ដោយៈគង់ហេង/កំពង់ចាមៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមចំនួនបួនថ្ងៃបានកន្លងផុតទៅនេះមានទេសចរជិតបួនពាន់នាក់បានមកកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនច្រើនជាងគេបើធៀបនឹងបណ្តារមណីយដ្ឋានផ្សេងទៀតក្នុងខេត្តដែលមានចំនួនប្រាំបីកន្លែង។ទន្ទឹមនេះដើម្បីជាការលើកទឹកថែមទៀត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានដឹកនាំសហការីជាច្រើនរូបអញ្ជើញទៅទីនោះដោយផ្ទាល់ផងដែរកាលពីថ្ងៃទី២ខែកុម្ភៈ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានដឹកនាំសហការីជាច្រើនរូបអញ្ជើញទៅទីនោះដោយផ្ទាល់ផងដែរកាលពីថ្ងៃទី២ខែកុម្ភៈ(រូបថត គង់ ហេង)
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៤ ខែកុម្ភៈនេះថា ក្នុងចំណោម រមណីយដ្ឋានចំនួនប្រាំបីកន្លែងរបស់ខេត្តកំពង់ចាមដែលទាក់ទាញភ្ញៀវឱ្យទៅកម្សាន្តបានជិតបួនពាន់នាក់។ លោកបន្តថា មានតែរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនទេដែលមានស្ពានប្រដឹសឬស្សីប្រវែងជិតមួយគីឡូម៉ែត្ររួមជាមួយអាហារដ្ឋានជាច្រើន កន្លែង។ មានឆ្នេរខ្សាច់និងទឹកទន្លេរាក់ល្មមអាចឱ្យភ្ញៀវទាំងឡាយចុះមុជលេងយ៉ាងរីករាយ។
លោកប្រធានមន្ទីរដដែលឱ្យដឹងទៀតថា ក្រៅពីរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវក៏បានទៅលេងតាមរមណីយដ្ឋាន ចំនួនប្រាំពីរកន្លែងផ្សេងទៀត ដែលមានចំនួន ១៧.១៣៥ នាក់។ លោកបន្តថា ឆ្នាំនេះនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្ម និងតាមរមណីយដ្ឋានមានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អហើយបានអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចការណែនាំរបស់ក្រសួងសុខាភិបាល។ចំណែកភ្ញៀវក៏មានការប្រុងប្រយ័ត្នខ្ពស់ដោយបានពាក់ម៉ាសនិងចូលរួមអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលដូចគ្នា។
លោកបន្តដោយកត់សម្គាល់ថា បន្ទាប់ពីបើកប្រទេសឡើងវិញពិសេសក្នុងអំឡុងបុណ្យចូលឆ្នាំចិនកន្លងទៅយើងសង្កេត ឃើញថា ក្នុងដំណើរកម្សាន្តនៅរមណីយដ្ឋានការចំណាយជាមធ្យមរបស់ភ្ញៀវក្នុងម្នាក់ចាប់ពី ពីរម៉ឺន រៀល ដល់ប្រាំមួយម៉ឺនរៀល។
សូមបញ្ជាក់ថាបច្ចុប្បន្នខេត្តកំពង់ចាមមានរមណីយដ្ឋានចំនួនប្រាំបីកន្លែងគឺរមណីយដ្ឋានទឹកឆា,រមណីយដ្ឋានកសិ-ថ្មដាទឹកឆា,រមណីយដ្ឋានភ្នំហាន់ជ័យ,រមណីយដ្ឋានបែមប៊ូរីសត,រមណីយដ្ឋានភ្នំប្រុសភ្នំស្រី,រមណីដ្ឋាននគរបាជ័យ,រមណីយដ្ឋានភ្នំជើងព្រៃ និងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន៕សរន
រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ទាក់ទាញភ្ញៀវបានច្រើនជាងគេក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅ(រូបថត គង់ ហេង)