ដោយៈ​យោធិន​/ ភ្នំពេញៈ​កងវិស្វកម្ម​ពហុ​ជំនាញ​លេខ​៩២៨ ដែលមាន​កម្លាំង​សរុប​ចំនួន​១៨៤ (ស្ត្រី​៣០​នាក់ )បាន​វិល​ត្រឡប់មក​មាតុភូមិ​កម្ពុជា​វិញកាលពី​យប់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​មនុស្សធម៌​រក្សា​សន្តិភាព​អស់​រយៈពេល​មួយឆ្នាំ​ប្រកបដោយ​ជោ​គេ​ជ័យដូច​បណ្តា​កង​មុនៗ នៅ​សាធារណរដ្ឋ​លី​បង់​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម(រូបថត យោធិន)

រីឯ​កង​ដែល​ត្រូវធ្វើ​ការប្តូរ​វេន គឺ​កងវិស្វកម្ម​ពហុ​ជំនាញ​លេខ​៨២៩ ដែលជា​កង​ទី​១២ មាន​ចំនួន​កម្លាំង​សរុប​១៨៤​នាក់ ស្ត្រី​ចំនួន​២៨​នាក់​។ អត្រា​ចូលរួម​របស់​នារី​ក្នុង​កង​នេះ​ស្មើ​៤៦ភាគរយ លើសពី​តម្រូវការ​របស់ អ​.​ស​.​ប​. ត្រឹម​១៥ភាគរយ។​នេះ​សបញ្ជាក់​ឱ្យឃើញថា កម្លាំង​មួក​ខៀវ​កម្ពុជា ពិតជា​បានធ្វើ​ន​វា​នុ​វត្ត​ចំណេះ​ជំនាញ​ក្នុង​បរិបទ​នៃ​ការ រស់នៅ​ថ្មី និង​សាមគ្គីភាព សហប្រតិបត្តិការ គោរព​វិន័យ​ល្អ និង​ភាព​អង់អាច ក្លាហាន​ក្នុងការ​អនុវត្ត​តួនាទី​របស់ខ្លួន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង នៃ​តំបន់​ដែល​ខ្លួន​បាន​ចូលរួម ពិសេស​ការអនុវត្ត​នូវ​វិធាន​នៃ​ការការពារ​មេរោគ​កូ​វីដ​១៩​។​

​ពិធី​ទទួល​កងវិស្វកម្ម​ពហុ​ជំនាញ​លេខ​៩២៨បាន​ធ្វើឡើង​ក្រោម​វត្តមាន នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ព្រមទាំង​ថ្នាក់ដឹកនាំ​កងទ័ព​មួក​ខៀវ​មួយចំនួន នៅ​អាកាសយានដ្ឋានអន្តរជាតិ​។​

​នាឱកាស​នោះនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ថ្លែងថា បេសកកម្ម​នៅ​សាធារណរដ្ឋ​លី​បង់​ជា​ឆ្នាំ​ទី​១២ ហើយ​កងវិស្វកម្ម​លេខ​៩២៨ គឺជា​កង​ទី​១១ ដែល​បាន​ចូលរួម​អនុវត្ត​បំពេញភារកិច្ច​ប្រកបដោយ​ផ្លែផ្កា ព្រម​ជាមួយនឹង​លទ្ធផល​គួរ​ជាទី​មោទនៈ​។ លើសពីនេះ​ទៀត ខណៈពេលដែល​ស្ថានការណ៍ បាន​នឹង​កំពុង​បន្ត​ការ​រាតត្បាត​នៅ​ទូទាំង​ពិភពលោក ពិសេស​ក្នុង​តំបន់​បេសកកម្ម ដែល​វិស័យ​សុខាភិបាល​មិនទាន់មាន​ការរីកចម្រើន កង​លេខ​៩២៨ បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​ការណែនាំ​របស់ អ​.​ស​.​ប​. ប្រចាំ​នៅ​សាធារណរដ្ឋ​លី​បង់ ការណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល​កម្ពុជា រហូត​ទទួលបាន​ជោគជ័យ ដោយ​មិនមាន​សមាជិក​ណា​ម្នាក់ ឆ្លង​មេរោគ​ដ៏​កាច​សាហាវ ដែល​ពិភពលោក​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា​ «​តែ​គួរឱ្យ​សោកស្តាយ​ដែល​បងប្អូន​យើង​មួយ​នាក់ បាន​រងគ្រោះថ្នាក់​ដោយសា​រ​ឧបទ្ទវហេតុ​ផ្ទុះ​មីន​បង្កឱ្យមាន​វិប្បដិសារី​ដល់​ជាតិ អង្គភាព ក្រុមគ្រួសារ និង​ខ្លួនឯង​ផ្ទាល់​។ នេះ​គឺជា​មេរៀន និង​បទពិសោធន៍​ដែល​យើង​នីមួយៗ​ត្រូវ​ចងចាំ​ចងក្រង និង​ចែករំលែក​ដល់​បងប្អូន​ប្តូរ​វេន​ក្រោយៗ អនុវត្ត​ឱ្យបាន​ដាច់ខាត តាម​បទដ្ឋាន​របស់ អ​.​ប​.​ស​. ដោយ​យក «​សុវត្ថិ​ភាពជា​ចម្បង​»​។​

