ដោយ:សុផល/ភ្នំពេញ:កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុញ្ញាតឱ្យប្រតិភូបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីចំនួន២២នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅវិមានព្រឹទ្ធសភាមុននឹងចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ កិត្តិសង្គហបណ្ឌិត ទេព ងន បានសម្តែងនូវការស្វាគម និងអបអរសាទរព្រមទាំងមានមោទនភាពចំពោះក្មួយៗទាំងអស់ ដែលជាប់ជាបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី។ លោកបានគូសបញ្ជាក់ថា នៅពេលក្មួយៗទៅសិក្សានៅប្រទេសអូស្ត្រាលី ត្រូវក្តាប់ឱ្យបាននូវគោលនោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងការអភិវឌ្ឍប្រទេសជាតិគឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលអត្ថន័យថា ទី១មនុស្ស សំដៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដែល រាជរដ្ឋាភិបាលតែងតែគិតគួរបង្កើតឱ្យមានសាសាលរៀនគ្រប់ទីកន្លែង ក្នុងនោះតម្រូវឱ្យក្នុងឃុំនីមួយៗត្រូវមានអនុវិទ្យាល័យ ដើម្បីផ្តល់ឱកាសឱ្យក្មួយៗនៅតាមជនបទ មានឱកាសបានសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ។ ទី២ ផ្លូវ គឺជាការងារអទិភាពទី២ ដែលរហូតមកដល់ពេលនេះ ប្រទេសយើងមានផ្លូវគ្រប់ទីកន្លែងទាំងអស់ ជាពិសេសផ្លូវនៅតាមតំបន់ព្រំដែន។ ទី៣ ទឹក គឺមានសារៈសំខាន់ណាស់ទាំងទឹកប្រើប្រាស់ និងទឹកប្រើក្នុងវិស័យ កសិកម្ម ក្នុងការដាំដំណាំផ្សេងៗ ជាពិសេសដំណាំស្រូវ ហើយបច្ចុប្បន្ននេះ ប្រទេសយើងបាននាំអង្គរចេញទៅបរទេសជាច្រើន។ និងទី៤- ភ្លើង គឺសំដៅលើអគ្គិសនី ដូចនេះគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងឱ្យប្រជាពលរដ្ឋទាំងអស់មានអគ្គីសនីប្រើប្រាស់។

កិត្តិសង្គហបណ្ឌិត ទេព ងន បានរំលឹកអំពីការតស៊ូរំដោះប្រទេសជាតិមាតុភូមិរបស់ថ្នាក់ដឹកនាំ ធ្វើឱ្យមានសុខសន្តិភាពប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ បច្ចុប្បន្ននេះ ថា្នក់ដឹកនាំបានគិតគូរអំពីអ្នកបន្តវេន ដូចនេះមានតែក្មួយៗនេះហើយ ជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិ។

លោកបណ្ឌិត ទេព ងន បានសម្តែងនូវមោទនភាពចំពោះរាជរដ្ឋាភិបាលដែលមានគោលការណ៍ និងគោលនយោបាយច្បាស់លាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីចម្រើនដូចបណ្តាប្រទេសនានានៅលើពិភពលោក។ ជាមួយគ្នានេះលោកអនុប្រធានទី២ព្រឹទ្ធសភា បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវចេះថែរក្សាកិត្តិយស់ប្រទេសជាតិយើង ត្រូវខិតខំរៀងសូត្រទោះបីយើងសិក្សានៅសាលាខុសៗគ្នាក៏ដោយ ត្រូវចេះជួយគ្នា អប់រំ ផ្តល់ដំបូន្មាន និងសាមគ្គីគ្នាទៅវិញទៅមក ត្រូវគោរពវិន័យរបស់សាលា គោរពលោកគ្រូ អ្នកគ្រូដែលផ្តលដំណេះដឹងឱ្យយើង ជាពិសេស ក្មួយៗត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ត្រូវចេះរស់តាមកន្លងថ្មីនៃជំងឺកូវីដ-១៩។

លោកអនុប្រធានទី២ព្រឹទ្ធសភា បានជូនពរដល់ក្មួយៗទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ទទួលបានចំណេះដឹងគ្រប់គ្រាន់ ដើម្បីវិលត្រឡប់មកវិញជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងវិញ។

ឆ្នាំនេះបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី មានសមាជិកសរុបចំនួន២២នាក់ ក្នុងនោះមានស្រីចំនួន១០នាក់ មានសមាសភាពចេញពីមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល។ សមាជិកចំនួន ៥នាក់ នឹងត្រៀមចេញដំណើរទៅបន្តការសិក្សានៅដើមខែកុម្ភៈ និងសមាជិកដទៃទៀត នៅខែមិថុនា ឆ្នាំ២០២២នេះ៕សរន