អតីត​អាជ្ញាកណ្តាល​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កលោក ម៉ាក ឃ្លែ​ត​តេន​បឺ​ក​ប្រាប់​ពី​ឈ្មោះ​កីឡាករ​ដែល ពិបាក​ដោះស្រាយ​បំផុត​ក្នុង​អាជីព​

1115
ចែករម្លែក

​ម៉ាក ឃ្លែ​ត​តេន​បឺ​ក (Mark Clattenburg) បាន​បង្ហើប​ប្រាប់ថា ក្រេ​ក បេ​ល​ឡា​មី (Craig Bellamy) គឺជា​កីឡាករ​ពិបាក​ដោះស្រាយ​បំផុត​ក្នុង​អាជីព​ជា​អាជ្ញាកណ្តាល​របស់លោក នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​

​លោក ឃ្លែ​ត​តេន​បឺ​ក វ័យ​៤៣​ឆ្នាំ​បាន​ចាក​ចេញពី​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដើម្បី​ចាប់យក​ការងារ​នៅ សហព័ន្ធ​បាល់ទាត់​សា​អូ​ឌី អា​រ៉ា​ប៊ី​។ លោក​បាន​ចំណាយពេល​១៣​ឆ្នាំ​ក្នុងឋានៈ​ជា​មន្ត្រី​អាជ្ញាកណ្តាល កំពូល ហើយ​ធ្លាប់​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2016 និង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​លី​ក នៅ​ឆ្នាំ​ដដែល​ផងដែរ​។

​លោក ឃ្លែ​ត​តេន​បឺ​ក ធ្លាប់​ដឹកនាំ​ការប្រកួត​ធំៗ​ជាច្រើន ប៉ុន្តែ​អះអាងថា អតីត​កីឡាករ​វ៉េ​ល បេ​ល​ឡា​មី គឺជា​កីឡាករ​ពិបាក​ដោះស្រាយ​បំផុត​។ បេ​ល​ឡា​មី​ធ្លាប់​ចំណាយពេល​មួយរយៈ ជាមួយ​ក្រុម Liverpool ក្រុម Newscastle និង Manchester City ក្នុងចំណោម​ក្លឹប​ផ្សេងទៀត ហើយ​ជារឿយៗ​កីឡាករ​រូបនេះ​បាន​បង្កបញ្ហា​ជាមួយ​មន្ត្រី​អាជ្ញាកណ្តាល​ដូចជា​លោក ឃ្លែ​ត​តេន​បឺ ជាដើម​។

​មាន​ពេល​មួយ​នោះ លោក ឃ្លែ​ត​តេន​បឺ​ក ថែមទាំង​សុំ​យោបល់​ថា តើ​ត្រូវ​ដោះស្រាយ​ជាមួយ ខ្សែប្រយុទ្ធ ដែលមាន​ឥរិយាបថ​ដូច បេ​ល​ឡា​មី នេះ​តាមរបៀប​ណា​។ លោក ឃ្លែ​ត​តេន​បឺ​ក បាន​និយាយថា ”​ខ្ញុំ​និយាយ​ដោយស្មោះ​ត្រង់​។ គាត់​គឺជា​កីឡាករ​ពិបាក​បំផុត ដែល​ខ្ញុំ​ធ្លាប់​ដឹកនាំ​ការ ប្រកួត​។ គាត់​តែងតែ​ឆ្លើយតប​បែប​កំហឹង​”​។ អតីត​អាជ្ញាកណ្តាល​រូបនេះ ដែល​នឹង​ជា​ផ្នែក​មួយ នៃ​ក្រុម ITV នៅក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​រដូវក្តៅ​ឆ្នាំនេះ​ក៏បាន​លាតត្រដាង​អំពី​ការ​ចោទ ប្រកាន់​រើសអើង​ជាតិ​សាសន៍​មកលើ​រូបលោក​ផងដែរ​កាលពី​ឆ្នាំ​២០១២​។

​លោក ឃ្លែ​ត​តេន​បឺ​ក ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រមាថ​មកលើ​កីឡាករ ច​ន អូ​ប៊ី មី​គែល (John Obi Mikel) បន្ទាប់ពី​ការប្រកួត​ជាមួយ​ក្រុម Manchester United ហើយ​សារភាពថា លោក​ពិចារណា​លាលែង​ពី​ការងារ ដោយសារតែ​បញ្ហា​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ក្រេ​ក បេ​ល​ឡា​មី (Craig Bellamy)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