ដោយ​:ផេង ពង្ស​រ៉ាស៊ី /ភ្នំពេញៈរមណីយដ្ឋាន​សត្វ​ស្លាប​ធម្មជាតិ​ទួល​ព័ន្ធ​តា​ឡី​៖ ជា​រមណីយដ្ឋាន​សត្វ​ស្លាប​ធម្មជាតិ​ដ៏​កម្រ​មួយ​មាន​ទំហំ​៨៦​ហិកតា ដែលមាន​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ និង​ទទួលរង​ការគំរាមកំហែង​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ​រាប់ម៉ឺន​ក្បាល ដូចជា​ស្មោញ ទង់​ប្រផេះ ប្រភេទ​សត្វ​ត្រ​យ៉ង ត្រដក់ ននៀល​ខ្យង កុក ខ្វែក ក្អែកទឹក ទង់ ក្រសា និង​សត្វ​ស្លាប​ប្រមាណ​ជិត​៥០​ប្រភេទ​ផ្សេងៗ​ទៀត​។ រមណីយដ្ឋាន​នេះ ស្ថិតនៅ​ភូមិ​ទ័ព​ស្ត​ច ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ និង​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តព្រៃវែង​។​

ទេសភាព​ផ្ទៃ​ទឹក​នៅ​រមណីយដ្ឋាន​សត្វ​ស្លាប​ធម្មជាតិ​ទួល​ព័ន្ធ​តា​ឡី​ស្ថិតនៅ​ភូមិ​ទ័ព​ស្តេច ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ស្ថិតនៅ​ចំ​កណ្តាល​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ រមណីយដ្ឋាន​នេះ​អាច​ទទួលភ្ញៀវ​ទេសចរ​​បាន​គ្រប់​រដូវ​។ នៅ​រដូវប្រាំង ភ្ញៀវ​ទេសចរនានា​អាចធ្វើ​ដំណើរ​ដោយ​ខ្លួនឯង​តាម​រថយន្ត ទោចក្រយានយន្ត និង​ថ្មើរជើង​ទៅកាន់​ទីតាំង​នេះ​។ ចំណែក​នៅ​រដូវវស្សា​វិញ ភ្ញៀវ​​អាចធ្វើ​ដំណើរ​តាម​ទូក និង​កាណូត​តែ​ប្រមាណ​ពីរ​គីឡូម៉ែត្រ​ពី​ភូមិ​អ្នកស្រុក ទៅកាន់​ទីទួល​ដើម្បី​ទស្សនា​ហ្វូង​សត្វ​ស្លាប និង​ព្រៃឈើ​ដែល​ដុះ​ប្រជ្រៀត​គ្នា​នៅលើ​ទីទួល​ព័ន្ធ​តា​ឡី​។

តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាជន​រស់នៅ​ជុំវិញ​បរិវេណ​ទីទួល​នេះ​ថា ហ្វូង​សត្វ​ស្លាប​ទាំងអស់ លើកលែងតែ​សត្វ​ក្រាប​ពង បាន​ចាក​ចេញពី​សម្បុក និង​ទីទួល​ព័ន្ធ​តា​ឡី​នៅវេលា​ព្រឹក ដើម្បី​ចេញទៅ​រកស៊ី​នៅ​កន្លែង​ឆ្ងាយៗ​ពី​ទួល ហើយ​បាន​វិលត្រឡប់​មកវិញ​នៅវេលា​ល្ងាច​ចាប់ពី​ម៉ោង​៥​រហូត​ដល់ពេល​ជិតយប់​ង​ងិ​ត​។ ភ្ញៀវ​ទេសចរណ៍​នានា ច្រើន​នាំគ្នា​ទៅ​ទស្សនា​ហ្វូង​សត្វ​ស្លាប​ទាំងនេះ ចាប់ពី​វេលា​ម៉ោង​បី ឬ​ម៉ោង​បួន​តទៅ ដើម្បី​បាន​មើលឃើញ​ដំណើរ​វិលត្រឡប់​របស់​ហ្វូង​សត្វ​ស្លាប​។​

