​ប្រែ​សម្រួលៈ​បំណង​/​ប៉េកាំង​(ST,ស៊ីនហួរ)៖​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​ប៉េកាំង​បាន​រិះគន់​អ្វី​ដែល​ពួកគេ​បាន​និយាយថា​«​ឥទ្ធិពល​អវិជ្ជមានរ​បស់​អាម៉េរិក​»​ទាំង​នៅ​អឺរ៉ុប​និង​អាស៊ី​ប៉ាស៊ីហ្វិក​ក្រោយ​ជំនួប​កាលពី​ថ្ងៃ​​សុក្រ​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន និង​សម​ភាគី​ចិន​លោក ស៊ី ជីន​ភីង​។​

​លោកពូ​ទីន និង លោក​ស៊ី បាន​ជួបគ្នា​នៅមុន​ការបើក​ពិធី​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ដោយ​ប្រទេស​ទាំង​ពីរ​កំពុង​ជួប​ការរិះគន់​និង​ទណ្ឌកម្ម​ខ្លាំង​ឡើង​ពី​រដ្ឋាភិបាល​វ៉ាស៊ីនតោន​។​

​លោកពូ​ទីន និង លោក​ស៊ី បាន​ជួបគ្នា​នៅមុន​ការបើក​ពិធី​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ

​ឯកសារ​មួយ​ដែល​ព្រមព្រៀង​ដោយ​រុស្ស៊ី​និង​ចិន​និង​បញ្ចេញ​ដោយ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ពួកគេ​«​ប្រឆាំង​ការពង្រីក​អង្គការ​ណា​តូ​បន្ថែម​»​និង​អំពាវនាវ​អោយ​ប្លុក​យោធា​ដឹកនាំ​ដោយ​អាម៉េរិក​​បោះបង់​ចោល​មធ្យោបាយ​«​សម័យ​សង្គ្រាមត្រជាក់​»​។​

​កិច្ច​ពិភាក្សា​រវាង​មេដឹកនាំ​រុស្ស៊ី​និង​ចិន​កើតឡើង​នៅពេល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កំពុង​ជាប់​ក្នុង​ការប្រ​ទាញ​ប្រទង់​ការទូត​ជាមួយ​អាម៉េរិក​អំពី​បញ្ហា​អ៊ុ​យក្រែន ដោយ​ខ្លួន​ទាមទារ​កុំអោយ​អង្គការ​ណា​តូ​ពង្រីក​សមាជិកភាព​ឆ្ពោះ​មក​ទិសខាងកើត​។​

​រុស្ស៊ី​បាន​និយាយថា ខ្លួន​ចង់អោយ​ណា​តូ​ធានា​ថា​ខ្លួន​នឹង​មិន​ទទួល​សមាជិក​ថ្មីៗ ជាពិសេស​អ៊ុយ​ក្រែ​ន​និង​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​មិនបង្កើត​មូលដ្ឋាន​យោធា​ថ្មី​នៅ​បណ្តា​អតីត​ប្រទេស​សហភាព​​សូ​វៀត​។​

​ក្នុង​ឯកសារ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​ប៉េកាំង​ក៏​បាន​រិះគន់​«​ផល​អវិជ្ជមាន​របស់​អាម៉េរិក​លើ​សន្តិភាព​និង​ស្ថិរភាព​»​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​វា​បាន​និយាយថា​ប្រទេស​ទាំង​ពីរ​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​​អំពី​សម្ពន្ធភាព​យោធា​អូ​គូស​(AUKUS) ដែល​មាន​អូស្ត្រាលី អង់គ្លេស​និង​អាម៉េរិក​ជា​សមាជិក​។​

​ឯកសារ​បាន​និយាយថា​« រុស្ស៊ី​និង​ចិន​ជឿថា ចំណាត់ការ​ដូច្នេះ​វា​ផ្ទុយ​នឹង​ភារកិច្ច​ធានា​សន្តិសុខ​និង​ការ​អភិ​វ​ឌ្ឈ​ដោយ​ចីរភាព​»​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហើយ​«​បង្កើន​ហានិភ័យ​នៃ​ការចាប់ផ្តើម​ការប្រកួត​​ប្រជែង​សព្វាវុធ​»​ទៅវិញ​។​

​កាលពី​ថ្ងៃ​សុក្រ ប្រទេស​ទាំង​ពីរ​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យុទ្ធសាស្ត្រ រួម​មាន​កិច្ចព្រមព្រៀង​ថាមពល ដោយ​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី Rosneft​និង​ក្រុមហ៊ុន​ប្រេង​ចិន CNPC បាន​ចុះ​ហត្ថ​​លេខា​លើ​កុងត្រា​ផ្គត់ផ្គង់​ប្រេង​១០០​តោន​ដល់​ប្រទេស​ចិន តាមរយៈ​ប្រទេស​អាស៊ី​កណ្តាល​កា​ហ្សាក់​ស្ថានក្នុង​រយៈពេល​១០​ឆ្នាំ​៕

​តាមរយៈ​ចោទ​រុស្ស៊ី​ថា​ប្រុង​ឈ្លានពាន​អ៊ុ​យក្រែន អាម៉េរិក​បញ្ជូន​ទ័ព​មកកាន់​អឺរ៉ុប​ខាងកើត​