ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញសហព័ន្ធប្រដាល់គុនខ្មែរបានសហការជាមួយក្រុមហ៊ុនCBS ដែលគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ចំនួន៣
គឺCTN-CNC និង MYTVបង្កើតនូវព្រឹត្តិការន៍ប្រដាល់ដណ្ដើមខ្សែក្រវាត់ចំនួន២ប្រភេទទម្ងន់គឺទម្ងន់៥៤គីឡូក្រាមនិង៥៧គីឡូក្រាមដែលការប្រកួតនេះធ្វើនៅលើសង្វៀនរបស់ទូរទស្សន៍ CTN ។

ព្រឹត្តិការណ៍ប្រកួតនេះធ្វើឡើងដោយមានការចុះហត្ថលេខារវាងលោកRajveer Singhដែលជានាយកប្រតិបត្តិក្រុមហ៊ុនCBS ជាមួយលោកឧត្តមសេនីយ៍ឯកមតែម ម៉ឺនដែលជាប្រធានសហព័ន្ធប្រដាល់គុនខ្មែរនាល្ងាចថ្ងៃទី៤កុម្ភៈដោយមានការចូលរួមធ្វើជាសាក្សិពីសំណាក់លោកខៀវ កាញារិទ្ធរដ្ឋមន្រ្តីក្រសួងពត៌មាននិងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និង កីឡា ។

ព្រឹត្តិការណ៍នេះមួយប្រភេទទម្ងន់មានអ្នកប្រដាល់ចំនួន៨នាក់ចូលរួមដោយមួយប្រភេទទម្ងន់ៗចែកជា២ពូលហើយមួយពូលៗមាន៤រូប ។ក្នុងពូលនីមួយៗអ្នកប្រដាល់ម្នាក់ត្រូវប្រកួតចំនួន៣ប្រកួតអ្នកដែលមានពិន្ទុលើសកេចំនួន២រូបនឹងឡើងទៅប្រកួតវគ្គបន្តដោយលេខ១ពូលA ជួបលេខ២ពូល B និងលេខ១ពូល B ជួបជាមួយលេខ២ពូល A ។
អ្នកប្រដាល់ទាំង២ប្រភេទទម្ងន់ដែលចូលរួមប្រកួតនេះចែកចេញជា៨ក្រុមដែលមួយ ក្រុមៗមានកីលាករ២រូបដែលមាន២ប្រភេទទម្ងន់ដែរ ។ក្រុមទី១ដែលដឹកនាំដោយអ្នកប្រដាល់ជើងខ្លាំងរឿង សោភ័ណ្ឌនោះមានឈ្មោះថាក្រុមនាគរាជនារតី ។ក្រុមទី២ដែលដឹកនាំដោយអតីតអ្នកប្រដាល់ជើងខ្លាំងវង្ស ស៊ីថៃហៅចៅបុកល្ហុងនោះមានឈ្មោះថាក្រុមចចកបស្ចឹម ។

ក្រុមទី៣ដែលដឹកនៃដោយអតីតអ្នកប្រដាល់ជើងខ្លាំងឡោ សំណាងមានឈ្មោះថាក្រុមឆ្លាម ឥសាន ។ក្រុមទី៤ដឹកនាំដោយអតីតជើងខ្លាំងផុន ផាន់ណាមានឈ្មោះថាក្រុមទន្សោងទក្សិណ ។ក្រុមទី៥ដែលដឹកនាំដោយអតីតជើងខ្លាំងសរ សីមានឈ្មោះថាក្រុមកញ្ជ្រោងបូព៌ាក្រុមទី៦ដឹកនាំ ដោយអតីតជើងខ្លាំងពេជ្រ អារុណគឺក្រុមខ្លារធំពាយ័ព្យ ។ក្រុមទី៧ដឹកនាំដោយជើងខ្លាំងជ័យ ស៊ីណេតគឺក្រុមឥន្ទ្រីយ៍អគ្នេយ៍និងក្រុមទី៨ដឹកនាំដោយអតីតអ្នកប្រដាល់យុទ្ធគុនចម្រុះឈុត ឈុនលីមានឈ្មោះថាក្រុមខ្យាដំរីឧត្តរ ។

ជើងឯកនឹងបានរង្វាន់ចំនួន៥.០០០ដុល្លារ លេខ២បាន២.៥០០ដុល្លារលេខ៣បា ន១.០០០ដុល្លារ និង លេខ៤បានរង្វាន់លើកទឹកចិត្តចំនួន៥០០ដុល្លារ ។សម្រាប់ក្រុមនីមួយៗត្រូវសន្សំពិន្ទុបើក្រុមណាបានពិន្ទុលើសគេនឹងបានរង្វាន់សម្រាប់ក្រុមចំនួន៥.០០០ដុល្លារក្រៅពីរង្វាន់ជ័យលាភី ។

ការប្រកួតដែលមានរយៈពេល១៨សប្ដាហ៍ស្មោះនឹង៤ខែកន្លះនោះនឹងចាប់ផ្ដើមពីថ្ងៃទី៤មីនារហូតដល់ថ្ងៃទី១កក្កដាឆ្នាំ២០២២នេះតែម្ដង ៕សរន