ប្រែសម្រួលៈបំណង/មូស្គូ(ដេល្លីម៉េល)៖ រុស្ស៊ីនិងចិនកាលពីថ្ងៃសុក្រទី៤កុម្ភៈ បានអំពាវនាវអោយអង្គការណាតូឈប់ពង្រីកមាឌតាមរយៈបង្កើនសមាជិករបស់ខ្លួនថែមនៅពេលរដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា ខ្លួនគាំទ្រទាំងស្រុងគោលជំហររបស់រដ្ឋាភិបាលចិនអំពីបញ្ហាតៃវ៉ាន់និង ប្រឆាំងឯករាជ្យភាពរបស់កោះនេះក្នុងទំរង់ណាមួយក៏ដោយ។
សេចក្តីថ្លែងការណ៍រួមមួយបាននិយាយថា «កម្លាំងខ្លះតំណាងអោយសម្លេងភាគតិចមួយនៅលើឆាកអន្តរជាតិតែបន្តជំរុញមធ្យោបាយឯតោភាគីដើម្បីដោះស្រាយបញ្ហាអន្តរជាតិ និងព្យាយាមអនុវត្តគោលនយោបាយយោធា។ភាគីទាំងពីរ ចិននិងរុស្ស៊ីប្រឆាំងការពង្រីកអង្គការណាតូបន្ថែម ហើយអំពាវនាវអោយសម្ពន្ធភាពអាត្លង់ទិចខាងជើង(ណាតូ)បោះបង់ចោលមនោគមវិជ្ជាសង្គ្រាមត្រជាក់»។
សេចក្តីថ្លែងការណ៍ក៏បាននិយាយថា រុស្ស៊ីបញ្ជាក់អះអាងឡើងវិញថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន និងប្រឆាំងឯករាជ្យភាពតៃវ៉ាន់ទោះក្នុងរូបភាពណាក៏ដោយ។
ប្រធានាធិបតីចិន ស៊ី ជីនភីង និងសមភាគីរុស្សី ថតរួមគ្នាមុនជួបប្រជុំនៅក្រុងប៉េកាំងកាលពីថ្ងៃ៤កុម្ភៈ
សេចក្តីថ្លែងការណ៍រួមគ្នានេះចេញក្នុងអំឡុងពេលប្រធានាធិបតីរុស្ស៊ីបានទៅដល់ចិនដើម្បីចូលរួមការបើកកីឡាអូឡាំពិចរដូវរងានិងជួបប្រជុំផ្ទាល់ជាមួយសមភាគីចិន ។វាក៏បានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរជួបប្រជុំគ្នានៅក្រុងប៉េកាំងដើម្បីត្រៀមសំរាប់ជំនួបកំពូលនៅថ្ងៃសុក្រនេះរវាងលោកប្រធានាធិបតីស៊ី ជីនភីង និងលោកវ្ល៉ាឌីមៀ ពូទីន។
រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភារកិច្ចចម្បងនៃជំនួបរបស់លោកជាមួយសមភាគីរុស្ស៊ី សឺជេ ឡាវរ៉ូវ គឺដើម្បីបង្កើតការត្រៀមកិច្ចការនយោបាយចុងក្រោយសំរាបជំនួបទល់មុខផ្ទាល់រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ។
លោកវ៉ាងបាននិយាយថា«ដឹកនាំដោយការមូលមតិរវាងប្រមុខរដ្ឋទាំងពីរ ចិនត្រៀមខ្លួនធ្វើការជាមួយរុស្ស៊ីដើម្បីពង្រឹងមិត្តភាពនិងការសម្របសម្រួលជាយុទ្ធសាស្ត្រពិស្តាររវាងប្រទេសទាំងពីរ ដោយប្រកាន់ខ្ជាប់ភាពត្រឹមត្រូវនិងយុត្តិធម៌អន្តរជាតិ ព្រមទាំងនាំមកផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនិងពិភពលោកទាំងមូល»។
លោកក៏បានអំពាវនាវអោយភាគីទាំងពីរបង្កើតកុងសង់ស៊ីស(ការមូលមតិគ្នា)នៅក្នុងការប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាត ជំរុញការជឿទុកចិត្តនិងយោគយល់គ្នា ពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩កាត់ព្រំដែន ធានាការដោះដូរទស្សនកិច្ចរបស់មន្ត្រីនិងពាណិជ្ជកម្ម ហើយនឹងជំរុញការអភិវឌ្ឈរយៈពេលវែងនិងដោយចីរភាពចេញពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
សំរាប់ភាគីរុស្ស៊ី លោកឡាវរ៉ូវ បាននិយាយថា រុស្ស៊ីវាយតំលៃខ្ពស់កិច្ចខិតខំរបស់ចិនដើម្បីពង្រឹងកិច្ចសហការទ្វេភាគី ហើយរុស្ស៊ីត្រៀមធ្វើការជាមួយចិនដើម្បីកិច្ចសហការធំឡើងរវាងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីយ៉ា(Eurasia)និងគំនិតផ្តួចផ្តើមអំពីខ្សែក្រវាត់និងផ្លូវដើម្បីពង្រីកផលប្រយោជន៍រួម។
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាថានឹងជ្រោងស្មារតីអូឡាំពិក រួមគ្នាច្រានចោលការយកកីឡាធ្វើជារឿងនយោបាយ និងគាំទ្រព្រឹត្តិការណ៍អូឡាំពិចរដូវរងារក្រុងប៉េកាំង។មន្ត្រីការទូតកំពូលនៃប្រទេសទាំងពីរបានបង្ហាញជំហររួមក្នុងការការពារសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងប្រឆាំងការប៉ុនប៉ងណាមួយដើម្បីបង្កើតប្លុកប្រឈមមុខ៕
គណៈប្រតិភូការបរទេសចិននិងរុស្ស៊ីជួបប្រជុំកាលពីថ្ងៃព្រហស្បតិ៍ដើម្បីត្រៀមកិច្ចការនយោបាយចុងក្រោយសំរាប់ជំនួបកំពូលនៅថ្ងៃសុក្ររវាងប្រមុខរដ្ឋចិន-រុស្ស៊ី