ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ទំនងជា​ស្រវឹងស្រា បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា បុក​ចូល​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មនោ​រម្យ ហើយ​បុរស​នោះ ក៏​ត្រូវបាន​សន្តិសុខ យាម​នៅ​មន្ទីរពេទ្យ ចាប់ចង​ស្លាបសេក ភ្ជាប់​ជាមួយ​ម៉ូតូ កង់​បី​ឥណ្ឌា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៩ យប់ ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០២២ នៅតាម​បណ្ដោយ​ផ្លូវ ៣៧១ សឡា ស្ថិតក្នុង​សង្កាត់ ស្ទឹងមានជ័យ​ទី​១ រាជធានី​ភ្នំពេញ​។​

​តាម​ការរៀបរាប់​ពី​សន្តិសុខ យាម​នៅ​មន្ទីរពេទ្យ បាន​ឲ្យ​ដឹងថាៈ មុន​កើតហេតុ បុរស​ដែល​បើក ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HY-3345 ទំនងជា​ស្រវឹងស្រា​ខ្លាំង និង​មាន​ចេតនា បើក បុក​ចូល​មន្ទីរពេទ្យ ២ លើក​ហើយ ដោយ​លើក​ទី​១ មិនបាន​បញ្ជាក់ ពី​ថ្ងៃខែ​ឆ្នាំ នេះ​ទេ លុះ​លើក​ទី​២ ម៉ោង​កើត ហេតុ​ខាងលើ ខណៈដែល​បុរស​បើក​ម៉ូតូ​កង់​បី​ខាងលើ ឈប់​នៅ មុខ​មន្ទីរពេទ្យ ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ស្រាប់តែ​បើក​បុក​ចូល​អាហារ​ដ្ឋា​ន របស់​មន្ទីរពេទ្យ បណ្ដាលឱ្យ​បែក​ទ្វារ​កញ្ចក់ និង​រង​ការខូចខាត សម្ភារៈ​មួយចំនួន​។ ភ្លាមនោះ រូបគាត់​ជា​សន្តិសុខ ដែល​យាម និង​មើល​ការខុសត្រូវ នៅ​មន្ទីរពេទ្យ ឃើញ​មាន​ដប​សាំង ១​ដប នៅលើ​ម៉ូតូ​កង់​បី ខណៈនោះ រូបគាត់ ខ្លាច​អ្នកបើកបរ យក​សាំង​នោះ មកចាក់​ដុត​មន្ទីរពេទ្យ ទើប​រូបគាត់ យក​ក្រណាត់ស មក​ចង​អ្នកបើកបរ ម៉ូតូ​កង់​បី ភ្ជាប់​នឹង​ម៉ូតូ​កង់​បី​តែម្តង​។​

​បើតាម​ការរៀបរាប់​ពី​បុរស ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា បាន​ប្រាប់ថាៈ រូបគាត់​គ្មាន​បំណង បើក​បុក មន្ទីរពេទ្យ​នោះទេ ដោយសារ​ម៉ូតូ​កង់​បី​របស់គាត់ ជាប់​ហ្គា ទើប​បុក​ចូល​មន្ទីរពេទ្យ​នោះ​ទៅ បន្ទាប់មក ត្រូវ​សន្តិសុខ យាម​នៅ មន្ទីរពេទ្យ ចាប់​រូបគាត់ និង​បាន​ប្រើ​ហិង្សា ទៅលើ​រូបគាត់ ចាប់ចង​ស្លាបសេក ជាប់​ជាមួយ​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់គាត់​តែម្ដង ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ចុះ​អន្តរាគមន៍​៕/V-PC