ដោយៈប.ខុន/ភ្នំពេញៈ ការធ្លាក់ភ្លៀងខុសប្រក្រតីនឹងចាប់ផ្តើមកើតមានពីថ្ងៃទី៨ខែកុម្ភៈបន្ទាប់ពីខ្យល់មូសុងឦសានថយចុះឥទ្ធិពលហើយការធ្លាក់ភ្លៀងរាល់ថ្ងៃមិនធ្លាប់មាននៅក្នុងខែកុម្ភៈ ពីមុនមកនេះមានបរិមាណច្រើនឡើងក្នុង ក្របខណ្ឌ ទូទាំងប្រទេសនៅអំឡុងពាក់កណ្តាលខែកុម្ភៈហើយនៅពេលនេះភ្លៀងក៏មានធ្លាក់ដែរតែមានកម្រិតតិចតួចនិងមាននៅតែ តំបន់មាត់សមុទ្រនិងទំនាប កណ្តាលភាគពាយព្យ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២២ថា ចាប់ពីថ្ងៃទី៧ខែកុម្ភៈ ខ្យល់មូសុងឦសានចាប់ផ្តើមថយឥទ្ធិពលតែមិន ទាន់អស់ទាំងស្រុងទេនិងចាប់ពីថ្ងៃទី៨ ខែកុម្ភៈទៅការធ្លាក់ភ្លៀងរាយប៉ាយ បានចាប់ផ្តើមតែមិនទាន់ខ្លាំងទេរហូតដល់ពាក់កណ្តាលខែ កុម្ភៈទើបមាន ភ្លៀងច្រើនមិនធ្លាប់មានពីមុនមក ដោយសារបាតុភូតមានឥទ្ធិពលខ្លាំង រុញមកពីសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថាសម្រាប់ពេលនេះ(ថ្ងៃទី៤ខែកុម្ភៈ) ការធ្លាក់ភ្លៀងមាននៅតែតំបន់មាត់សមុទ្រ និង ទំនាបកណ្តាលភាគ ពាយព្យដោយសារសម្ពាធទាបរុញមកពីភាគអគ្នេយ៍ តែការធ្លាក់ភ្លៀងនៅ មិនទាន់ច្រើនរួចដោយសារសម្ពាធខ្ពស់បានរុញចុះមកខ្លាំង។ ប៉ុន្តែចាប់ពី ថ្ងៃទី៨ខែកុម្ភៈទៅជាពិសេសនៅអំឡុង ពាក់កណ្តាលខែកុម្ភៈ គឺមានភ្លៀងធ្លាក់ ច្រើនរាល់ថ្ងៃក្នុងក្របខណ្ឌទូទាំងប្រទេស។
ចំណែកបរិមាណទឹកភ្លៀងដែលបានធ្លាក់រយៈពេល២៤ម៉ោងត្រឹមព្រឹកថ្ងៃទី៤ខែកុម្ភៈនៅខេត្តប៉ៃលិនមានភ្លៀងកម្រិតខ្សោយ, បាត់ដំបងមានកម្រិតពីតិចដល់ ៤១មីលីម៉ែត្រ,សៀមរាបពីតិចដល់១៣មីលីម៉ែត្រ,កោះកុងមានកម្រិតពី១ដល់៥មីលីម៉ែត្រ,ពោធិសាត់មានកម្រិតពី១ដល់១៣មីលីម៉ែត្រ,កណ្តាលពីតិចដល់២២មីលីម៉ែត្រ,ស្វាយរៀង ពីតិចដល់៣៣មីលីម៉ែត្រ,ឧត្តរមានជ័យពីតិចដល់១៦ មីលីម៉ែត្រ,កំពង់ស្ពឺមានភ្លៀងកម្រិតខ្សែងក្រូច,ព្រៃវែងមានកម្រិតពីតិចដល់១១មីលីម៉ែត្រ,តាកែវមានកម្រិតពី១ដល់៨មីលី ម៉ែត្រ,និងខេត្តត្បូងឃ្មុំមាន ភ្លៀងកម្រិតតិចតួច។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៣ខែកុម្ភៈនេះបានជូនដំណឹងពីការព្យាករអាកាសធាតុលើកទី១សម្រាប់រដូវប្រាំងនិងដើមរដូវវស្សាឆ្នាំ២០២២ថា ដោយ យោងតាមការវិវត្តអាកាសធាតុជាសកលនៅក្នុងតំបន់ ក៏ដូចជានៅ ក្នុងប្រទេសឃើញថាសីតុណ្ហភាពអប្បបរមាក្នុងខែកុម្ភៈស្ថិតនៅក្នុងរង្វង់ពី១៨ទៅ២១អង្សាសេ នៅតំបន់មាត់សមុទ្រស្ថិតក្នុងរង្វង់ពី២០ទៅ២៣អង្សាសេ នៅក្នុង ខែមេសានិងឧសភាសីតុណ្ហភាពអតិបរមាមានជាមធ្យមពី៣៥ទៅ៣៩អង្សាស អាចមានភ្លៀងកក់ខែធ្លាក់ពីមធ្យមទៅច្រើនហើយរដូវវស្សានិងចូលមកដល់នៅដើមខែឧសភា។