​បន្ថែម​ពីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា រយៈពេល​មួយ​ឆ្នាំ នៃ​ការបំពេញភារកិច្ច​ដ៏​សែន​លំបាក នៅ​មជ្ឈិមបូព៌ា​ដែលមាន​សីតុណ្ហភាព​ក្រោម​សូន្យ​អង្សា ខុសគ្នា​ពី​ប្រទេស​របស់​យើង និង​ជា​តំបន់​សម្បូរ​ទៅដោយ​ភ្នំ​ផង រង​សម្ពាធ​វិបត្តិ​សេដ្ឋកិច្ច​ផង ជម្លោះព្រំដែន​រវាង​ប្រទេស​អ៊ុ​ស្រា​អែល ទន្ទឹមនឹង​ការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​ផង​នោះ គឺ​ពិតជា​ការលះបង់​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​។ ការធ្វើ​មាតុភូមិនិវត្តន៍​នាពេលនេះ បង្ហាញ​ពី​ការខិតខំ​ពុះពារ​ជម្នះ គ្រប់​ឧបសគ្គ ល្ប៍​ទៅនឹង​ស្ថានការណ៍​ជាក់ស្តែង​របស់​វីរ​យុទ្ធជន និង​យុទ្ធ​នារី​របស់​យើង ព្រមទាំង​បាន​វិលត្រឡប់​មកវិញ​ប្រកបដោយ​កាយា​មាំមួន រីឯ​ក្រុមគ្រួសារ​ក៏​ពោរពេញ​ដោយ​ទឹកមុខ​ញញឹម​ប្រឹម​ប្រិ​យ​។​

​ឆ្លៀតឱកាស​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ គណៈកម្មាធិការ​ជាតិ ដែល​តែងតែ​គិតគូរ​សួរសុខទុក្ខ​ដល់​កម្លាំង​យើង​ជាប់​ជាប្រចាំ​។ ក្នុងករណី​កម្លាំង​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឱ្យទៅ​ឈប់សម្រាក​ច្បាប់​នៅតាម​គេហដ្ឋាន ក៏​មិនត្រូវ​ធ្វេស​ប្រហែលជា​ដាច់ខាត គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​រយៈពេល​៥​ថ្ងៃ​បន្តទៀត រួមទាំង​ការអនុវត្ត​វិធានការ «៣​កុំ និង​៣​ការពារ​» ឱ្យបាន​ម៉ឺងម៉ាត់ ស័ក្តិ​សមជា​កងយោធពល​ខេមរភូមិន្ទ​គំរូ ដើម្បី​គ្រួសារ​យើង​ខ្លួន​យើង និង​សង្គមជាតិ​យើង​ទាំងមូល​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ស្វាគមន៍​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ចំពោះ​ការវិល​ត្រលប់​ប្រកបដោយ​សុខ​សុវត្ថិភាព ជាមួយនឹង​ភាពជោគជ័យ​ក្នុងការ​បំពេញភារកិច្ច​។​

​គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​ពេលនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព ជាង​៧​ពាន់​នាក់ ទៅ​បំពេញបេសកកម្ម មនុស្សធម៌​ជាមួយ​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ចំនួន​៩ រួមមាន​៖ ស៊ូដង់ ស៊ូដង់​ខាងត្បូង​, ឆាដ​, លី​បង់​, ស៊ី​រី​, ម៉ាលី​, អាហ្វ្រិក​កណ្តាល សាយ​ប្រឺស និង​យ៉េ​មែន​ជាដើម​។ បច្ចុប្បន្ន​កម្ពុជា​មា​នក​ម្លាំ​ង​កងទ័ព​មួក​ខៀវ​ជិត ៨០០​នាក់ ក្នុងនោះ​មាន​នារី​ជិត​៨០​នាក់ បាន​នឹង​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​៕​សរន

កងវិស្វកម្ម​ពហុ​ជំនាញ​លេខ​៩២៨ ដែលមាន​កម្លាំង​សរុប​ចំនួន​១៨៤ (ស្ត្រី​៣០​នាក់ )បាន​វិល​ត្រឡប់មក​មាតុភូមិ​កម្ពុជា​វិញកាលពី​យប់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​មនុស្សធម៌​រក្សា​សន្តិភាព​អស់​រយៈពេល​មួយឆ្នាំ​ប្រកបដោយ​ជោ​គេ​ជ័យដូច​បណ្តា​កង​មុនៗ នៅ​សាធារណរដ្ឋ​លី​បង់​(រូបថត យោធិន)