​ដោយៈ​យោធិន​/​ភ្នំពេញៈប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល ជាតិ​រក្សា​សន្តិភាព​បានស្នើ​ដល់​ភាគី​ជប៉ុន​បន្ត​ជួយ​ហ្វឹកហ្វឺន​ជំនាញ​វិស្វកម្ម​ដូចដែល​ជប៉ុន​ធ្លាប់​បានធ្វើ​កន្លង​ទៅនា​សម័យកាល​មុន​រោគរាតត្បាត​កូ​វីដ​សំដៅ​លើកកម្ពស់​សមត្ថភាព​ជំនាញ​លើ​ការងារ​វាស់​ស្ទង់​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ក្នុង​បេសកកម្ម​របស់​អង្គ​ការសង​ប្រជាជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានលើកឡើង​នូវ​សំណើ​ខាងលើនេះ ក្នុងជំនួប​សវនាការ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២​នៅ​មជ្ឈមណ្ឌល ជាតិ​រក្សា​សន្តិភាព​ជាមួយ​លោក ណូរី ណូ​បូ ( Mori Nobuo) លេខា​ទី​១ ស្ថាន​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​…​។​

​ទាក់ទិន​នឹង​សំណើរ​នេះ លោក ណូរី ណូ​បូ លើកឡើងថាៈ នឹង​យក​សំណើ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក ទៅ​ពិភាក្សា ជាមួយ​អ្នកដឹកនាំ នៃ​ប្រទេស​ជប៉ុន ទទួលបន្ទុក​ផ្នែក​នេះ តែ​យ៉ាងណា ជប៉ុន​បាន​និង​បន្ត បណ្តុះបណ្តាល​ជា​បន្ត​បន្ទាប់មក​ផងដែរ​។

​រហូតមកដល់​ពេលនេះ ជប៉ុន បាន​បណ្តុះបណ្តាល​ជាច្រើន​វគ្គ លើ​ជំនាញ​វិស្វកម្ម ហើយ​សិក្ខា​ម​ទាំងអស់នោះ​គឺ​បាន​ចេញទៅ​បំពេញបេសកកម្ម​គ្រប់ៗ​គ្នា​ផងដែរ​។​

​សូមបញ្ជាក់ថា ជប៉ុន ជា​ប្រទេសមួយ​ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិការ យ៉ាងសកម្ម​ជាមួយ​កម្ពុជា​។ ដោយឡែក​ចាប់តាំងពី​កម្ពុជា​បង្កើតឡើង​នូវ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព គឺ​ប្រទេស​ជប៉ុន បាន​ជួយ​ជ្រោមជ្រែង ក្នុងការ​បណ្តុះបណ្តាល​នូវ​រាល់​ជំនាញ បច្ចេកទេស ដោយ​ផ្តោតជាសំខាន់ លើ​ជំនាញ​វិស្វកម្ម​ជា​បន្តបន្ទាប់​ឲ្យ​ដល់​កងយោធពល​ខេមរភូមិន្ទ សម្រាប់ ចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​បេសកកម្ម​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។

​កន្លងទៅ​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​យោធា​មួក​ខៀវ​ក​ម្ព​ជា ទៅ​បំពេញ បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រទេស​ចំនួន​៩ ហើយ​ដែល​បច្ចុប្បន្ន នេះ​បាននិងកំពុង​បន្ត​បំពេញបេសកកម្ម​ក្នុងប្រទេស​ចំនួន​៥៕​/PC