ដោយៈ​រិ​ទ្ធិ​សែន​/​ពោធិសាត់​:​នគ​បាល​ស្រុក​វាលវែង​បាន​ឃាត់ខ្លួន​បុរស​ជនដៃដល់​ដែល​កាប់​ទៅលើ​បុរស​ម្នាក់​បណ្តាលឱ្យ​របួសធ្ងន់​។​ជាប់​សង្ស័យ​ត្រូវបាន​បញ្ជូន​បន្តទៅ​ស្នងការ​នគ​បាល​ខេត្តពោធិសាត់​នៅ​ថ្ងៃទី​៤​ខែកុម្ភៈ​។​

​ស្នងការរង​នគ​បាល​ខេត្តពោធិសាត់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ លីដា​បាន​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​យប់​ថ្ងៃទី​៤​ខែកុម្ភៈ​នេះ​ថា នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​អន្លង់​រាបបាន​ទទួលដំណឹង​ពី​ពលរដ្ឋ​ថា​នៅ​យប់​ថ្ងៃទី​៣​ខែកុម្ភៈ​មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​។​ជនដៃដល់​បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​របួសធ្ងន់​នៅ​ចំណុច​អូរ​កង់ឡាន​ដែល​ស្ថិតក្នុង ភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិសាត់​។​អំពើហិង្សា​នេះ​បង្កឡើង​ង​ដោយ​ជនសង្ស័យ ឈ្មោះ អ៊ុយ ផាត អាយុ ៥៧ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។​ជននេះ​បាន​យក​កាប់​កាំបិត ផ្គាក់​កាប់​ទៅលើ​ក្បាល​ឈ្មោះ ផួ​ង សុ​ផុន (​ហៅ​ឡយ​) ភេទ​ប្រុស អាយុ ៥២ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ចំនួន​មួយ​កាំបិត​បណ្តាលឱ្យ​របួសធ្ងន់ ។ ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ដើម្បី​ជួយសង្គ្រោះ​។​

​លោក​បន្តថា​ថា​ក្រោយ​ធ្វើ​សកម្មភាព​រួច​សង្ស័យ​បាន​រត់​គេ​ខ្លួន​ទៅសំងំ​លាក់ខ្លួន​នៅក្នុង​ផ្ទះ​របស់ខ្លួន​ក្បែរ​កន្លែងកើតហេតុ ។​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​១១​យប់​ថ្ងៃ​ដដែល​ហើយ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​បន្ត​មកកាន់​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​វាលវែង ។​

​អធិការនគរបាល​ស្រុក​វាលវែង​លោក​វរសេនីយ៍ឯក ធាង ឡេង បាន​ឲ្យ​ដឹងថា អំពើហិង្សា​នេះ​បណ្ដាលមកពី​ផឹកស៊ី​ហើយ​មានទំនាស់​ពាក្យសម្តី​។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​វាលវែង​កសាង​ឯកសារ​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិសាត់​ចាត់ការ​បន្ត​នៅថ្ងៃនេះ​ហើយ ៕​សរន​