ឥណ្ឌា​ថា​ខ្លួន​មានការ​គាំទ្រ​អន្តរជាតិ​ក្នុង​ជម្លោះព្រំដែន​ជាមួយ​ចិន​

1142
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោកស្រី ស៊ូ​ស្មា ស្វា​រ៉ាត់ (Sushma Swaraj) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០​កក្កដា​ថា ជំហរ​របស់​ឥណ្ឌា​ក្នុង​ជម្លោះព្រំដែន​របស់ខ្លួន​ជាមួយ​ចិន ត្រូវបាន​គាំទ្រ​ដោយ​ប្រទេស​ផ្សេងៗ​ជាច្រើន ដោយ​លោកស្រី​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ប្រទេស​ប៊ូ​តង់​ចំពោះ​ការ​ងើបឡើង​ការពារ​ខ្លួន​ប្រឆាំង​ចិន​ក្នុង​ជម្លោះ​នេះ​។​

​លោកស្រី ស្វា​រ៉ាត់ បាន​បញ្ជាក់ថា សន្តិសុខ​ឥណ្ឌា អាចមាន​គ្រោះថ្នាក់ បើសិន​ចិន​យក​តំបន់​នោះ​ដើម្បី​គ្រប់គ្រង​នោះ ដែលជា​តំបន់​ព្រំដែន​ប្រសព្វ​គ្នា​របស់​ឥណ្ឌា ចិន និង ប៊ូ​តង់​។

​ស្ថានភាព​ទាល់ច្រក​នេះ​បានចាប់ផ្តើម​កើតឡើង​ជាង​មួយខែ​មកហើយ បន្ទាប់ពី​កងទ័ព​ចិន​បានចាប់ផ្តើម​ធ្វើ​ផ្លូវ​នៅ​តំបន់​ខ្ពស់​រាប​ដាច់ស្រយាល​នោះ ដែលមាន​ជម្លោះ​ក្នុងការ​ទាមទារ​កាន់កា​ប់​ដោយ​ចិន​និង​ប៊ូ​តង់​។​

​ប្រទេស​ប៊ូ​តង់​បាន​និយាយថា ការកសាង​ផ្លូវ​នេះ ជាការ​រំលោភ​ពាន​ដ៏​ជាក់ច្បាស់​លើ​កិច្ចព្រមព្រៀង​ជាមួយ​ចិន ។ ប៊ូ​តង់ និង ចិន​មិនមាន​ទំនាក់ទំនង​ការទូត​ទេ​។​

​កងទ័ព​ឥណ្ឌា បាន​ចូលទៅ​តំបន់​ដែលមាន​ជម្លោះ​នោះ ដើម្បី​បញ្ឈប់​ការកសាង​ផ្លូវ​ដោយ​ចិន​នៅ​ទីនោះ​។​

​លោកស្រី​ស្វា​រ៉ាត់​បាន​និយាយប្រាប់​សភា​ឥណ្ឌា​ថា “​ប្រទេស​ទាំងអស់នោះ យល់ថា ជំហរ​របស់​ឥណ្ឌា មិន​ខុស​នោះទេ ។ យុត្តិធម៌ មាននៅ​ខាង​ភាគី​យើង​។ ជំហរ​នេះ កំពុង​ទទួលយក​ដោយ​ប្រទេស​ជាច្រើន​ផ្សេងទៀត​ផងដែរ​”​។​

​ចិន​ក៏បាន​ប្រកាស​ផងដែរ​ថា ខ្លួន​មានការ​គាំទ្រ​អន្តរជាតិ ដោយ​ក្រសួងការបរទេស​រប​ស់​ខ្លួន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​អ្នកការទូត​បរទេស​ជាច្រើន មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការចូល​ខុសច្បាប់​របស់​ឥណ្ឌា​ក្នុង​តំបន់​នោះ​៕ ដោយ៖ សុខា

សន្តិសុខ​ព្រំដែន​ចិន​និង​សន្តិសុខ​ព្រំដែន​ឥណ្ឌា ត្រូវបាន​គេ​ឃើញ​នៅ​តំបន់​ព្រំដែន​ដែលមាន​ជម្លោះ

ទីតាំងផ្សាយពាណិជ្ជកម្ម