​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៤​កុម្ភៈ​ថា សហរដ្ឋ​អាម៉េរិក​គួរតែបង្កើត​គោលនយោបាយ​និង​សកម្មភាព​”​គួរឱ្យ​​ទាក់ទាញ​និង​ជាក់ស្តែង​បន្ថែមទៀត​” ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាងជើង​និង​ចៀសវាង​ការវិល​ត្រឡប់​ទៅ​កាន់ “​វដ្ត​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​សាហាវ​” ការ​ថ្កោលទោស​និង​ការដាក់ទណ្ឌកម្ម​ជុំវិញ​​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េ​ខាងជើង​ឡើងវិញ​។​

​លោក ចាង ជុន (Zhang Jun)​បាន​និយាយថា ដំណោះស្រាយ​គឺ​ស្ថិតនៅ​ក្នុង​ការសន្ទនា​ដោយផ្ទាល់ ហើយ​ថា ប្រសិនបើ​រដ្ឋបាលបៃដិ​ន​ចង់​ឃើញ​ការទម្លាយ​ភាពទាល់ច្រក​ណាមួយ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង “​ពួក​គេ​គួរតែ​បង្ហាញ​ភាពស្មោះត្រង់​និង​មាន​ភាពបត់បែន​បន្ថែម​ទៀត​”​។​

​នៅក្នុង​ការកត់សម្គាល់​ដ៏​កម្រ​ទៅកាន់​អ្នកសារព័ត៌មាន​អំពី​ទស្សនៈ​របស់​ទីក្រុង​ប៉េកាំង​លើ​ជម្លោះ​នុយក្លេអ៊ែរ​អាម៉េរិក​-​កូរ៉េខាងជើង ឯកអគ្គរដ្ឋទូត​ចិន​បាន​និយាយថា​”​អ្វី​ដែល​ខ្ញុំ​មើលឃើញ​គឺថា​គន្លឹះ​​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​ស្ថិតនៅ​ក្នុង​ដៃ​របស់​សហរដ្ឋ​អាម៉េរិក​រួចទៅហើយ​”​។​

​នៅពេល​សួរ​ថា​តើ​សហរដ្ឋ​អាម៉េរិក​គួរ​ធ្វើ​អ្វី​ទៀត​ដោយហេតុថា​អាម៉េរិក​បាន​និយាយ​រួចមកហើយ​ថា​ខ្លួន​បាន​ត្រៀម​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​រួចហើយ លោក​ចាង​បាន​ចង្អុល​ទៅ​លើ​កិច្ច​ពិភាក្សា​ផ្ទាល់​​រវាង​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី និង​ហាណូយ​។​

​លោក​បាន​និយាយថា “​យើង​បានឃើញ​ការផ្អាក​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ យើង​បានឃើញ​ការផ្អាក​ការបាញ់​មី​ស៊ី​ល​ផ្លោង​អន្តរ​ទ្វីប​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​។ ចុះ​តើ​អាម៉េរិក​បាន​ធ្វើ​អ្វីខ្លះ​ហើយ​?”​។​

​លោក​ចាង​បាន​និយាយ​ថា​រដ្ឋបាលបៃដិ​ន​គួរតែ​ត្រូវ​បាន​សួរថា​”​តើ​ពួកគេ​អាច​សម្របសម្រួល​ការព្រួយបារម្ភ​របស់​កូរ៉េ​ខាងជើង​តាម​របៀប​ណា​…​ដើម្បី​ធ្វើឱ្យ​ភាព​តានតឹង​ថយចុះ​ហើយ​បន្ទាប់មក​​ដាក់​អ្វីៗ​ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​”៕

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក ចាង ជុន