​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អ្នក​ចាប់​ពស់​ដ៏​ល្បី​ជនជាតិ​ឥណ្ឌា​ម្នាក់​កំពុង​តស៊ូ​ដើម្បី​ជីវិត​របស់​គាត់ បន្ទាប់ពី​ត្រូវ​ពស់វែក​ប្រវែង​៣​ម៉ែត្រ​ចឹក​ភ្លៅ ខណៈ​កំពុង​ព្យាយាម​ជួយសង្គ្រោះ​វា​។​

​លោក​វ៉ា​វ៉ា ស៊ូ​រ៉េ​ស (Vava Suresh)​អាយុ ៤៨ ឆ្នាំ ដែល​ល្បីល្បាញ​នៅក្នុង​រដ្ឋ​កេ​រ៉ា​ឡា (Kerala)​ជា​ទី​ដែល​គាត់​បាន​បង្ហាញ​ខ្លួន​តាម​ទូរទស្សន៍​ជា​ញឹកញាប់​នោះ ត្រូវបាន​គេ​ហៅ​ទៅ​យក​ពស់​ចេញពី​​កន្លែង​អ្នកស្រុក​រស់នៅ​មួយ​។​ពេល​គាត់​កំពុង​ជួយ​សង្គ្រោះ​ពស់វែក​នៅ​រដ្ឋ​តាមិ​ល​ណា​ឌូ (Tamil Nadu)​ដែល​នៅ​ជិតខាង​កាលពី​ថ្ងៃ​ចន្ទ​ពស់​ចឹក​បាន​ចឹក​ខាំ​ជាប់​ភ្លៅ​របស់គាត់​។​

​វីដេអូ​ដ៏​រន្ធត់​ដែល​ថត​បាន​ដោយ​អ្នកស្រុក​បាន​បង្ហាញ​គ្រា​ដែល​ពស់វែក​ងើបឡើង ហើយ​ចឹក​លោក​ស៊ូ​រ៉េ​ស​ចំ​ភ្លៅ​ស្តាំ ខណៈ​គាត់​ព្យាយាម​ចាប់​វា​ច្រកចូល​បាវ​។​

​ពិតជា​មិន​គួរ​ឱ្យ​ជឿ គាត់​អាច​យក​ពស់​នោះ​ច្រក​បាវ​មុននឹង​ដួលសន្លប់ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ កន្លែង​ដែល​គាត់​កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​។​

​ដំបូង​ឡើយ លោក​ស៊ូ​រ៉េ​ស​ត្រូវបាន​នាំ​ទៅ​កាន់​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ឯកជន​មួយ​ក្នុង​ទីក្រុង​កុតតា​យ៉ាម (Kottayam) នៅ​ជិត​កន្លែង​ដែល​គាត់​ត្រូវ​ពស់​ចឹក ដែល​បណ្តាល​ឱ្យ​គាំងបេះដូង​។​

​បន្ទាប់ពី​រកឃើញ​ថា​បេះដូង​របស់គាត់​ដំណើរការ​ក្នុង​អត្រា​ធម្មតា​ត្រឹមតែ ២០ ភាគរយ​ក្រុមគ្រូពេទ្យ​បាន​សម្រេចចិត្ត​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ធំ​មួយ​ក្នុង​ទីក្រុង​កុតតា​យ៉ាម​ដើម្បី​ព្យាបាល​ដោយ​អ្នក​​ឯកទេស​។​

​គាត់​ត្រូវបាន​ទុក​នៅ​ទីនោះ​ពេញ​មួយ​យប់ ដោយ​ក្រុម​គ្រូពេទ្យ​និយាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១​កុម្ភៈ​ថា គាត់​បាន​ឆ្លើយតប​នឹង​ការព្យាបាល​ហើយ​។​

​កាសែត Hindustan Times បាន​រាយការណ៍​ថា លោក​ស៊ូ​រ៉េ​ស​នៅតែ​សន្លប់​ហើយ​កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​គាត់​បានចាប់ផ្តើម​ដកដង្ហើម​ដោយ​ខ្លួនឯង​បាន​ហើយ​។​

​គ្រូពេទ្យ​បាន​ព្រមាន​ថា វា​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​ឱ្យ​ឥទ្ធិពល​ពេញលេញ​នៃ​ពិស​លេចចេញ​ជា​រូបរាង ហើយ​គេ​មិន​អាច​និយាយ​បាន​ទេ​ថា​តើ​លោក​ស៊ូ​រ៉េ​សនឹង​ជាសះស្បើយ​ពេញលេញ​ឬ​យ៉ាងណា​។​

​ក្នុង​អាជីព​ចាប់​ពស់​ជាង​ពីរ​ទសវត្សរ៍​មក​នេះ លោក​ស៊ូ​រ៉េ​ស​អះអាងថា​បាន​ជួយសង្គ្រោះ​ពស់​រាប់ពាន់​ក្បាល និង​ត្រូវ​ពស់​ចឹក​រាប់រយ​ដង​៕

លោក​ស៊ូ​រ៉េ​សត្រូវ​ពស់​ចឹក​កាលពី​ថ្ងៃ​ចន្ទ​នៅ​រដ្ឋ​តាមិ​ល​ណា​ឌូ