ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ​: ខុទ្ទកាល័យ​សម្តេច​រាជ​បុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ឧ​ត្ត​ម​ប្រឹ​ក្ដា​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៤ ខែកុម្ភ​: នេះ​បានចេញ សេចក្តី​ប្រកាសថា សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី មិន​ជាប់ទាក់ទង ឬ​មាន​តួនាទី​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទេ ចាប់ពី​ថ្ងៃ​នៃ​សេចក្តីប្រកាស​នេះ ។​

​ការចេញ​សេចក្តីប្រកាស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម លោក សាយ ហាក់ លោក​ហេង ចន្ថា លោក​ផាន់ សិទ្ធី លោក​ញ៉េប ប៊ុនជិន អតីតមន្ត្រី​ជាន់ ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាស​អំពី​ការគ្រោង​នឹងធ្វើ​សមាជ​ដើម្បី ជ្រើសតាំង ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អា​រុណរ​ស្មី ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​បើតាម​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា ក្រុម លោក សាយ ហាក់ លោក​ហេង ចន្ថា និង​លោក​ផាន់ សិទ្ធី គ្រោង​នឹង​រៀបចំ​សមាជ​នៅពេល​ឆាប់ៗ​នេះ ដើម្បី​ជ្រើសតាំង​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អា​រុណរ​ស្មី ធ្វើជា​ប្រធាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​លោក ផាន់ សិទ្ធី បាន​ឲ្យ​ដឹងថា គណៈកម្មការ​នាយក​មិនទាន់​កំណត់ ថ្ងៃ​ច្បាស់លាស់ ធ្វើ​សមាជ​នៅឡើយ​ទេ ប៉ុន្តែ គ្រោង​នឹង ធ្វើ​នៅពេល​ឆាប់ៗ ខាង​មុ​នេះ​។ ដោយ​លោក​បាន​បញ្ជាក់ថា របៀបវារៈ​ស​ខាន់ គឺ​ជ្រើសរើស ប្រធាន អនុប្រធាន ការរៀបចំ​រចនាសម្ព័ន្ធ គណៈកម្មការ​នាយក គណៈកម្មាធិការ អចិន្ត្រៃយ៍ ដើម្បី​ឲ្យ​គណបក្ស​បន្ត​និរន្ត​ភាព​ទៅរក​ប្រក្រតី វិញ​។

​ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃទី​៩ ខែកុម្ភ​: ឆ្នាំ​២០២២ ខាងមុខនេះ នៅ​ព្រះ​ដំណាក់​វាល​ស្បូវ លេខ A២៨៥ ផ្លូវជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដើម្បី​ជ្រើសរើស​ក្បាល ម៉ាស៊ីន​គណបក្ស និង​កំណត់​យុទ្ធសាស្ត្រ នយោបាយ​គណបក្ស​។ នេះ​បើ​យោង តាម​សេចក្តីសម្រេច​ស្តីពី​ការធ្វើ​សមាជ​វិសាមញ្ញ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ ដែល​ឡាយព្រះហស្ថលេខា​ដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងធ្វើ​សមាជ​ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជ​បុត្រា​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​លោក​ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​មានប្រសាសន៍ថា “​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងធ្វើ​នៅ​ថ្ងៃទី​៩ ខែកុម្ភ​: ខាងមុខនេះ ដោយ​គណបក្ស​បានកំណត់ ច្បាស់​ហើយ គឺ​សមាជ​នេះ​នឹង​ថ្វាយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​ធ្វើ​ទៅតាម ព្រះតម្រិះ​ដ៏​ថ្លៃថ្លា​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តាមរយៈ​លិខិត ផ្ទេរសិទ្ធិ​។ ហើយ​សមាជ​នេះ​នឹង ធ្វើ​ទៅតាម​ព្រះតម្រិះ របស់​សម្តេចក្រុមព្រះ​”៕​/PC