ក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនេះបានសរសេរលម្អិតថាផ្អែកតាមការជូនដំណឹងជា សកល ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកបាន បង្ហាញឲ្យឃើញថាចាប់ពីខែកុម្ភៈដល់ខែឧសភាឆ្នាំ២០២២ ព្រះរាជាណា ចក្រកម្ពុជានៅបន្តទទួលរងនូវឥទ្ធិពលពីបាតុភូតឡានីណា (La Nina) ប្រមាណជា៨៥ភាគរយនិងថយចុះសន្សឹមៗឆ្ពោះទៅរកបាតុភូតNeutral ដែលជាបាតុភូតនៅចន្លោះរវាងអែលនីណូ El Nino(ក្តៅ) និងឡានីណា La Nina(ត្រជាក់)ប្រមាណជា៧០ភាគរយវិញ ព្រមពេលជាមួយគ្នានឹងបាតុភូត El Nino កើនបានប្រមាណជា១០ភាគរយ។
នៅក្នុងសេចក្តីជូនដំណឹងបានបង្ហាញឱ្យឃើញទៀតថាក្នុងរដូវប្រាំងនេះសីតុណ្ហភាពអាចស្ថិតទាបជាងមធ្យមភាគច្រើនឆ្នាំ។នៅក្នុងខែកុម្ភៈបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាស្ថិតនៅក្នុងរង្វង់ពី២១ទៅ២៤អង្សាសេ។ នៅតំបន់ខ្ពង់រាបនិងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមាអាចស្ថិតនៅក្នុងរង្វង់ ពី១៨ទៅ២១អង្សាសេនិងតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាអាចស្ថិតក្នុងរង្វង់ពី២០ទៅ២៣អង្សាសេ។ ចាប់ពីខែមេសាដល់ខែឧសភាសីតុណ្ហភាពនឹងកើន ឡើងជាបន្តបន្ទាប់ក្នុងនោះបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាព មធ្យមអតិបរមាអាចមានពី៣៥ទៅ៣៨អង្សាសេ។នៅតំបន់ខ្ពង់រាបនិងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមាអាចមានពី៣៤ទៅ៣៧អង្សាសេសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងមានពី៣២ទៅ៣៥អង្សាសេ។ នៅក្នុងខែមេសានិងខែឧសភាសីតុណ្ហភាពអតិបរមាអាចនឹងកើនដល់ក្នុងរង្វង់ពី៣៧ទៅ៣៩អង្សាសេ ។
នៅក្នុងសេចក្តីជូនដំណឹងសរសរទៀតថាស្ថានភាពទឹកភ្លៀងអាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំនិងច្រើនជាងឆ្នាំ២០២១។ចាប់ពីខែកុម្ភៈរហូតដល់ដើមខែឧសភាអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន។ ទន្ទឹមនោះក៏មានបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ច្រើនផងដែរ ។
លោក លឹម គានហោ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថាសម្រាប់ ដើមរដូវវស្សាឆ្នាំ២០២២នៅតំបន់វាលទំនាបនិងតំបន់មាត់សមុទ្រអាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា និងតំបន់ខ្ពង់រាប អាចនឹងចាប់ផ្តើមនៅសប្តាហ៍ ទី២នៃខែឧសភា។ទោះបីនៅក្នុងរដូវប្រាំងនិងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិ មាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។អាស្រ័យហេតុនេះសូមបងប្អូនបន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕/PC