ទេសភាព​ផ្ទៃ​ទឹក​នៅ​រមណីយដ្ឋាន​សត្វ​ស្លាប​ធម្មជាតិ​ទួល​ព័ន្ធ​តា​ឡី​ស្ថិតនៅ​ភូមិ​ទ័ព​ស្តេច ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​ជុំវិញ​ទីទួល​ព័ន្ធ​តា​ឡី យើង​សង្កេតឃើញ​មាន​រោង​ធ្វើ​ពី​ឈើ​គ្មាន​ដំបូល ឬ​មាន​ដំបូល​ធ្លុះធ្លាយ​ចំនួន​បួន​ប្រាំ និង​រោង​ធ្វើ​ពី​ថ្ម​ចំនួន​មួយ ត្រូវបាន​សាងសង់ឡើង​នៅ​ជុំវិញ​បរិវេណ​ព្រៃ​ព័ន្ធ​តា​ឡី ដើម្បី​ធ្វើជា​កន្លែង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ដែល​មក​ទស្សនា​នៅទីនេះ​។ ក្រុមការងារ​យើង​បាន​ទៅកាន់​រោង​ធ្វើ​ពី​ឈើ​ចាស់​ទ្រុឌទ្រោម​មួយ​ស្ថិតនៅ​ភាគ​ខាងកើត​ទីទួល និង​បាន​ឡើងលើ​រោង​នោះ​ដើម្បី​ទស្សនា​ហ្វូង​សត្វ​ស្លាប​ឲ្យ​បាន​ជិត​បន្តិច​។ នៅលើ​រោង​ដំបូល​ធ្លុះធ្លាយ​នេះ យើង​ពុំ​សូវ​ចាប់អារម្មណ៍​ខ្លាំង​ឡើយ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ប៉ុន្តែ​យើង​បែរជា​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ពី​ទេសភាព ផ្ទៃ​ទឹក​មើល​ពីលើ និង​ទិដ្ឋភាព​ហ្វូង​សត្វ​ស្លាប​ដែល​ហើរ​ឆ្វែល​ចុះ​ឆ្វែល​ឡើង​នៅ​ជុំវិញខ្លួន​។ ម្នាក់ៗ​បាន​ទាញ​ទូរ​សព្ទ​ដៃ​មក​ផ្តិត​យក​រូបភាព ជជែក​គ្នា ថត​គ្នា​ទៅវិញទៅមក និង​ទស្សនា​ទេសភាព​កណ្តាល​ផ្ទៃ​ទឹក និង​អ្វីៗ​ដែល​អាច​មើលឃើញ​នៅ​ជុំវិញខ្លួន ជាពិសេស​ទិដ្ឋភាព​ព្រះអាទិត្យ​ហៀបនឹង​អស់​ស្ត​ង្គ​ត បញ្ចេញ​ពណ៌​ក្រហមព្រឿងៗ លម្អ​ដោយ​ហ្វូង​សត្វ​ស្លាប​ហើរ​ឆ្វែល​ចុះឡើងៗ​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ​។​

ភ្ញៀវ​ទេសចរណ៍​ជិះទូក​កម្សាន្ត​នៅ​រមណីយដ្ឋាន​សត្វ​ស្លាប​ធម្មជាតិ​ទួល​ព័ន្ធ​តា​ឡី​។​(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ទីតាំង​រមណីយដ្ឋាន​ទួល​ព័ន្ធ​តា​ឡី ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកទស្សនា​នៅ​ឆ្នាំ​២០១៩​និង​២០២០ បន្ទាប់ពី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​មួយ​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​ចុងឆ្នាំ​២០១៩ ដើម្បី​ពិភាក្សា​ពី​ការដាក់បញ្ចូល​តំបន់​នេះ ឬ​ដែល​អ្នកស្រុក​និយម​ហៅថា ទីតាំង «​ដី​សើម​បឹង​ស្នេហ៍​» ទៅជា​តំបន់​ការពារ​ធនធានធម្មជាតិ​។ ដី​សើម​បឹង​ស្នេហ៍ ជាទី​តាំង​ដីព្រៃ​លិច​ទឹក​មួយកន្លែង​ដែល​ធ្លាប់​ទទួលបាន​ជំនួយ​ក្នុងការ​បង្កាត់​ពូជ និង​អភិរក្ស​សត្វ​ស្លាប ព្រមទាំង​ធនធានធម្មជាតិ កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ ប្រាក់ ផល្លី ជា​អ្នក​អភិរក្ស​សត្វ​ស្លាប​នៅ​រមនីយដ្ឋាន​ទួល​ព័ន្ធ​តា​ឡី ឬ​ដី​សើម​បឹង​ស្នេហ៍ បាន​ឲ្យ​ដឹងថា ហ្វូង​សត្វ​ស្លាប​ទាំងអស់​បានមក​ស្នាក់នៅ​បណ្តោះអាសន្ន​នៅលើ​ទីទួល​នេះ តែ​ក្នុង​រដូវវស្សា ឬ​រដូវ​ទឹក​ឡើង​ប៉ុណ្ណោះ​នៅមុន​ឆ្នាំ​២០១៨​។ លុះ​ចាប់តាំងពី​ឆ្នាំ​២០១៩​មក ការតាំង​ទីលំនៅ​នៃ​សត្វ​ទាំងនេះ គឺ​លែងមាន​ការផ្លាស់​ទី​ទៀតហើយ​។ «​នៅ​ឆ្នាំ​២០១៧-២០១៨ សត្វ​ទាំងអស់នេះ​គឺជា​សត្វ​រដូវ​កាល​។ ដល់ពេល​ខែ​ទឹក​ឡើង​បាន​គេ​(​សត្វ​)​មក ហើយ​ដល់​ខែ​ទឹកសម្រក គេ​ទៅវិញ​បាត់​។ តែ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៨-២០១៩ ហើយ​ជាពិសេស​នៅ​ដើមឆ្នាំ​២០២០ គឺ​គេ​ចាប់ផ្តើម​បោះទីតាំង​នៅ​ជា​អចិន្ត្រៃយ៍​តែម្តង​។​»

