៅ​ស្វែងរក​ការគាំទ្រ​ទៅវិញទៅមក​ជាមួយ​ប្រទេស​ទាំង​៤​នេះ​ដែល​កំពុង​ប្រឈម​នឹង​សហរដ្ឋ​អាម៉េរិក​ស្រាប់​។​លើសពីនេះទៅទៀត​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ជាងគេ​គឺ​ប្រទេស​ចិន​ដែល​ចិន​នឹងមាន​ឱកាស​សម្ងំ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ព្រមទាំង​ធ្វើការ​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធា​របស់ខ្លួន ដោយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី ឬ​ឆ្លៀតឱកាស​នៃ​ការប៉ះទង្គិច​គ្នា​នេះ លួច​ចម្លង​បច្ចេកវិទ្យា​យោធា ពី​មហា អំណាច​នានា​។​

​សូមជម្រាបថា​៖​កិច្ចពិភាក្សា​តុមូល ស្ដីពី «​ភាព​តានតឹង​រវាង​បក្សសម្ព័ន្ធ​ណា​តូ និង​សហព័ន្ធរុស្ស៊ី​»​ក្រៅពី​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច មានការ​អញ្ជើញ​ចូលរួម​ពី​វាគ្មិន​ជំនាញ​ចំនួន​៣​រូប​ទៀត គឺ​លោក​បណ្ឌិត សួស យ៉ា​រ៉ា សមាជិកសភា​កម្ពុជា និង​អ្នកកាសែត​ជើងចាស់​ពីររូប​ទៀត គឺ​លោក ប៉ែន បូ​ណា និពន្ធ​នាយក​ទូរទស្សន៍​PNN និង​ជា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​និង​លោក ពុ​យ គា អ្នក​ឆ្ល់​យ​ឆ្លង​ពត៌មាន​របស់​កាសែត​ក្យូ​ដូ ប្រចាំ​កម្ពុជា​និង​សម្របសម្រួល​ដោយ​លោក​បណ្ឌិត គិ​ន ភា អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​

​លោក ប៉ែន បូ​ណា បាន​ហៅ​ការ​ប្រឈម​រវាង​ប្រទេស​រុ​ស្ស៉ី និង​អង្គការ​ណា​តូ លើ​រឿង​របស់​អ៊ុយ​ក្រែ​ន​នាពេលនេះ គឺ​ផ្តើមចេញពី​ការកំណត់ «​បន្ទាត់​ក្រហម​»​។ «​បន្ទាត់​ក្រហម​» ដែល​លោក ប៉ែន បូ​ណា សំដៅ​ដល់​នេះ គឺ​ទី​១ ប្រទេស​រុ​ស្ស៉ី បាន​គូស «​បន្ទាត់​ក្រហម​» មិនឱ្យ​អ៊ុយ​ក្រែ​ន ក្លាយជា​សមាជិក​របស់​អង្គការ​ណា​តូ ហើយ​អង្គការ​ណា​តូ ក៏បាន​គូស «​បន្ទាត់​ក្រហម​» មួយ​ដែរ គឺ​មិន​អនុញ្ញាតឱ្យ​រុ​ស្ស៉ី លើកទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​នោះឡើយ​។​លោក ប៉ែន បូ​ណា បានបញ្ជាក់​ដូច្នេះ «​ឥឡូវនេះ ការ​ប្រឈម​ដាក់គ្នា​រវាង​អង្គការ​ណា​តូ និង​សហព័ន្ធ​រុ​ស្ស៉ី វា​នៅក្នុង​បន្ទាត់​ក្រហម​ពីរ​ហ្នឹង​»​។​

