ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី:មន្ត្រីដែនជម្រកការពារសត្វព្រៃកែវសីមា បានចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងគោលការណ៍ណែនាំផ្សេងៗ នៅសាលាឃុំស្រែឈូក ស្រុកកែវសីមា កាលពីថ្ងៃទី៤កុម្ភៈ ២០២២

លោក ហាន សាខន នាយកដែនជម្រកការពារសត្វព្រៃកែវសីមាបានឲ្យដឹងថា កម្លាំងចម្រុះចុះបង្កា និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ភូមិសាស្ត្រឃុំស្រែឈូក ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា បានស្នើសុំលោកមេឃុំស្រែឈូក ដើម្បីបើកកិច្ចប្រជាផ្សព្វផ្សាយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងគោលការណ៍ណែនាំផ្សេងៗ លើវិធានការណ៍ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ក្នុងអង្គប្រជុំផ្សព្វផ្សាយបានវាយតម្លៃខ្ពស់ លើស្ថានភាពទូទៅ ជាពិសេសកិច្ចសហការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រឃុំស្រែឈូក ក្នុងដែនជម្រកសត្វព្រៃកែវសីមាការអនុវត្តគម្រោងរ៉េដបូក។ការជម្រុញដំណើរការរៀបចំសហគមន៍ តំបន់់ការពារធម្មជាតិ  និងបានសំណូមពរដល់លោក មេឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាល លោកមេភូមិទាំង០៤ភូមិនៃឃុំស្រែឈូក ជួយផ្សព្វផ្សាយបន្តរដល់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ជៀសវាងការចាញ់បោក ជនឆ្លៀតឳកាសដែលបានផ្ដល់ថវិកាក្នុងការគាំទ្រ ឲ្យមានការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដូចជាការចូលព្រៃកាប់ឈើ អារច្រៀក ដឹកជញ្ជូនដោយខុសច្បាប់ ការរុករានទន្រ្ទានដីព្រៃ ការបរបាញ់និងការដាក់អន្ទាក់សត្វ ជាដើម នៅពេលដែលមន្ត្រីជំនាញអនុវត្តច្បាប់ នឹងត្រូវប្រឈមមុខ នឹងការបាត់បង់ទ្រព្យសម្បត្តិ ខាតពេលវេលានិងការជាប់ពន្ធនាគារជាដើម ៕សរន