ដោយ:បូកគោ/កែប:ក្នុងបំណងបង្កើនភាពទាក់ទាញនិងងាយស្រួលសម្រាប់ភ្ញៀវមកកម្សាន្តក្នុងខេត្តតូចច្រឡឹងភាគនិរតីនេះរដ្ឋបាលខេត្តកែបបានពង្រីកនិងស្ថាបនាជាផ្លូវបេតុងព័ទ្ធជុំវិញដែនឧទ្យានជាតិដើម្បីទេសចរធ្វើដំណើរគយគន់ធម្មជាតិនៃតំបន់នោះ។ គម្រោងនេះនឹងបញ្ចប់មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ថា គម្រោងពង្រីកនិងស្ថាបនាផ្លូវបេតុងជុំវិញឧទ្យានជាតិ ខេត្តកែបជាគំនិតផ្តួចផ្តើមរបស់រដ្ឋបាលខេត្តព្រមទាំងមានកិច្ចគាំទ្រពីក្រសួងបរិស្ថានដើម្បីត្រៀមទទួលទេសចរមកកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិសេសបង្កើនភាពទាក់ទាញភ្ញៀវសម្រាប់ខេត្តកែបទាំងមូល។ផ្លូវនេះនឹងស្ថាបនា បន្ថែមជាងប្រាំមួគីឡូម៉ែត្រព្រមទាំងរៀបចំជាមណ្ឌលទេសចរណ៍ធម្មជាតិដែលមានកន្លែងសម្រាប់បោះតង់ជាប់មាត់ទឹកនៅលើឧទ្យានជាតិកែបដោយមានការបំពាក់ភ្លើងបំភ្លឺផងដែរ។
លោកអភិបាលខេត្តបានបន្តថាគម្រោងនេះនឹងត្រូវធ្វើឱ្យរួចរាល់ក្នុងរយៈពេលពីរខែពោលគឺមុនពិធីចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់។នេះជាសមិទ្ធផលថ្មីសម្រាប់ខេត្តកែបបន្ថែមលើគម្រោងពង្រីកឆ្នេរប្រវែង២.៧០០ម៉ែត្រដែលអាចឱ្យភ្ញៀវមកកម្សាន្តបានកាន់តែច្រើន។
លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា ឧទ្យានជាតិកែបមានផ្ទៃដីជាងមួយពាន់ហិកតាស្ថិតនៅចំកណ្តាលទីក្រុងកែប។ ពេលភ្ញៀវសម្លឹងចេញពីឧទ្យានជាតិនោះនឹងមើលឃើញទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងកែប និងបណ្តាកោះនានានៅលើផ្ទៃសមុទ្រ។ ឧទ្យានជាតិនេះតែងផ្តល់ទិដ្ឋភាពបៃតងស្រស់ខួបប្រាំងវស្សា និងជាជម្រកសម្រាប់សត្វព្រៃច្រើនប្រភេទផងដែរ៕សរន-PC