ប្រែសម្រួលៈបំណង/ដេនប៉ាសា(ដេល្លីម៉េល)៖ជើងហោះហើរអន្តរជាតិផ្ទាល់ទៅកាន់កោះបាលីនឹងបន្តឡើងវិញជាលើកដំបូងនៅក្នុងរយៈពេល២ឆ្នាំមកនេះ នៅពេលឥណ្ឌូនេស៊ីបើកកោះរមណីយដ្ឋាននេះឡើងវិញសំរាប់អ្នកទេសចរបរទេសមកពីគ្រប់ប្រទេស តែការធ្វើចត្តាឡីស័កនៅតែមានសំរាប់អ្នកទេសចរទាំងអស់។
ពួកមន្ត្រីបាននិយាយកាលពីខែតុលាឆ្នាំមុនថា កោះបាលីនឹងស្វាគមន៍ទេសចរបរទេសមកពី១៩ប្រទេសដែលបំពេញលក្ខខណ្ឌរបស់អង្គការសុខភាពពិភពលោកដូចជាករណីឆ្លងកូវីដ១៩ស្ថិតក្រោមការគ្រប់គ្រងបានជាដើម។តែគិតត្រឹមថ្ងៃព្រហស្បតិ៍ទី០៣កុម្ភៈឆ្នាំ២០២២ មិនទាន់មានយន្តហោះដឹកភ្ញៀវជើងហោះហើរផ្ទាល់ណាមួយមកដល់កោះនេះនៅឡើយទេ។
តែបើតាមមន្ត្រីឥណ្ឌូនេស៊ី ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី នឹងបន្តការហោះហើរទៅកាន់ទីក្រុងដេនប៉ាសា នៅកោះបាលីចាប់ពីថ្ងៃ១៦កុម្ភៈ ដោយអ្នកដំណើរចាក់វ៉ាក់សាំងពេញលេញត្រូវធ្វើចត្តាឡីស័កប្រាំថ្ងៃនៅសណ្ខាគារឬលើទូកមួយកំណត់ដោយរដ្ឋាភិបាល។អ្នកដំណើរដែលចាក់វ៉ាក់សាំងកូវីដ១៩បានតែមួយដូសនឹងត្រូវធ្វើចត្តាឡីស័កចំនួនប្រាំពីរថ្ងៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ឥណ្ឌូនេស៊ីបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៧.១៩៧នាក់ និងអ្នកជំងឺកូវីដ៣៨នាក់បានស្លាប់ថែមនៅ២៤ម៉ោងកន្លងទៅ។ឥឡូវប្រទេសនេះមានអ្នកកើតកូវីដ១៩តាំងពីដើមឆ្នាំ២០២០មកឡើងដល់ជាង៤,៤លាននាក់ ។
កំណើននៃការឆ្លងមួយរយៈពេលចុងក្រោយនេះត្រូវបានជំរុញដោយវីរុសអូមីក្រុង ភាគច្រើននៅក្រុងហ្សាការតា ហើយបានរាលដល់កោះចាវ៉ា(Java)និងបាលី។
មុនផ្ទុះជំងឺកូវីដ១៩នៅឆ្នាំ២០១៩ អាកាសយានដ្ឋានកោះបាលីបានទទួលយន្តហោះជាង២០០ជើងក្នុងមួយថ្ងៃ។តែវាបានបិទជើងហោះហើរអន្តរជាតិបន្ទាប់ពីកូវីដ១៩វាយប្រហារប្រទេសមានប្រជាជនច្រើនបំផុតទីបួនលើលោកមួយនេះនៅឆ្នាំ២០២០។
ទេសចរណ៍ជាប្រភពចំណូលសំខាន់មួយនៅបាលី ហើយការបើកទទួលទេសចរមកពីគ្រប់ប្រទេសឡើងវិញនេះនឹងជួយជំរុញសេដ្ឋកិច្ចរបស់កោះដែលមានមនុស្សជាងបួនលាននាក់រស់នៅហើយដែលរងគ្រោះខ្លាំងពីការបិទប្រទេសដោយសារជំងឺឆ្លងរាតត្បាត៕
ទេសចរបែលហ្សិចនិងរុស្ស៊ីបានមកដល់កោះបាលីកាលពីថ្ងៃ០៤កុម្ភៈ ឆ្នាំ២០២២ ក្រោយអាជ្ញាធរប្រកាសបើកទទួលទេសចរឡើងវិញ