ដោយ៖ដេប៉ូ/ភ្នំពេញ៖ ជ្រូកពោន ឬជ្រូកព្រុល ជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ប៉ុន្តែសត្វប្រភេទនេះគេឃើញកំពុងរស់នៅតំបន់ការពារធម្មជាតិកម្ពុជា។
គួរបញ្ជាក់ថាជ្រូកពោន ឬជ្រូកព្រុល មានឈ្មោះជាភាសាអង់គ្លេសថា Hog Badger និងចំណែកឈ្មោះតាមវិទ្យាសាស្ត្រវិញគឺ Arctonyx collaris)។
ក្រសួងបរិស្ថានបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថាសត្វប្រភេទនេះ ត្រូវគេថតបានកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា។
ជ្រូកពោន ឬជ្រូកព្រុល មានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១.០៤០មម និងមានទម្ងន់ពី ៧-១៤គ.ក កន្ទុយប្រវែង ១២០-១៧០មម និងជើងក្រោយ ១១៥-១៣៤មម។វាជាសត្វមានមាឌធំ មានកន្ទុយខ្លី ជើងធំៗ និងមានក្រចកមាំ កោងវែងពណ៌ស ច្រមុះរាងដូចច្រមុះជ្រូក។ សត្វប្រភេទនេះរស់នៅតាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ ចំណីអាហាររបស់វាមានដូចជាមើមរុក្ខជាតិ ឫសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។
ជ្រូកពោន ឬជ្រូកព្រុល មានវត្តមាននៅតាមតំបន់ព្រៃស្ទើទូទាំងប្រទេសកម្ពុជា ជាពិសេសនៅភាគនិរតី ឦសាន និងភាគខាងជើង៕/PC