ដោយ​: ដេប៉ូ​/​ភ្នំពេញ​: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ដែល​ត្រូវ បាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល លើក​ទី​៧៨​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ក្រសួង​ការងារ បាន​ញ្ជា​ក់​ជូនដំណឹង​ដល់​បងប្អូន​កម្មករនិយោជិត​ចំនួន ៥.៥៧៦​នាក់ នៃ​រោងចក្រ​សហគ្រាស​ទាំង​៤២ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ទទួលបាន ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​ជុំ​ទី​៣ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ជ្រាបថា ធនាគារ វី​ង នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​បស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរ​សព្ទ ដែល​បងប្អូន​បានផ្ដល់​មកឱ្យ ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ សហគ្រាស​នាពេល​កន្លងមក​។​

​ក្រសួង​ការងារ​បានឱ្យដឹង​ដែរ​ថា​ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ ក្នុងនោះ​ចំនួន​៖
-៦០.៧៥០​រៀល (១៥​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ៧​ថ្ងៃ ដល់ ១០​ថ្ងៃ​
-១២១.៥០០​រៀល (៣០​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១១​ថ្ងៃ ដល់ ២០​ថ្ងៃ​
-១៦២.០០០​រៀល (៤០​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១​ថ្ងៃ ដល់ ១​ខែ​។​

​ក្រសួង​ការងារ​បាន​រំ​ឮ​កថា ធនាគារ វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន ខកខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ វី​ង​។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​។ បងប្អូន​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់ ឧបត្ថម្ភ​នេះ​៕