ប្រែសម្រួលៈបំណង/ម៉ានីល(ដេល្លីម៉េល,pinoyabrod)៖ អតីតជើងឯកប្រដាល់ពិភពលោកនិងជាបេក្ខជនប្រធានាធិបតីហ្វីលីពីន លោក មែននី ប៉ាក់គីអៅ(Manny Pacquiao)កាលពីថ្ងៃសុក្រទី៤កុម្ភៈបាននិយាយថា គ្រួសារម៉ាកូស គួរប្រគល់ទ្រព្យសម្បត្តិដែលទទួលបានដោយទុច្ចរិតនិងសុំទោសចំពោះការរំលោភធ្វើឡើងក្នុងអំឡុងពេលកាន់កាប់អំណាចផ្តាច់ការរបស់ប្រធានាធិបតីហ្វែរឌីណង់ ម៉ាកូស។
ប៉ាក់គីអៅ បានលើកឡើងយ៉ាងដូច្នេះនៅពេលលោកត្រូវតតាំងជាមួយ អតីតសមាជិកព្រឹទ្ធសភា ហ្វែរឌីណង់ «បុងបុង» ម៉ាកូស ជូនៀ(Ferdinand “Bongbong” Marcos Jr.)ដែលត្រូវជាកូនប្រុសរបស់សពលោកម៉ាកូស នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែឧសភាឆ្នាំ២០២២នេះ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានABS-CBN News Channel ប៉ាក់គីអៅ បាននិយាយថា«ទ្រព្យទទួលបានដោយទុច្ចរិតអ្វីក៏ដោយដែលគេមាន គួរប្រគល់មកអោយរដ្ឋាភិបាលដោយសារសាធារណជនស្រែកទាមទាររកវា»។
លោកថា លោកនឹងលើកបញ្ហានេះឡើងវិញបើសិនជាលោកជាប់ជាប្រធានាធិបតី។
អតីតជើងឯកប្រដាល់រូបនេះក៏បានអំពាវនាវអោយកូនរបស់ម៉ាកូសសុំទោសចំពោះការរំលោភធ្វើឡើងក្នុងអំឡុងរបបរបស់ឪពុកខ្លួន។
ក្នុងពេលជាមួយគ្នា ក្រុមយុទ្ធនាការរបស់ម៉ាកូសនៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេចំពោះសំណើនេះ។តែកាលពីថ្ងៃ២៥មករា ក្នុងកិច្ចសម្ភាសន៍មួយតាមវិទ្យុ ម៉ាកូសបានទទួលស្គាល់ការកាត់ក្តីរបស់តុលាការប្រឆាំងនឹងគ្រួសារលោកពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនិងថាគ្រួសារនេះនឹងគោរពការសំរេចរបស់តុលាការ។
ប៉ាក់គីអៅ ក៏ដូចបេក្ខជនដទៃទៀតដែរ សុទ្ធតែសន្យាបោសសម្អាតអំពើពុករលួយក្នុងរដ្ឋាភិបាលនិងការពារលុយរដ្ឋ។
សូមបញ្ជាក់ថា ទោះជាត្រូវបានបណ្តេញចេញពីអំណាចក្នុងបដិវត្តន៍អំណាចប្រជាជនក្នុងឆ្នាំ១៩៨៦ និងបង្ខំរត់ទៅរស់នៅបរទេស ក៏គ្រួសារម៉ាកូសនៅតែជាកម្លាំងមានឥទ្ធិពលមួយនៅក្នុងប្រទេសហ្វីលីពីន ដោយអ្នកស្មោះត្រង់នៅមានពាសពេញមជ្ឈដ្ឋានរដ្ឋបាលនិងនយោបាយ ព្រមទាំងក្នុងក្រុមឥស្សរៈជនធុរកិច្ច។
គ្រួសារនេះបានវិលមកហ្វីលីពីនវិញនៅទសវត្សរ៍ឆ្នាំ១៩៩០និងសមាជិកគ្រួសារម៉ាកូសបានកាន់តំណែងនយោបាយចាប់តាំងពីពេលនោះ រួមមានអភិបាល សមាជិកសភានិងព្រឹទ្ធសភា៕
ប៉ាក់គីអៅ សុំអោយគ្រួសារម៉ាកូសប្រគល់ទ្រព្យទុច្ចរិតនៅមុនការបោះឆ្នោតប៉ុន្មានខែ