ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបន្ដកិច្ចសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ ប្រភេទ Pfizer ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាហើយ នៅថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០២២នៅមន្ទីរពេទ្យព្រះកេតុមាលា ។

ដោយមានការយកចិត្តទុកដាក់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រមុខ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ( CAMSOC) ក៏ដូចជាលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងការណែនាំរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC លោក ឈុំ វាសនា បានឲ្យដឹងថា យុទ្ធនាការចាក់ដូសជំរុញនេះ គឺដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ពិសេសក្នុងវិស័យកីឡា ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រមូលផ្ដុំហ្វឹកហាត់ ។

យុទ្ធនាការលើកនេះ មានទាំងការចាក់ដូសទី៤ ផង និងការចាក់ដូសទី៣បែបនេះ ដោយសារមានកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលមួយចំនួន ទើបចាក់បាន ២ដូសប៉ុណ្ណោះ ។ ចំពោះថ្នាក់ដឹកនាំ មន្ដ្រីកីឡាក គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលត្រូវចាក់ដូសទី៤ មានចំនួន ១.៦៤២នាក់ ហើយកីឡាករ-កីឡាការិនីថ្នាល ត្រូវចាក់ដូសទី៣ គឺមានចំនួន ៣៧៥នាក់ ដែលត្រូវចាក់នៅមន្ទីរពេទ្យព្រះកេតុមាលា នៅថ្ងៃទី០៤-០៥ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។

ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលពិសេសសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជាក្រុមកីឡាករ កីឡាការិនី
ជម្រើសជាតិ ត្រូវបានចាត់ទុកជាក្រុមអាទិភាពមួយ ក្នុងការទទួលវ៉ាក់សាំង ចាប់ពីដូសទី១ រហូតដល់ដូសទី៤ ដើម្បីបង្កើនភាពស៊ាំ និងបង្ការការរីករាលដាលជំងឺកូវីដ១៩ក្នុងជម្រំហ្វឹកហាត់របស់ក្រុមជម្រើសជាតិដែលកំពុងបិទខ្ទប់ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីតាំងមានសុវត្ថិភាពមួយចំនួន ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ៕សរន