​ភ្នំពេញ​៖សកម្មជន​គ្រប់គ្រង​ថ្នាំជក់ កំពុង​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មានការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ដើម្បី​ប្រមូល​ចំណូល​ពន្ធ​បន្ថែម ព្រមទាំង​កាត់បន្ថយ​ផលប៉ះពាល់​ពី​ការជក់បារី​មកលើ​ប្រជាពលរដ្ឋ​ផងដែរ​។ ប្រសិន​ក្រឡេកមើល​មួយ​ភ្លែត ការដំឡើង​ពន្ធ អាចជា​ដំណោះស្រាយ​យ៉ាង​សាមញ្ញ​មួយ ក្នុងការ​លើកទឹកចិត្ត​ឲ្យ​មាន​កាត់បន្ថយ​ការជក់បារី ក៏ប៉ុន្តែ​ឧទាហណ៍​ជាច្រើន បាន​បង្ហាញថា ការ តម្លើង​ពន្ធ​នេះ មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​លើ​ការកាត់បន្ថយ​អត្រា​ការជក់បារី តែ​បែរជា​ផ្តល់​ផល​អវិជ្ជមាន​បញ្ច្រាស់​ម​ក​វិញ តាមរយៈ​ការជំរុញ​ឲ្យ​អ្នក​ជក់បារី​ងាក​ទៅរក​បារី​គេចពន្ធ​ខុសច្បាប់​វិញ ដែល​នេះ​អាច​បង្កើន​សកម្មភាព​ឧក្រិដ្ឋកម្ម និង​កាត់បន្ថយ​ចំណូល​ពន្ធ​បានមកពី​ផលិតផល​ថ្នាំជក់​ស្របច្បាប់​។​

​ប្រព័ន្ធ​ទិន្នន័យ​ស្រាវជ្រាវ​ឈានមុខ​គេ Microtrends បាន​បង្ហាញថា អត្រា​ការជក់បារី បាន​ថយចុះ​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ ថ្វីត្បិតតែ​កម្ពុ​ជាមាន​អត្រាពន្ធ​ត្រឹមតែ​២៥% ដែលជា​អត្រា​ទាប​ជាង​បណ្តា​ប្រទេសជិតខាង​ដូចជា ថៃ​(​ខ្ទង់​៧០%) សិង្ហ​បុរី​(​ជិត​៦៨%) និង​ម៉ាឡេស៊ី​(​ប្រហែល​៦៤%)​។ អត្រា​ការជក់បារី​នៅ​កម្ពុជា មាន​៣៤,៦% នៅ​ឆ្នាំ​២០០៧ ហើយ​នៅ​ឆ្នាំ​២០១៨ មាន​២១.៨%​។ តួលេខ​អត្រា​ការជក់បារី​នេះ បាន​សបញ្ជាក់​អំពី​ការអនុវត្ត​បាន​ប្រសើរ​របស់​កម្ពុជា ជាង​ម៉ាឡេស៊ី​ដែល​អត្រា​ការជក់បារី បាន​ថយចុះ​ត្រឹមតែ​៣,៩%​ប៉ុណ្ណោះ ក្នុង​រយៈពេល​១១​ឆ្នាំ (​ពី​២៥,៧% នៅ​២០០៧ ទៅ​២១,៨% នៅ​២០១៨) បន្ទាប់ពី​មានការ​តម្លើង​ពន្ធ​យ៉ាងគំហុក​។​