​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​រូបនេះ​បាន​បន្តថា អង្គការ​ណា​តូ បាន​មើលឃើញថា ណា​តូ ដែលជា​គូបដិបក្ខ ឬ​ជា​គូសត្រូវ​របស់​រុ​ស្ស៉ី បាន​លូកដៃ​កាន់តែ​កៀក​ប្រទេស​រុ​ស្ស៉ី ដោយបាន​ប្រមូលយក​ប្រទេស​មួយចំនួនទៀត ដែលជា​អតីត​ដែនដី​គ្រប់គ្រង​ដោយ​សហភាពសូវៀត ទៅធ្វើជា​សមាជិក ដែលជា​ហេតុនាំឱ្យ​រុ​ស្ស៉ី បារម្ភ​ខ្លាំង​ដល់​សន្តិសុខ​ជាតិ​ខ្លួន ហើយ​ត្រូវ​ប្រឹងប្រែង​ទប់ស្កាត់​វាតទី​របស់​ណា​តូ​។​ចំណែក​រុ​ស្ស៉ី យល់ថា សន្តិសុខ​ជាតិ​របស់គាត់​ទទួល​ការគំរាមកំហែង អ៊ីចឹង​ហើយ​រុ​ស្ស៉ី គាត់​ត្រូវតែកំណត់​។ ចុងក្រោយ​នេះ​ណា​តូ ក៏​កំពុងតែ​ទាញយក​អ៊ុយ​ក្រែ​ន ដែល​ជាប់​នឹង​របង​ផ្ទះ​រុ​ស្ស៉ី មកជា​សមាជិក​របស់​ខ្លួន​។ អ៊ីចឹង​បន្ទាត់​ក្រហម ដែល​រុ​ស្ស៉ី ត្រូវ​គូស​នាពេលនេះ គឺ​ណា​តូ មិនអាច​យក​អ៊ុយ​ក្រែ​ន​ធ្វើជា​សមាជិក​របស់ខ្លួន​ទេ ពីព្រោះ​អ៊ុយ​ក្រែ​ន គឺជា​ដែន​ទ្រនាប់​ការពារ​សន្តិសុខ​ជាតិ​របស់​រុ​ស្ស៉ី​។ លោក​បាន​មើលឃើញថា ប្រតិកម្ម​របស់​រុ​ស្ស៉ី ជាមួយ​អ៊ុយ​ក្រែ​ន​នាពេលនេះ ដើម្បី​ទប់​មិនឱ្យ​អ៊ុយ​ក្រែ​ន​ចូលទៅ​អង្គការ​ណា​តូ ដែលជា​ការគំរាមកំហែង​ធំ​សម្រាប់​សន្តិសុខ​ជាតិ​របស់​រុ​ស្ស៉ី​។​

​ជាការ​សន្និដ្ឋាន លោក ប៉ែន បូ​ណា ក៏បាន​មើលឃើញ​ដែរ​ថា សង្គ្រាម​រវាង​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន មិនអាច​កើតឡើង​ឡើយ ដោយ​លោក​បាន​មើលឃើញ​ពី​កិច្ចប្រឹងប្រែង​ជាច្រើន ដើម្បី​បន្ថយកម្តៅ​នៅ​រវាង​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន​ហើយ មាន​កិច្ចប្រឹងប្រែង​ដោះស្រាយ​បញ្ហា ច្បាស់​ណាស់​ថា ទោះបី​មាន​ភាព​តានតឹង​ក៏ដោយ តែ​លោក​ជឿថា​ភាគី​ទាំងអស់​គាត់​មិន​ចង់​ធ្វើសង្គ្រាម​ទេ ដោយសារតែ​គាត់​យល់ថា សង្គ្រាម​នេះ​វា​នឹងធ្វើ​ឱ្យមាន​ការខាតបង់​ទាំងអស់គ្នា​។​

​លោក ពុ​យ គា​បាន​លើកឡើងថា​៖«​លទ្ធភាព​នៃ​ការប៉ះទង្គិច​គ្នា​រវាង​រុស្សី​និង​អ៊ុយ​ក្រែ​ន​នៅមាន​តិចតួចស្តួចស្តើង​នៅឡើយ​ដោយហេតុថា​មានការ​ចរចា​តាមរយៈ​ការទូត​ជា​បន្តបន្ទាប់​ដើម្បី​បញ្ចុះ​កំដៅ នៃ​ជម្លោះ ដូច្នេះ​ការ​ផ្ទះ​សង្គ្រាម អាច​នឹង​ចៀសផុត​»​។​

​ចំណែក​លោក​បណ្ឌិត សួស យ៉ា​រ៉ា សមាជិកសភា​កម្ពុជា បាន​ថ្លែងថា​«​សន្តិភាព​ប្រៀបដូចជា​អុកស៊ីសែន​អ៊ីចឹង​នៅពេល​គ្មាន​អុកស៊ីសែន​ទើប​ដឹងថា​វា​ពិបាក​។​ដូច្នេះ​ក្នុងនាម​កម្ពុជា​ជា​ប្រទេស អ​ព្យា​ក្រឹត្យ​និង​ជា​ប្រធាន​អាស៊ាន មិន​ចង់ឃើញ​មានការ​ផ្ទុះ​សង្គ្រាម​នោះ​ឡើយនិង​ចង់ឱ្យមាន​ដំណោះស្រាយ​តាមរយៈ​ការចរចា​ដោយ​សន្តិវិធី​»៕Ph