មាន​សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល​ប្រមាណ​៥០​ប្រភេទ​រស់នៅ​រមណីយ​ដ្ឋា​ន​សត្វ​ស្លាប​ធម្មជាតិ​ទួល​ព័ន្ធ​តា​ឡី​។​
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​ ​
​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១​កន្លងទៅនេះ សត្វ​ស្លាប​រាប់ពាន់​ក្បាល​បាន​ស្លាប់​ជា​បន្តបន្ទាប់​។ ម្ចាស់​ទូក​ចម្លង (​មិន​ស្គាល់ឈ្មោះ​) ម្នាក់​បាន​ប្រាប់ថា មូលហេតុ​ដែល​នាំ​ឲ្យ​សត្វ​ស្លាប​ទាំងនោះ​ស្លាប់ គឺ​ដោយសារ​ក្តៅ​ខ្លាំង និង​ចំហាយ​អាចម៍សត្វ​ទាំងនោះ​ជះ​ខ្លាំងពេក​ដែល​ធ្វើ​ឲ្យ​សត្វ​ទាំងនោះ​ពិបាក​ដកដង្ហើម​។ តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ទូក​ចម្លង​ដដែល​ថា នៅ​ចុងខែ​មករា ឆ្នាំ​២០២២​នេះ កំណើត​សត្វ​ស្លាប​ទាំងនេះ​បាន​កើនឡើង​ច្រើន​ដូច​មុន ហើយនឹង​អាច​ច្រើនជាង​មុន​ក្នុងពេល​ដ៏​ខ្លី ព្រោះថា​សត្វ​ទាំងនោះ​កំពុង​ក្រាប​ពង ស្របពេល​ដែល​ទឹក​ដែល​ព័ទ្ធជុំវិញ​ទីទួល​នេះ​នៅ​មិនទាន់​ស្រក​អស់​នៅឡើយ​។​

​នៅតាម​វាលស្រែ​ប្រប​សងខាង​ផ្លូវជាតិ​នានា​នៃ​ខេត្តព្រៃវែង​ដែល​យើង​បានធ្វើ​ដំណើរ យើង​តែង​ក្រឡេក​មើលឃើញ​ហ្វូង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ហើរ​និង​ស្វែង​រកស៊ី​ចំណី​ទាំង​នៅតាម​វាលស្រែ​ដែល​ទើបនឹង​ភ្ជួរ​រាស់ ទាំង​វាលស្រែ​ដែល​ទើបនឹង​ស្ទូង​រួច និង​តាម​វាលស្រែ​ដែល​ហៀបនឹង​ទទួលបាន​ផល​របស់​អ្នកស្រុក​។ នៅពេលដែល​យើង​ធ្វើដំណើរ​វិលត្រឡប់​មក​ពី​ប្រកបការងារ​វិញ​នៅ​ម៉ោង​ប្រមាណ​ជាង​៥​រសៀល យើង​សង្កេតឃើញ​សត្វ​ស្លាប​ទាំង​ហ្វូងៗ ហើរ​សំដៅ​ទៅកាន់​ទីជម្រក​នៅ​ទីទួល​ព័ន្ធ​តា​ឡី ឬ​តំបន់ដីសើម​បឹង​ស្នេហ៍​៕សរន

មាន​សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល​ប្រមាណ​៥០​ប្រភេទ​រស់នៅ​រមណីយ​ដ្ឋា​ន​សត្វ​ស្លាប​ធម្មជាតិ​ទួល​ព័ន្ធ​តា​ឡី​។​
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទេសភាព​ថ្ងៃ​រៀប​លិច​នៅ​រមណីយដ្ឋាន​សត្វ​ស្លាប​ធម្មជាតិ​ទួល​ព័ន្ធ​តា​ឡី​។​
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទេសភាព​ថ្ងៃ​លិច​នៅ​រមណីយដ្ឋាន​សត្វ​ស្លាប​ធម្មជាតិ​ទួល​ព័ន្ធ​តា​ឡី​។​(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)