​ការដំឡើង​ពន្ធ នឹង​អាច​បង្កើន​ការជួញដូរ​ផលិតផល​បារី​ខុសច្បាប់ និង​កាត់បន្ថយ​ចំណូល​ពន្ធ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​។ ជា​រៀងរាល់ឆ្នាំ ប្រាក់​រាប់ពាន់​លាន​នៃ​ពន្ធ​អាករ​បារី និង​ពន្ធ​ពាក់ព័ន្ធ​ផ្សេងទៀត ត្រូវ​បាត់បង់​ទៅ​ទីផ្សារងងឹត ដែល​ចំណូល​បាត់បង់​នេះ គួរ​ត្រូវបាន​យកមកប្រើ​ប្រាស់​សម្រាប់​អភិវឌ្ឍន៍​កម្មវិធី​ការងារ​សាធារណៈ ជាជាង​ធ្លាក់​ទៅលើ​ដៃ​ឧក្រិដ្ឋជន​។ យោងតាម​ស្ថាប័ន Oxford Economics កាលពី​ឆ្នាំ​២០១៧ បារី​ចំនួន​៦,១%​នៅ​កម្ពុជា គឺ​ផលិតផល​ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ចំណូល​ពន្ធ​ចំនួន​១៣,២​ពាន់​លាន​រៀល (៣,៣​លាន​ដុល្លារ​) ដែលជា​តួលេខ​ខ្ពស់​ជាងគេ ចាប់តាំងពី​ឆ្នាំ​២០១៣​មក ដែល​ត្រូវបាន​កត់ត្រា​ដោយ​កម្មវិធី​ស្រាវជ្រាវ​សូចនាករ​ថ្នាំជក់​ខុសច្បាប់​អាស៊ី​។​

​ការសិក្សា​មួយ​ដោយ​បណ្តាញ​ស្រាវជ្រាវ SSRN បាន​រកឃើញថា ជាទូទៅ​នៅពេល​បារី​ស្របច្បាប់​ឡើងថ្លៃ​១០% ដែល​អាចជា​លទ្ធផល​នៃ​ការដំឡើង​ពន្ធ បណ្តាល​ឲ្យ​មាន​ការ​ចរាចរណ៍​បារី​ខុសច្បាប់​កើនឡើង​៣,៦% នៅលើ​ទីផ្សារ​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៦ ប្រទេស​ម៉ាឡេស៊ី បាន​តម្លើង​ពន្ធ​លើ​ផលិតផល​បារី​យ៉ាងគំហុក ធ្វើ​ឲ្យ​អាជីវកម្ម​បារី​ខុសច្បាប់​និង​ការ​គេចពន្ធ​កើនឡើង​ផងដែរ​។ បើតាម​សារព័ត៌មាន​ម៉ាឡេស៊ី the New Straits Times បារី​ជាង​៦៥%​នៅ​ម៉ាឡេស៊ី គឺជា​បារី​ខុសច្បាប់ ហើយ​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ខាតបង់​ចំណូល​ពន្ធ​ចំនួន​៥​ពាន់​លាន​រីង​ហ្គី​ត (១,២​ពាន់​លាន​ដុល្លារ​)​។

​ដោយសារ​ការឡើង​ថ្លៃ​បារី​ភ្លាមៗ បណ្តាលមកពី​ការ​តម្លើង​ពន្ធ​យ៉ាងគំហុក ធ្វើ​ឲ្យ​អ្នក​ជក់​ពេញវ័យ ជារឿយៗ បែរជា​ងាក​ទៅរក​ជម្រើស​បារី​តម្លៃថោកៗ គេចពន្ធ​វិញ ដែល​បង្កើន​ឱកាស​ដល់​ក្រុម​ឧក្រិដ្ឋជន​។ រយៈពេល​២​ឆ្នាំ​កន្លងទៅ អាជ្ញាធរ​នៅ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​មួយចំនួន ចាប់បាន​នាវា​ដឹក​បារី​ជាច្រើន​មាន​ប្រភពពី​កម្ពុជា​។ សារព័ត៌មាន​ចិន​SHINE បាន​រាយការណ៍​នៅ​ខែតុលា ២០២០​ថា ប៉ូលីស​បាន​ចាប់​ជនសង្ស័យ​ចំនួន​៤៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​ការជួញដូរ​បារី​ខុសច្បាប់​មានតម្លៃ​៤០០​លាន​យ៉​ន (៥៩,៥​លាន​ដុល្លារ​) នៅក្នុង​បេសកកម្ម​ឆ្លងដែន​បង្ក្រាប​ឧក្រិដ្ឋកម្ម​ធំ​បំផុត​មួយ ក្នុង​ទីក្រុង​សៀង​ហៃ​។ ពួកគេ​ត្រូវបាន​សង្ស័យថា​បាន​ផលិត​បារី​ចិន​ក្លែងក្លាយ​ម៉ាក​ថ្លៃៗ ដូចជា Chunghwa, Peony និង Panda នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ជួញដូរ​ទៅកាន់​ប្រទេស​ចិន ហើយ​គ្រោង​លក់​វា​នៅ​ទូទាំងប្រទេស​ចិន​។​

