ដោយ​៖​ដេប៉ូ​/​កំពង់ស្ពឺ​៖ក្រោយពី​ធ្លាប់តែ​ចូល​ព្រៃ​កាប់​ឈើ បរបាញ់​សត្វ បច្ចុប្បន្ន​ប្រជា​សហគមន៍​រស់នៅក្នុង​តំបន់​ការពារ​និង​អេកូ​ធម្មជាតិ ចំបក់ ជា​រមណីយដ្ឋាន​ធម្មជាតិ​ទាក់ទាញ​មួយ​ក្នុង​ខេត្ត កំពង់ស្ពឺ​បាន​ផ្លាស់ប្តូរ​មក​បម្រើ លើ​វិស័យ​ទេសចរណ៍​សម្រាប់​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។​

​ក្នុងចំណោម​ការងារ​ប​ង្គោ​ល​ដូចជា​ការធ្វើ​ចំការ ការរក​អនុផល​ព្រៃឈើ ក្នុងនេះ​ការបម្រើ​លើ​វិស័យ​ទេសចរណ៍​បានក្លាយ​ជាទី​ចាប់អារម្មណ៍​មួយ​របស់​ពលរដ្ឋ​រស់​នៅ​ទីកន្លែង​នេះ​សម្រាប់​ការរក​ប្រាក់ចំណូល​របស់​ពួកគាត់​។​
គួរ​បញ្ជាក់ថា​រមណីយ​ដ្ឋា​ន ចំបក់ ស្ថិតក្នុង​ទឹកដី ភូមិ​ចំបក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរី​រម្យ​។

​កាលបើ​ភ្ញៀវទេសចរ ចង់ទៅ​កាន់​រមណីយដ្ឋាន​កន្លែង​នេះ ហើយ​បើ​គេ​ធ្វើ ដំណើរ​ពី​រាជធានី​ភ្នំពេញ ត្រូវ​កាត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ ១៨៥ បទ​ស្ដាំ​ត្រង់​ត្រែងត្រយឹង ផ្លូវ​ចូល​គិរី​រម្យ មាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ គេ​នឹង​ទៅដល់​សហគមន៍​អេកូ​ធម្មជាតិ ចំបក់ ។

​លោក​ទូច​ម៉ក់ ប្រធាន​សហគមន៍​តំបន់​ការពារ​និង​អេកូ​ទេសចរណ៍​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា បង្កើតឡើង​នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០០៣ នៅទីនេះ​ក្រៅពី​ព្រៃឈើ អ្វី​ដែលជា​ភាព​ទាក់ទាញ​ខ្លាំង ទឹក ដី មនុស្ស ភាគច្រើន គឺ​ឲ្យ​តម្លៃ​ទៅលើ​ទឹកធ្លាក់​។ ទឹកធ្លាក់​មាន​ច្រើន​កន្លែង​រាប់​ពី​ទីមួយ រហូត​ដល់ទី​ប្រាំ​៧​កន្លែង និង​ក្រៅពីនេះ​ជា​តំបន់​ទេសភាព កន្លែង​ខ្លះ ដូចជា​ថ្ម អំពិល ល្អាង​ប្រជៀវ​សុទ្ធតែ​ទេសភាព​ស្អាត​គ្មាន​ប្រៀប​។​

​លោ​កថា​នៅក្នុង​ផ្ទៃដី​របស់​សហគមន៍​គ្រប់គ្រង​រាល់ថ្ងៃ​គឺមាន ៣ ៤៥១ ហិច​តា នៅក្នុង​មាន​៦៣៧ គ្រួសារ​ចងក្រង​ជា​សមាជិក​នៅក្នុង​សហគមន៍​មួយ នៅទីនេះ​មុខរបរ​ក្រៅពី​ស្រែចម្ការ​ភាគច្រើន​គាត់​រក​អនុផល​ព្រៃឈើ​អ្នក​ខ្លះទៀត​គាត់​ទៅធ្វើ​ការ​នៅតាម​ចម្ការ​ស្វាយ​ចំការ​ខ្នុរ​ក្រៅពីនោះ​គាត់​រក​សេវាកម្ម​ទេសចរណ៍​តែម្ដង​។​

លោក​បានបញ្ជាក់​បន្ថែម​ថា​នៅក្នុង​សេវាកម្ម​ដែលជា​ផលិតផល​ទេសចរណ៍​សហគមន៍​មានដូចជា​ផ្ទះសំណាក់ មាន​ផ្នែក​របាំ មាន​ផ្នែក​ដឹក​ភ្ញៀវ​ទាំង​គោយន្ត ដោយ​រទេះគោ​ជាដើម ។ ក្រៅពីនេះ​ក៏មាន​ការបង្រៀន​ប្រជា​សហគមន៍ ឱ្យ​រៀន​ដុត​ក្រឡាន រៀន​ចាក់​កងដៃ​សម្រាប់​រកប្រាក់​ចំណូល​ផ្ត​ត់​ផ្គង់​គ្រួសារ​។​

​លោក ឃិន ម៉េង​ឃាង គ្រប់គ្រង​គម្រោង និង​ជា​ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ក្នុងពេល​ដឹកនាំ ប្រតិភូ​ទស្សនៈកិច្ច​ដំណើរ​ទស្សនកិច្ច ស្វែងយល់​អំពី​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ធម្មជាតិ នៅ​ខេត្តកំពង់ស្ពឺ និង​កោះកុង​នា​ថ្មីៗ​មកនេះ បានឱ្យដឹងថា​ប្រទេស​កម្ពុជា​យើង​បាន​បើ​ប្រទេស ឡើងវិញ សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍ ក៏ដូចជា​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ចសង្គម ក្រសួងបរិស្ថាន​យើង​មាន​តំបន់ការពារធម្មជាតិ​ច្រើន ហើយ​ផ្ទៃដី​ក៏​ធំ វិសាល ភាព​ក៏​ធំ គ្រប់​ទីកន្លែង យើង​ធ្វើ​ម៉េច​ជម្រុញ​ការអភិវឌ្ឍន៍​ផែនការ​យុទ្ធសាស្ដ្រ នៅក្នុង​ការស្ដារ​ទេសច​រណ៍​ឡើងវិញ ក៏ដូចជា​ការអភិរក្ស​តំបន់​ធនធានធម្មជាតិ​។​

​លោ​កថា​សហគមន៍​ចំបក​នេះ បាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ ពី​ក្រសួង បរិស្ថាន ការទទួលស្គាល់​តាំងពី​ឆ្នាំ​២០០៣​មកម្ល៉េះ ហើយ គាត់​ក៏បាន​រៀបចំ អេកូ​ទេសចរណ៍ តាំងពី​ការដឹកជញ្ជូន ទេសចរណ៍ របាំ សេវា​ម្ហូបអាហារ​នេះ ជា​ចំណុច​ពិសេស បច្ចុប្បន្ននេះ គាត់​អាចមាន​សកម្មភាព​ផ្សេងៗ​ទៀត ទឹកស្អាត​ក៏​គាត់​មាន​ដែរ ៕​/PC