ដោយ​: សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ កុមា​រាជា​សាក្សី​យ៉ាងសំខាន់​តែ​ម្នាក់​គត់ ដែល​បាន​នៅ​រស់រានមានជីវិត ពី​ករណី​ឃាតកម្ម​សម្លាប់​មួយ​គ្រួសារ​នៅក្នុង​ភូមិ​ដាច់ស្រយាល​មួយ​នៃ​ខេត្តមណ្ឌលគិរី ត្រូវបាន​ប​ញ្ជួ​ន​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត ទៅ​បន្ត​សង្គ្រោះ​បន្ត​នៅ​ឯង​ក្រុងភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៣ កុម្ភៈ​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​០៤ កុម្ភៈ​នេះ ប្រាប់​រស្មី​កម្ពុជា​ថា កុមារា​រូប​ជា​សាក្សី​សំខាន់​រូបនេះ ត្រូវបាន​ការពារ​យ៉ាង​យកចិត្តទុកដាក់​ពី​កម្លាំង​នគរបាល​ផងដែរ​។ លោកស្នងការ​បន្តថា​ចំពោះ​ថវិកា​ដែល​ត្រូវ​ចំណាយ គឺ​លើ​រូបលោក​ផ្ទាល់ និង​អង្គការ​មួយទៀត បាន​យកចិត្តទុកដាក់​តាម​ជួយ​រហូតមក​។​

​លោក​វិ​ជ្ជ​បណ្ឌិត​ទុយ ស្រស់ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​អោយដឹង​តាម​ទូរ​សព្ទ​ថា កុមារា ក្រាក់ ស្លី អាយុ​១២​ឆ្នាំ មាន​ស្នាម​ជាំ​ខ្លាំង​នៅ​ចំហៀង​ក និង​ផ្ទៃមុខ រួមទាំង​សតិអារម្មណ៍​មិនសូវ​ប្រក្រតី​។​

​មិនមាន​ការបញ្ជាក់​ថា​តើ​គំនុំ​សម្លាប់​មួយ​គ្រួសារ​ផ្តាច់​ពួជ​នោះ បាន​ជាប់ទាក់ទង​នឹង​អ្វី​នោះទេ​។ អាជ្ញាធរ​មូលដ្ឋាន​បាន​ថ្លែងថា​គេ​កំពុង​ស្វែងរក​តម្រុយ​។

​ស្នងការរង​នគរបាល​ខេត្ត​មណ្ឌល​គី​រី លោក​សូ សុវណ្ណ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មនុស្ស​ដែល​ត្រូវបាន​ស្លាប់​ក្នុង​ហេតុការណ៍ មាន​ចំនួន​៥​នាក់ ដែល​សាកសព​មុននេះ​ត្រូវគេ​ប្រទះ​ឃើញតែ​បីនាក់ ដែល​ស្ថិតនៅ​ក្នុងព្រៃ និង​ក្រោយមក​ប្រទះឃើញ​២​នាក់​ផ្សេងទៀត នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​១០០​ម៉ែត្រ​។ អ្នក​ទាំង​២​ដែល​ទើប​រកឃើញ សាកសព​នោះ គឺជា​ម្តាយ និង​កូនប្រុស​អាយុ​៥​ឆ្នាំ​។ សាកសព​ដែល​ឃាតករ​បានសម្លាប់​នោះ ត្រូវបាន​ទុក ចោល នៅក្នុង​តំបន់​មួយកន្លែង​ស្ថិតនៅ​ចំណុច ស្រែ​មួយ​ឈ្មោះ​ស្រែ​ម៉ា​អ៊ែ​ល ភូមិ​ឡៅ​កា សង្កាត់​សុខដុម នៃ​ក្រុង សែន​មនោ​រម្យ​៕​