​បណ្តាញ​បារី​ខុសច្បាប់​នៅ​កម្ពុជា មាន​វត្តមាន​រួចមកហើយ ដើម្បី​សម្រួលការ​រត់ពន្ធ​បារី​ទៅកាន់​ប្រទេសជិតខាង ដូចជា​ចិន វៀតណាម ថៃ និង​ឥណ្ឌា​។ ជា​សំណាង​ក៏​ថា​បាន ដែល​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ មិនទាន់​ងាក​មក​វាយលុក​ចូល​ទីផ្សារ​ក្នុងស្រុក​។ បើ​មានការ​ដំឡើង​ពន្ធ​យ៉ាងគំហុក រាជរដ្ឋាភិបាល​ដូចជា​ចាក់​ប្រេងសាំង​បន្ថែម​លើ​គំនរ​ភ្លើង​នៃ​បារី​ខុសច្បាប់ ហើយ​ជំរុញ​ឧក្រិដ្ឋជន បង្វែរ​ទិសដៅ​មក​ទីផ្សារ​ក្នុងស្រុក​វិញ​។​

​ឆ្លងកាត់​តាម​បទពិសោធន៍​ពី​បណ្តា​ប្រទេស​នានា បង្ហាញថា ការដំឡើង​ពន្ធ​យ៉ាងគំហុក​ភ្លាមៗ មិនមាន​ផល​វិជ្ជមាន​នោះទេ​ដូចជា រដ្ឋាភិបាល​នឹង​ប្រឈម​ការបាត់បង់​ចំណូល​ពន្ធ ដោយសារ​បារី​ស្របច្បាប់ ឡើងថ្លៃ​ហួស​ពី​សមត្ថភាព​ចំណាយ​របស់​អ្នកប្រើប្រាស់ ហើយ​អ្នកប្រើប្រាស់​នឹង​ងាក​ទៅរក​បារី​ដែល​ធូរ​ថ្លៃ​ជាង​វិញ​ដែលជា​ញឹកញាប់​គឺជា​បារី​ខុសច្បាប់ ដែល​ត្រូវ​លក់​និង​ចែកចាយ​ដោយ​ឧក្រិដ្ឋជន ដែល​ការណ៍​នេះ​មិន​អាចជួយ​យុទ្ធសាស្ត្រ​លើកកម្ពស់​សុខភាព​សាធារណៈ​បាន​ដោយ​ជោគជ័យ​នោះឡើយ​។
​ការប្រើប្រាស់​យន្តការ​រ​យៈ​ពេល​វែង និង​មានការ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​អំពី​គោលនយោបាយ​ពន្ធ​បារី ព្រមទាំង​ការពង្រឹង​ការអនុវត្តន៍​ច្បាប់​ដោយ​តឹងរឹង​ហ្មត់ចត់ នឹង​ជួយ​សម្រេច​គោលបំណង​របស់​រដ្ឋាភិបាល ក្នុងការ​ប្រមូល​ចំណូល​ពន្ធ​ប្រកបដោយ​ចីរភាព​។ ខណៈ​ការអប់រំ​សាធារណជន​អំពី​ផលប៉ះពាល់​នៃ​ការជក់បារី និង​របៀប​រស់​នៅ​តាម​ក្បួន​សុខភាព អាចជួយ​សម្រេច​គោលនយោបាយ​សុខភាព​សាធារណៈ​បាន​៕Ph